រាជធានីភ្នំពេញ ៖ សំណុំរឿងលោកម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំអេហ្វអឹម១០៥ មេហ្គាហឺត និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ព្រមទាំងបក្សពួកចំនួន៩នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងករណីបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ បានត្រូវសាលាដំបូងរាជធានីភ្នំពេញ ជម្រះបញ្ចប់នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ១៤ កញ្ញា ២០១២ នេះហើយ បន្ទាប់ពីបានសួរដេញដោលយ៉ាងក្តៅគគុកអស់រយៈពេល៤ថ្ងៃរួចមក ហើយសាលក្រមផ្តន្ទាទោសយ៉ាងណាៗនោះលើកទៅប្រកាសនៅថ្ងៃទី១ តុលា ខាងមុខ ។
គេសង្កេតឃើញមានលោកស្រី ចាំង ស៊ីណាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោកលឹម មករន្ទ លោកលាង សំណាត់ ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ ព្រមទាំងលោកមាស ច័ន្ទពិសិដ្ឋ ជាតំណាងអយ្យការ និងមេធាវីការពារជនជាប់ចោទទាំងអស់ ព្រមទាំងមានការចូលរួមពីសំណាក់ស្ថានទូតជប៉ុន ស្ថានទូតអង់គ្លេស អង្គការសង្គមស៊ីវិល អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ ហើយក្នុងនោះក៏មានជនរងគ្រោះចំនួន៤នាក់ និងសាក្សីមួយចំនួនទៀត។
សំណុំរឿងនេះមានជនជាប់ចោទចំនួន១០នាក់ក្នុងនោះមានជនចាប់ចោទ៤នាក់ ជាប់ឃុំនៅពន្ធនាគារព្រៃ.ស និង៦នាក់ទៀតនៅក្រៅឃុំ ។ជនជាប់ចោទដែលឃុំខ្លួនមាន ១-លោកម៉ម សូណង់ដូ អាយុ៧១ឆ្នាំ ២-ឈ្មោះកាន់ សុវណ្ណ ភេទប្រុស អាយុ៥៤ឆ្នាំ ៣-ឈ្មោះទូច រៀម ភេទប្រុស អាយុ៣៣ឆ្នាំ និង៤-ឈ្មោះភន ស្រឿន ភេទប្រុស អាយុ៣២ឆ្នាំ ។ ចំណែកជនជាប់ចោទ៦នាក់ទៀតមាន ១-ឈ្មោះហង្ស ផល ភេទប្រុស អាយុ៤៨ឆ្នាំ២-ឈ្មោះហេង គឿន ភេទប្រុស អាយុ៣១ឆ្នាំ ៣-ឈ្មោះម៉ៅ វាសនា ភេទប្រុស អាយុ៣២ឆ្នាំ ៤-ឈ្មោះផាត់ សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ ៥-ឈ្មោះម៉ា ឆាង ភេទប្រុស អាយុ៤៧ឆ្នាំ និង៦-ឈ្មោះគង់ វណ្ណៈ ភេទប្រុស អាយុ៥៣ឆ្នាំ ។
ជនជាប់ចោទ១០នាក់ត្រូវជាប់ចោទពីបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស, សម្លុតគំរាម, កុបកម្ម, ជ្រៀតជ្រែតដោយខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត, ឆបោក, ប្រើប្រាស់លិខិត ឬឯកសារដែលបង្កើតឱ្យមានការភ័ន្តច្រឡំ និងញុះញង់ឱ្យប្រជាពលរដ្ឋកាន់កាប់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ។ ចំណែកលោកម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ពីបទផ្តើមគំនិតក្នុងការចោទប្រកាន់ទាំងអស់ខាងលើនេះ ។
