រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃសុក្រ ទី២១ កញ្ញា កន្លងទៅនេះ នៅសាលកីឡា Beeline Arena ជ្រោយចង្វា ស្ថិតនៅក្បែរសាកលវិទ្យាល័យន័រតុនថ្មី មានការប្រកួតក្បាច់គុនថ្មីដែលមានឈ្មោះថា «យុទ្ធគុន-ខម»យ៉ាងកក្រើកមហាជន ក្រោមការប្រកួតរវាងកីឡាករជើងខ្លាំងចំនួន១២រូប។ យុទ្ធគុន-ខមនេះ គឺជាក្បាច់ប្រយុទ្ធដ៏ចំណាស់របស់ខ្មែរ ដែលទើបតែគាស់កកាយជាថ្មី និងចេញបង្ហាញ ជាលើកទី១។
លោកចាន់ ប៊ុនធឿន ព្រឹទ្ធាចារ្យប្រចាំសមាគមយុទ្ធគុន-ខម និងជាគ្រូដឹកនាំការប្រកួតក្បាច់គុននេះ បានប្រាប់ឲ្យដឹងថា យុទ្ធគុន-ខម គឺជាក្បួនពិជ័យសង្រ្គាមតែមួយគត់ដែលព្រះរាជាខ្មែរកាលពីជំនាន់ដើមប្រើជាក្បួនប្រយុទ្ធក្នុងសឹកសង្គ្រាម។ ក្បាច់ប្រយុទ្ធនេះ កើតឡើងក្នុងអំឡុងពុទ្ធសករាជ៧៥១ ត្រូវនឹងគ្រិស្តសករាជ២០៧ក្នុងរជ្ជកាលរបស់ព្រះបាទស្រីមារៈនៃនគរហ្វូណន ដោយស្នាដៃព្រះគ្រូគុនស្វរៈតុរិ ។ យុទ្ធគុន-ខម សរុបមានចំនួន៩.៥៦៣ស្នៀត ដោយចែកចេញជា១៣ទ្វារ ដោយក្នុងមួយទ្វារៗ គឺមានបង្កប់នូវស្នៀតដោយឡែកៗខុសៗពីគ្នា។ ក្បាច់គុននេះ ត្រូវបានចងក្រងជា៤គម្ពីរគឺគម្ពីរអាត្ម័នអាយុទ្ធ(ទ្វារ១ដល់ទ្វារ៨) គម្ពីរហ័នយុទ្ធ(ទ្វារ៩ដល់ទ្វារ១០) គម្ពីរខ័ឌ្គអាយុទ្ធ(ទ្វារ១១ដល់១២) និងគម្ពីរមហារំដោះ(ទ្វារ១៣) ។ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ យុទ្ធគុន-ខម ត្រូវបានព្រះអង្គលើកកម្ពស់ និងប្រើប្រាស់ជាគម្ពីរចម្បាំងដ៏ខ្លាំងក្លា ដោយបានទាំងបើកសាលាបណ្ដុះបណ្ដាល និងបានចារឹកទុកក្បាច់មួយចំនួននៅតាមសិលាចារឹកផង។
មកដល់រជ្ជកាលព្រះបាទអង្គឌួង ទ្រង់បានហៅក្បាច់គុននេះថាក្បួនពិជ័យសង្គ្រាមខមយុទ្ធ ប៉ុន្តែដោយសារស្ថានភាពប្រទេសនាពេលនោះ ចេះតែធ្លាក់ដុនដាបទើបក្បាច់គុននេះត្រូវគេបោះបង់ចោល។ យុទ្ធគុន-ខម ទើបតែគាស់កកាយ និងចងក្រងឡើងវិញកាលពីប៉ុន្មានឆ្នាំមុនប៉ុណ្ណោះ ដោយបានបង្កើតជាសមាគមកាលពីពាក់កណ្ដាលឆ្នាំ២០១១ ។ មកទល់ពេលនេះ សមាគមមានសិស្សគុនប្រមាណជា១០០នាក់ ដោយក្នុងនោះ ក៏បានបញ្ជូនកីឡាករបីរូបឲ្យទៅបង្ហាញស្នៀតយុទ្ធគុន-ខមនៅប្រទេសបារាំងបានម្ដងដែរ កាលពីខែកុម្ភៈ ឆ្នាំ២០១១ ។ ក្បាច់យុទ្ធគុន-ខមនេះ ជាមេក្បាច់គុនតាំងពីជំនាន់ដើមរបស់ខ្មែរ ដែលក្បាច់គុនប្រដាល់ និងក្បាច់គុនល្បុក្កតោក៏ជាផ្នែកមួយរបស់យុទ្ធគុន-ខមផងដែរ។
