ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ស្រី​រៀន​ជំនាញ​ផ្នែក IT មាន​កំណើន​តិចតួច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុខ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន (IT) មានឱកាស​ការងារ​ទូលំទូលាយ​សម្រាប់​​ប្រទេស​កំពុង​អភិវឌ្ឍន៍ ប៉ុន្តែ​និស្សិត​ស្រី​ដែល​ចាប់​យក​ជំនាញ​នេះ​ហាក់​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ ព្រោះ​ការ​រៀន​មុខ​ជំនាញ​នេះ ទាមទារ​ឲ្យ​អ្នក​សិក្សា​មាន​ចំណង់​ចំណូលចិត្ត ចេះ​គណិត​វិទ្យា និង​ភាសា​អង់គ្លេស…

រាជធានី​ភ្នំពេញ ៖ មុខ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន (IT) មានឱកាស​ការងារ​ទូលំទូលាយ​សម្រាប់​​ប្រទេស​កំពុង​អភិវឌ្ឍន៍ ប៉ុន្តែ​និស្សិត​ស្រី​ដែល​ចាប់​យក​ជំនាញ​នេះ​ហាក់​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ ព្រោះ​ការ​រៀន​មុខ​ជំនាញ​នេះ ទាមទារ​ឲ្យ​អ្នក​សិក្សា​មាន​ចំណង់​ចំណូលចិត្ត ចេះ​គណិត​វិទ្យា និង​ភាសា​អង់គ្លេស ខុស​ពីមុខ​ជំនាញ​ផ្សេង​ៗ ។

បើ​តាម​និស្សិត​ស្រី​មក​ពីសា​លា​ពីរ​ផ្សេង​គ្នា​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន មុខ​ជំនាញ IT មាន​ឱកាស​ការងារ​ទូលំទូលាយ ប៉ុន្តែ​មុខ​ជំនាញ​នេះ​វា​ស្មុគស្មាញ ហើយ​ដើម្បី​រៀន​បាន គឺ​ទាមទារ​ឱ្យ​និស្សិត​មាន​ចំណង់​ចំណូលចិត្ត ហើយ​ត្រូវ​ចេះ ភាសា​អង់គ្លេស និង​គណិត​វិទ្យា ជាដើម ។

កញ្ញា ផុ​ន ស្រី​ណុ​ច និស្សិត​ឆ្នាំ​ទី​២ ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ បានឱ្យ​ដឹង​ថា ៖« ខ្ញុំ​ស្រឡាញ់​ជំនាញ​នេះ ដោយសារ​ឱកាស​រក​ការ​ងារ​​វា​ទូលំទូលាយ យើង​អាច​ធ្វើ​ការងារ​នៅ​ក្នុង​ស្ថាប័នរដ្ឋ ឬ​ឯកជន​ក៏​បាន ប្រសិនបើ​យើង​ចង់​ធ្វើ » ។

កញ្ញា​បន្ត​ថា ៖« ដើម្បី​រៀន​ជំនាញ IT នេះ​បាន គឺ​ត្រូវ​មាន​ចំណង់​ចំណូលចិត្ត​, ចេះ​ភាសា​អង់គ្លេស​, គណិត​វិទ្យា​, រូបវិទ្យា និង​គីមីវិទ្យា ហើយ​និស្សិត​ស្រី​ដែល​រៀន​ជំនាញ​នេះ​ក្នុង​ថ្នាក់រៀន​ខ្ញុំ មាន​ប្រហែល​តែ​៦​នាក់​ប៉ុណ្ណោះ ព្រោះ​មុខ​ជំនាញ​នេះ​ពិបាក​រៀន​ដែរ​។ ជាក់​ស្តែង ដូច​រូប​ខ្ញុំ​ជាដើម តែងតែ​ជួប​ឧបសគ្គ​ពេល​សិក្សា​» ។

ចំណែក​និស្សិត​ឆ្នាំ​ទី​៤ ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នៃ​វិទ្យាស្ថាន​ស៊ី​តិក បានឱ្យ​ដឹង​ថា ក្រៅពី​មានឱកាស​ការងារ​ល្អ​ហើយ អ្នករៀន​ជំនាញ​នេះ​ក៏​អាច​បង្កើត​ជា​វែ​ប​សាយ ឬ​កម្មវិធី​គ្រប់គ្រង​នៅ​តាម​សណ្ឋាគារ និង​ហាង​លក់ទំនិញ​បាន ។

