រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ណាហ្គាខប បានបញ្ជូនគ្រូបង្វឹក២រូប និងកីឡាករ២រូបទៀត ឱ្យទៅប្រទេសថៃដកស្រង់បទពិសោធន៍ថ្មីៗជាមួយក្លិបល្បីនៅទីនោះបន្ថែមទៀត ក្នុងព្រឹត្តិការណ៍ Thai Premier League ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ កញ្ញា ។
តាមការឱ្យដឹងពីមន្ត្រីបាល់ទាត់របស់ក្រុមណាហ្គាខបថា គ្រូបង្វឹក២រូបដែលត្រូវចេញទៅស្វែងរកបទពិសោធន៍ពីក្រុមបាល់ទាត់ល្បីនៅថៃនោះគឺ លោកគ្រូបង្គោលប្រាក់ សុវណ្ណារ៉ា និងជំនួយការលោកលឹម នួន ។ រីឯកីឡាករដែលត្រូវអមដំណើរទៅជាមួយនោះមាន កីឡាករខ្សែប្រយុទ្ធកូប អីសា និងខ្សែបម្រើប្រាក់ ចាន់រតនា ដែលទើបមានអាយុ១៩ឆ្នាំដូចគ្នា ។
ក្នុងចំណោមកីឡាករទាំងពីររូប ដែលធ្វើដំណើរទៅប្រទេសថៃនេះ ពួកគេមិនបាននៅហ្វឹកហាត់រួមគ្នានោះទេ គឺ ម្នាក់ត្រូវទៅហ្វឹកហាត់នៅក្លិប Bangkok Glass និងម្នាក់ទៀតហ្វឹកហាត់នៅក្លិប BEC Tero Sasana រីឯគ្រូបង្វឹកទាំងពីររូបត្រូវទៅមើលការហ្វឹកហាត់ចល័តនៅក្នុងក្លិបទាំងពីរ ។ កីឡាករ និងគ្រូបង្វឹកទាំង៤រូប នឹងត្រូវផ្តល់ឱកាសឱ្យទៅចូលរួមទស្សនាការប្រកួតរវាងក្រុម BEC Tero Sasana និងក្រុម Buriram United នៅថ្ងៃទី១៩ កញ្ញា និងបន្តទៅទស្សនាការប្រកួតរវាងក្រុម Thai Port និងក្រុម Tero Sasana នៅថ្ងៃទី២០ កញ្ញា ។ ដោយឡែកនៅថ្ងៃទី ២១-២២ និង២៣ កញ្ញា ទាំងគ្រូបង្វឹក និងកីឡាករ នឹងទៅចូលរួមហ្វឹកហាត់ជាមួយក្រុម Bangkok Glass ហើយក៏មានកម្មវិធីជាច្រើនទៀតដូចជា ការធ្វើដំណើរទស្សនកិច្ចទៅតំបន់ផ្សេងៗជាច្រើនទៀត។
កីឡាករកូប អីសា បានឱ្យដឹងនៅមុនពេលចេញដំណើរថា នេះជាឱកាសមួយដ៏កម្របំផុត ដែលយើងអាចស្វែងរកបទពិសោធន៍ថ្មីៗពីក្រុមកីឡាល្បីនៅប្រទេសថៃ ដើម្បីយកមកលេងនៅស្រុកខ្មែរ ។ លោកប្រាក់ សុវណ្ណារ៉ា និងលោកលឹម នួន បាននិយាយថា វាគឺជាការល្អបំផុតដែលយើងអាចទទួលយកបច្ចេកទេសប្រកួតថ្មីៗពីប្រទេសថៃ ព្រោះថាកម្រិតនៃការលេងបាល់ទាត់របស់គេមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ាន និងអាសីុ ។
លោក Yeo Wee Han ប្រធានផ្នែកគ្រប់គ្រងទីផ្សារកីឡាករបានឱ្យដឹងថា ក្លិប Bangkok Glass និងក្លិប BEC Tero Sasana គឺជាក្លិបលំដាប់ថ្នាក់កំពូលរបស់ថៃ ដូច្នេះទាំងកីឡាករ និងគ្រូបង្វឹករបស់យើងនឹងទទួលបានបទពិសោធន៍ល្អបន្ថែមទៀតមិនខានឡើយ ៕
ចែករំលែកព័តមាននេះ