គួររំលឹកថា សវនាការលើសំណុំរឿងប៉ុនប៉ងបង្កើតតំបន់អបគមន៍របស់លោកម៉ម សូណង់ដូ បានចាប់ផ្តើមតាំងពីព្រឹកថ្ងៃទី១១ កញ្ញា ២០១២ កន្លងមក ដោយមានការចោទសួរយ៉ាងក្តៅគគុក ខណៈអ្នកគាំទ្រលោកម៉ម សូណង់ដូ រាប់រយនាក់ឈរកាន់បដាត្រៀបត្រានៅមុខសាលាដំបូង។ ជាមួយការបើកសវនការនេះដែរ មានសមត្ថកិច្ចច្រើនរយនាក់ បានពង្រាយកម្លាំងឃ្លំាមើល និងការពារសុវត្ថិភាពនៅជុំវិញបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្រែងមានអំពើហិង្សាណាមួយកើតឡើង ហើយក៏មានការបិទកំណាត់ផ្លូវព្រះមុនីរ៉េតចាប់ពីភ្លើងសតុបនាងគង្ហីងរហូតដល់ភ្លើងស្តុបអាងទឹកអូឡាំពិកផងដែរ ។
ក្នុងវ័យ៧១ឆ្នាំ លោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១៥ កក្កដា ២០១២ ក្រោមបទចោទប្រកាន់៤ករណី ពាក់ព័ន្ធនឹងការនៅពីក្រោយហេតុការណ៍ដែលរដ្ឋាភិបាលបានចោទប្រកាន់ក្រុមអ្នកភូមិ ដែលជាសាខាសមាគមអ្នកប្រជាធិបតេយ្យនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះថា បានចាប់ដីខុសច្បាប់ និងបង្កើតតំបន់អបគមន៍។ ក៏ប៉ុន្តែលោកម៉មសូណង់ដូ និងសាខាប្រធានសមាគមអ្នកប្រជាធិបតេយ្យ នៅខេត្តក្រចេះឈ្មោះប៊ុន រដ្ឋា ដែលជាប់ចោទ និងបានរត់គេចខ្លួន បានបដិសេធរាល់ការចោទប្រកាន់ទំាងនោះ ។
លោកមេធាវីសុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីការពារក្តី លោកម៉ម សូណង់ដូ ធ្លាប់បានមានប្រសាសន៍ថា កូនក្តីរបស់លោកនឹងត្រូវបានដោះលែង ពីព្រោះរឿងនេះ មិនមានភស្តុតាងចោទប្រកាន់អីទេ ដោយគ្រាន់តែមានមនុស្សឆ្លើយដាក់លោកម៉មសូណង់ដូ ហើយតុលាការចេះតែចោទតែប៉ុណ្ណោះ ។ ចំណុចនេះ ដូចជាជ្រុលហួសក្នុងការចោទប្រកាន់នោះ វាដូចជាអត់មានភស្តុតាងអីសោះ ។ គ្រាន់តែមនុស្សឆ្លើយដាក់ឮគេថាប៉ុណ្ណោះ ។ ប៉ុន្តែលោកមេធាវី សុក សំអឿន បានបញ្ជាក់ដែរថា បើសិនជាចៅក្រមសម្រេចផ្តន្ទាទោសតាមបទចោទប្រកាន់ក្នុង៤ករណី ក្នុងនោះមានបទបង្កើតតំបន់អបគមន៍មែននោះ គឺលោកម៉ម សូណង់ដូ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារសរុបដល់ទៅ ៣០ឆ្នាំ ។ យ៉ាងណាក៏ដោយលោកមេធាវីការពារក្តីឲ្យលោកម៉ម សូណង់ដូ បានអះអាងថា លោកបានត្រៀមខ្លួននិងឯកសាររួចរាល់ហើយ ក្នុងនោះក៏មានមនុស្ស៥នាក់ទៀត ដែលនឹងធ្វើសាក្សីឲ្យលោកម៉ម សូណង់ដូ នៅក្នុងសវនាការថ្ងៃទី១១ កញ្ញា ២០១២ ។ ដោយឡែកប្រភពពីសមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូ នោះវិញបានឲ្យដឹងដែរថា នៅថ្ងៃសវនាការនោះ មានប្រជាពលរដ្ឋ និងសមាជិកសមាគមជាច្រើននាក់មកពីតាមបណ្តាខេត្តនានាចូលរួមស្តាប់សវនាការផងដែរ ។
គួរបញ្ជាក់ដែរថា លោកម៉ម សូណង់ដូ ធ្លាប់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាប់ដាក់ពន្ធនាគារចំនួនពីរលើករួចមកហើយ ។ ដែលលើកទី១-ទាក់ទងនឹងកុបកម្មប្រឆាំងថៃឈានដល់ការដុតស្ថានទូតថៃ កាលពីដើមឆ្នាំ២០០៣ និងទី២-ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះ សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម កាលពីចុងឆ្នាំ២០០៥កន្លងមក ៕
ចែករំលែកព័តមាននេះ