ចំពោះគោលបំណងនៃការបើកប្រយុទ្ធយុទ្ធគុន-ខម កាលពីថ្ងៃទី២១ កញ្ញានោះ លោកចាន់ ប៊ុនធឿន អះអាងថា គឺដើម្បីបង្ហាញមហាជនឲ្យដឹងថា ក្រៅពីក្បាច់ប្រដាល់ និងក្បាច់ល្បុក្កតោ កម្ពុជាក៏មានក្បាច់គុនមួយប្រភេទទៀតគឺ យុទ្ធគុន-ខម ។យោងតាមឯកសារប្រវត្តិសាស្រ្ត ក្រៅពីស្នៀតដៃ ជើង កែង និងជង្គង់ ដែលមើលទៅឃើញអស្ចារ្យជាងក្បាច់ប្រដាល់បុរាណខ្មែរ កីឡាថ្មីនេះក៏មានស្នៀតប្រើដាវភ្លោះ ប្រើលំពែង និងអាវុធផ្សេងទៀត ដែលកងទ័ពខ្មែរប្រើក្នុងសឹកសង្គ្រាមនាសម័យដើម ។ អញ្ចឹងហើយ ទើបមុនបើកឆាកប្រកួតនាឱកាសនោះ គឺមានការប្រយុទ្ធដោយប្រើដាវភ្លោះពីកីឡាករជើងខ្លាំងពីររូបនៅលើសង្វៀន ។
ចំពោះលទ្ធផលប្រកួតកីឡាយុទ្ធគុន-ខម នារាត្រីនោះ គឺកីឡាករលី ហួរ មកពីសំណាក់គុន កុមារទេពមានប្ញទ្ធិសែនជ័យ ខេត្តកំពង់ឆ្នាំង ត្រូវសន្លប់ក្នុងទឹកទី២ ក្រោមដៃកីឡាករកែវ សាខន មកពីសំណាក់គុនអក្ខបាដយុទ្ធគុន-ខម។ កីឡាករឌឿ ប៊ុនធា មកពីសំណាក់គុនខេមរៈខ្លាហោះខ្មៅប្ញស្សីកែវ ត្រូវសន្លប់ក្នុងទឹកទី២ ក្រោមដៃកីឡាករប្រាក់ វណ្ណទី មកពីសំណាក់គុន កុមារទេពមានប្ញទ្ធិសែនជ័យ ខេត្តកំពង់ឆ្នាំង។ កីឡាករចាន់ សុភ័ណ មកពីសំណាក់គុនខេមរៈខ្លាហោះ ខេត្តបាត់ដំបង សន្លប់ក្នុងទឹកទី៣ ក្រោមដៃកីឡាករទ្រី គន្ធា មកពីសំណាក់គុន នគរមានប្ញទ្ធិ ខេត្តសៀមរាប ។
កីឡាករសេង សុខចាន់ មកពីសំណាក់គុនខេមរៈខ្លាហោះ ខេត្តពោធិ៍សាត់ បានផ្ដួលកីឡាករសែម ស៊ីណេង មកពីសំណាក់គុនបូសបំបែក ខេត្តកំពត ឲ្យសន្លប់ក្នុងទឹកទី១។ កីឡាករណៃ ណន មកពីក្លិបសំណាក់គុនខេមរៈខ្លាហោះ ខេត្តព្រៃវែង បានឈ្នះពិន្ទុកីឡាករអ៊ុំ បូរទីណ្ណា មកពីសំណាក់គុន សំបូរមានជ័យ ប្រចាំខេត្តកំពង់ស្ពឺ ខណៈដែលគូជក់ចិត្តចុងក្រោយគឺកីឡាករចាន់ រតនា មកពីសំណាក់គុនខេមរៈខ្លាហោះ ខេត្តបាត់ដំបង បានឈ្នះពិន្ទុកីឡាករលុយ វិប៊ិច មកពីសំណាក់គុន នគរមានជ័យ ខេត្តសៀមរាប។ ការប្រកួតនេះ មានចំនួន៣ទឹក សម្រាប់គូនីមួយៗ ដោយក្នុងមួយទឹកគឺមានតែ៣នាទីប៉ុណ្ណោះ។
តាមរយៈការប្រកួតដែលបានធ្វើឡើងនៅសាលកីឡា Beeline Arena ក្រោមការរៀបចំរបស់ក្រុមហ៊ុន Banzai នោះ មានការប្រយុទ្ធស្វិតស្វាញល្អមើលជាងការប្រកួតកីឡាប្រដាល់ទៅទៀត ដោយគូប្រកួតខ្លះត្រូវឃើញសន្លប់ស្ដូកស្ដឹងលើរេញតែម្ដង ក្រោយភ្លាត់ត្រូវកណ្ដាប់ដៃ កែង និងមួយជើងៗចំកញ្ចឹងកពីសំណាក់គូប្រកួត ។ អញ្ចឹងហើយ ទើបការប្រកួតនោះគេច្រើនឃើញអ្នកចាញ់ត្រូវបែកឈាម និងសន្លប់ស្ដូកៗតែម្ដង ជាមួយនឹងក្បាច់គុនយុទ្ធគុន-ខមនេះ ។
លោកចាន់ ប៊ុនធឿន បញ្ជាក់ថា បច្ចុប្បន្នកីឡាយុទ្ធគុន-ខម ស្ថិតក្រោមសហព័ន្ធប្រដាល់ ប៉ុន្តែលោកបានស្នើសុំសិទ្ធិបង្កើតជាសហព័ន្ធមួយដាច់ដោយឡែករួចរាល់ហើយ ដើម្បីឲ្យមានការរីកចម្រើនដូចក្បាច់គុនល្បុក្កតោ។ សមាគមលោកគ្រោងរៀបចំការប្រកួតនេះម្ដងទៀត នៅ ពាក់កណ្ដាលខែតុលា បន្ទាប់ពីក្រុមហ៊ុន Banzai ដែលជាភ្នាក់ងារទទួលរៀបចំព្រឹត្តិការណ៍កីឡាធំៗនៅកម្ពុជា និង Beeline Arena យល់ព្រមចាត់ចែងឲ្យមានការប្រកួតនេះជាលើកទី២ ៕
ចែករំលែកព័តមាននេះ