រាជធានីភ្នំពេញ ៖ ជំនួបលើកទី១កាលពីរាត្រីថ្ងៃទី១៦ កញ្ញា នៅសង្វៀនកោះពេជ្ររបស់ទូរទស្សន៍បាយ័នព័ត៌មានចាត់ទុកថា ជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុតដែលកីឡាករឈឿន ឆៃដែន មកពីក្លិបនិរោធមានជ័យ ប្រកួតឈ្នះភិរម្យ ភក្តី មកពីក្លិបរកាខ្នុរគុនខ្មែរ ដែលមានក្បាច់ប្រដាល់ល្អ និងប្លែករហូតធ្វើឱ្យអ្នកទស្សនានៅជុំវិញសង្វៀនផ្ទាល់ជក់ចិត្ត និងកន្ត្រាក់អារម្មណ៍មិនតិចទេ ដែលកីឡាករឈឿន ឆៃដែន ស្រាប់តែសុខៗលេចធ្លោជាមួយនឹងស្នៀតវាយប្រហារកាចៗយ៉ាងព្រឺព្រួច ។
យោងតាមការវិភាគរបស់អ្នកស្នេហាកីឡាប្រដាល់បាននាំគ្នាលើកឡើងពីបច្ចេកទេសរបស់កីឡាករទាំងពីរ ពិសេសអ្នកលម្អៀងមកខាងកីឡាករភិរម្យ ភក្តី នោះនិយាយថា កីឡាករភិរម្យ ភក្តី ច្បាស់ជាឈ្នះ ឈឿន ឆៃដែន ដោយសំអាងលើបទពិសោធន៍ប្រឡូកមុនគូប្រកួតរបស់ខ្លួន ។ លើសពីនេះ ភិរម្យ ភក្តី គឺមិនដែលមានការធ្វេសប្រហែសដោយការមើលស្រាលគូប្រកួតម្តងណាទេ ទោះគូប្រកួតបែបលក្ខណៈមិត្តភាពក៏ដោយ ក៏អ្នកប្រដាល់រូបនេះប្រឹងហាត់រៀនបង្កើនវិជ្ជាគុនជានិច្ច ដើម្បីកុំឱ្យខូចឈ្មោះ ។
កីឡាករឈឿន ឆៃដែន បានចាប់ផ្តើមវាយសន្ធាប់លើកីឡាករភិរម្យ ភក្តី មិនដកដៃដូចទឹកបាក់ទំនប់ ហើយម្តងៗធ្វើឱ្យភិរម្យ ភក្តី បាត់ជំហរស្ទើរទប់មិនជាប់នៅក្នុងទឹកទី២ ។ កាន់តែពិសេសថែមទៀតនោះ គឺពីរទឹកចុងក្រោយសិស្សប្អូនឆៃដែន កាន់តែបន្ថែមល្បឿនវាយលុកខ្លាំងឡើង ពិសេសក្បាច់ទាត់បំបាក់ជើងធ្វើឱ្យភិរម្យ ភក្តី ដួលជាញឹកញាប់ រហូតទទួលជ័យជម្នះនានាទីចុងក្រោយក្រោមសំឡេងហ៊ោកញ្ជ្រៀវអបអរសាទរពីសំណាក់មហាជន ។ កីឡាករ ឈឿន ឆៃដែន បានបញ្ជាក់ប្រាប់កោះសន្តិភាពឱ្យដឹងក្រោយឈ្នះកីឡាករភិរម្យ ភក្តី ថា រឿងសប្បាយចិត្តលោកពិតជាមានមិនអត់ទេ តែរឿងដែលលោកភ័យមុនពេលប្រកួតជិតចាប់ផ្តើមនោះគឺ មិនធម្មតាទេដោយសារតែមានបញ្ហាខាងសុខភាពមិនទាន់ជាសះស្បើយ១០០% ។
កីឡាកររូបនេះអះអាងថា «ខ្ញុំអាក់ខានឡើងរេញអស់រយៈពេលជិតពីរខែ ដោយសារតែរបួសដៃដោយចៃដន្យពេលកំពុងហ្វឹកហាត់ជាមួយមិត្តរួមក្រុមប្រចាំក្លិប ធ្វើឱ្យលោកត្រូវសម្រាកព្យាបាលមួយរយៈទំរាំអាចល្អវិញបាន ។ អីុចឹងហើយទើបពេលបើកឆាកប្រយុទ្ធលើកដំបូងនេះលោកពិតជាញ័រជើងមិនតិចទេ ខ្លាចក្រែងគេវាយចំកន្លែងរបួសច្បាស់ជាត្រូវព្យាបាលយូរជាងមុនមិនខាន ។ ប៉ុន្តែដោយសារតែការយកចិត្តទុកដាក់ក្នុងការប្រកួត ទើបលោកអាចយកឈ្នះគូប្រកួតជាទីពេញចិត្តណាស់ក្នុងជំនួបលើកទីមួយនេះរហូតមិននឹកស្មានថា អាចធ្វើបានប៉ុណ្ណឹងផង ។
រីឯលទ្ធផលគូប្រកួតផ្សេងទៀតកីឡាករ ឯម វណ្ណៈ មកពីក្លិបគ្រុឌមានជ័យ ឈ្នះកីឡាករគុជ វិរិន្ទ មកពីក្លិបមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា។ កីឡាករចាន់ សីហា មកពីក្លិបខេមរៈខ្លាហោះ បានផ្តួលគូប្រកួតសន សាវុធ មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ឱ្យសន្លប់ក្នុងទឹកទី២ ។ កីឡាករនូវ សីុថា មកពីក្លិបរាជសីហ៍បង្ក្រាបគ្រឿងញៀន ខេត្តរតនគិរី ផ្តួលកីឡាករវ៉ាន់ មករា មកពីក្លិបដែនសមុទ្រមានប្ញទ្ធិឱ្យសន្លប់ក្នុងទឹកទី៤ ។ កីឡាកររិន មុន្នី មកពីក្លិបកងទ័ពជើងគោក ឈ្នះកីឡាករឆាយ មាស មកពីក្លិបតេជៈរាជសីហ៍បង្ក្រាបគ្រឿងញៀនខេត្តក្រចេះ និងគូចុងក្រោយកីឡាករទូច ស័ក្ត មកពីក្លិបរស្មីកុមារកំព្រា ឈ្នះកីឡាករ ឌួង សុវណ្ណឌឿន មកពីក្លិបមោងប្ញស្សីមរតកគុនខ្មែរ ៕
ចែករំលែកព័តមាននេះ