កញ្ញា ម៉ៅ មក​រា បានឱ្យ​ដឹង​ថា ៖« មុខ​ជំនាញ​នេះ ក្រៅពី​អាច​គ្រប់គ្រង​ទិន្នន័យ​បាន យើង​​អាច​បង្កើត​វែ​ប​សាយ និង​កម្មវិធី​គ្រប់គ្រង​នៅ​តាម​សណ្ឋាគារ ឬ​ហាង​លក់ទំនិញ​បាន ។ ប៉ុន្តែ​មុខ​ជំនាញ​នេះ ទាមទារ​ឱ្យ​យើង​ចេះ​គណិត​វិទ្យា ព្រោះ​វា​មាន​ភាព​ស្មុគ​ស្មាញ តម្រូវ​ឱ្យ​យើង​គិត​ច្រើន ។ លើស​ពី​នេះ និស្សិត​ត្រូវ​ចេះ​ភាសា​អង់គ្លេស​ឱ្យ​បាន​ច្រើន ព្រោះ​ក្នុង​ឯកសារ​ពាក់ព័ន្ធ​៩០% ជា​ភាសា​អង់គ្លេស » ។

ទន្ទឹម​នឹង​ឱកាស​ទីផ្សារ​ការងារ​ទូលំទូលាយ​សម្រាប់​អ្នករៀន​ជំនាញ IT កញ្ញា​លើក​ឡើង​ថា ៖« បើ​តាម​លោកគ្រូ​បង្រៀន​ខ្ញុំ ធ្លាប់​ប្រាប់​ថា មាន​តែ​ជំនាន់ និង​ក្នុង​ថ្នាក់​ខ្ញុំ​ទេ ដែល​មាន​និស្សិត​ស្រី​ដល់​ទៅ​៤​នាក់ ខុស​ពី​ជំនាន់​មុន​ៗ​មាន​និស្សិត​ស្រី​ម្នាក់ ហើយ​ថ្នាក់​ខ្លះ​អត់​ក៏​មាន​ដែរ​។ លើស​ពី​នេះ យើង​ឃើញ​និស្សិត​ស្រី​ចាប់ផ្តើម​រៀន​ផ្នែក IT នេះ​ច្រើន មិន​ថា​នៅ​សាលា​រដ្ឋ ឬ​ឯកជន​ទេ » ។

នាយករង​វិទ្យាស្ថាន​ស៊ី​តិច ធ្លាប់​គូសបញ្ជាក់​ថា មុខ​ជំនាញ IT កំពុង​មានឱកាស​ទីផ្សារ​ខ្ពស់​ជាង​មុខ​ជំនាញ​ផ្សេង​ៗ​មួយ​ចំនួន ខណៈ​ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍន៍ និង​បច្ចេក​វិទ្យា​រីក​ចម្រើន តម្រូវ​ឱ្យ​ស្ថាប័នរដ្ឋ ឯកជន និង​អង្គការ​នានា ត្រូវការ​ចាំបាច់​នូវ​ធនធាន​មនុស្ស​ចេះ​ជំនាញ​ព័ត៌មានវិទ្យា​នេះ ។

លោក ឡុ​ង ពន្លក មាន​ប្រសាសន៍​ថា ៖«​តាម​យើង​វិភាគ តាំងពី​ចាប់ផ្តើម​បណ្តុះបណ្តាល​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ គិត​ជា​ភាគរយ និស្សិត​ស្រី​រៀន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន គឺ​មាន​កំណើន​តិចតួច បើ​ធៀប​នឹង​និស្សិត​ប្រុស ។ ជាក់ស្តែង ក្នុង​ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​សរុប​១០០​នាក់ គឺ​មាន​និស្សិត​ស្រី​ប្រហែល​១០%, ប្លង់​និង​រចនា ៤៥% និង​ពាណិជ្ជ​កម្ម​ព័ត៌មានវិទ្យា ៥០% » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