រាជធានីភ្នំពេញ ៖ មន្ត្រីយោធាឋានៈអនុសេនីយ៍ឯកម្នាក់នៅអង្គភាពនាយកដ្ឋានស្រាវជ្រាវចារកិច្ចផ្នែកគ្រប់គ្រងអាវុធជាតិផ្ទុះនៃអគ្គបញ្ជាការដកកាំភ្លើងខ្លីម៉ាក K54 បាញ់គំរាមចំនួន១គ្រាប់ក្នុងជម្លោះផឹកស៊ីនៃក្រុមក្មេងស្ទាវ២ក្រុមនៅហាងមួយកន្លែងតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២ កញ្ញា ២០១២ ត្រូវបានប៉ូលិសឃាត់ខ្លួននៅនឹងកន្លែងកើតហេតុ តែដោយជនបង្កជាទាហានក៏ត្រូវប្រគល់ឱ្យកងរាជអាវុធហត្ថខណ្ឌសែនសុខ ដល់បន្ទាយតែម្តង ។ប៉ុន្តែគ្រាន់តែប៉ូលិសចេញមិនទាន់ផុតផង ជនបង្កត្រូវបានកងរាជអាវុធហត្ថដោះលែងឱ្យទៅផ្ទះយ៉ាងរំភើយទាំងយប់ទៅវិញ ។
លោកគិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ បានមានប្រតិកម្មឆ្លើយបដិសេធដាច់អហង្ការថា លោកពុំបានដោះលែងទាហានជាជនបង្កនោះទេ គឺប៉ូលិសទេ ជាអ្នកដោះលែង។ លោកបន្តថា បើប៉ូលិសចោទថា កងរាជអាវុធហត្ថដោះលែងទាហានរូបនោះសូមឱ្យបង្ហាញភស្តុតាង ។
ជុំវិញការចោទប្រកាន់គ្នាទៅវិញទៅមកលោកកែវ សុធន មេប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ដែលបានចុះទៅអន្តរាគមន៍ ឃាត់ខ្លួនទាហាន និងក្រុមក្មេងស្ទាវចំនួន៤នាក់ផងនោះបានបំភ្លឺប្រាប់កោះសន្តិភាពថា ក្រោយពីឃាត់ខ្លួនទាហានឈ្មោះទា លាង ភេទប្រុស អាយុ៤២ឆ្នាំ មានឋានៈអនុសេនីយ៍ឯក បម្រើការនៅក្នុងអង្គភាពនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃអគ្គបញ្ជាការ និងជាកូនប្រសាចៅសង្កាត់ភ្នំពេញថ្មី ហើយធ្វើកំណត់ហេតុសួរនាំរួចលោកអធិការប៉ូលិសខណ្ឌសែនសុខ បានបញ្ជាឱ្យលោកហៅកងរាជអាវុធហត្ថមកទទួលនាយទាហាននេះទៅចាត់ការបន្ត ព្រោះជាទាហាន ប៉ូលិសមិនអាចចាត់ការបានទេ លុះដឹកទៅដឹកមក ស្រាប់តែបាត់នាយទាហានរូបនោះតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