រាជធានីភ្នំពេញ ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានធ្វើសន្និសីទមួយស្តីពី «ទស្សនៈចម្រុះនៃកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា» ក្រោមអធិបតីភាពលោកក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក លោកស៊ុយ ម៉ុងលាង អគ្គលេខាធិការនៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក Hady Riad ទីប្រឹក្សាអមស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Tom Barther Hansen ប្រធានតំណាងស្ថានទូត នៃព្រះរាជាណាចក្រដាណឺម៉ាក លោក David Scherffer អ្នកជំនាញការពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសាលាក្តីខ្មែរក្រហម លោកជំទាវ Helen Jarvis ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោកធន សារាយ ប្រធានអង្គការ CHRAC និងជាប្រធានអង្គការ ADHOC ព្រមទាំងមានការចូលរួមពីលោក លោកស្រី ចៅក្រមជាតិ អន្តរជាតិជាច្រើន ។
សន្និសីទមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៤ កញ្ញា ២០១២ នៅសណ្ឋាគារ Raffles Hotel le Royal រាជធានីភ្នំពេញ ក្នុងគោលបំណងប្រាប់សមិទ្ធផលដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាសម្រេចបាននាពេលកន្លងមក គឺគិតចាប់ពីសាលាក្តីខ្មែរក្រហមចាប់ផ្តើមដំណើរការរបស់ខ្លួននៅឆ្នាំ២០០៦ ។
លោកក្រាញ់ តូនី បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលបានស្នើសុំអង្គការសហប្រជាជាតិឱ្យជួយនាំមកនូវការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសាហាវយង់ឃ្នងដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជាចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយ។ អង្គការសហប្រជាជាតិបានឆ្លើយតបជាវិជ្ជមានចំពោះសំណើនេះ និងបានចាប់ផ្តើមដំណើរការដែលនាំឱ្យយើងជួបជុំគ្នានាថ្ងៃនេះ ។ នេះគឺជាដំណើរការដែលបានបង្កើតឱ្យមានមូលដ្ឋានថ្មីនៅក្នុងក្របខណ្ឌយុត្តិធម៌អន្តរជាតិដែលមានសារប្រយោជន៍យ៉ាងខ្លាំងដល់យើងគ្រប់គ្នា ។
លោកបន្តថា អ.វ.ត.ក បានចាប់ផ្តើមដំណើរការរបស់ខ្លួននៅដើមឆ្នាំ២០០៦ ហើយនៅក្នុងឆ្នាំដំបូង អ.វ.ត.ក បានផ្តោតសំខាន់ទៅលើបញ្ហានានាទាក់ទងនឹងប្រតិបត្តិការ និងនីតិវិធីមុនពេលចាប់ផ្តើមសវនាការសំណុំរឿងទី១ នៅពាក់កណ្តាលឆ្នាំ២០០៧ ។ បេសកកម្មរបស់ អ.វ.ត.ក មិនមែនត្រឹមតែស្វែងរកការពិត និងយុត្តិធម៌សម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហមតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌កម្ពុជា ហើយផ្តល់កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់ជនរងគ្រោះ និងការបិទទំព័រខ្មៅងងឹតនៃប្រវត្តិសាស្ត្រកម្ពុជា ដើម្បីឈានដល់ការអភិវឌ្ឍសង្គមកម្ពុជាទាំងមូលថែមទៀតផង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