ក្រុងប៉ោយប៉ែត ៖ សមត្ថកិច្ចចម្រុះមួយក្រុមមកពីមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយកម្លាំងរបស់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត បានចុះបង្ក្រាបទីតាំងមុខសញ្ញាចែកចាយគ្រឿងញៀនមួយកន្លែងនៅរសៀលថ្ងៃទី១៣ កញ្ញា ២០១២ នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត។
ជាមួយនឹងការចុះបង្ក្រាបទីតាំងសង្ស័យនេះកម្លាំងចម្រុះរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក (ម្សៅពណ៌ស) ចំនួន៥កញ្ចប់ ទម្ងន់ប្រហែលកន្លះគីឡូក្រាម និងបានឃាត់ខ្លួនមនុស្ស២នាក់ ជាឪពុកនឹងកូនរួមមាន ១-ឈ្មោះនួន សារ៉េត ភេទប្រុស អាយុ៥០ឆ្នាំ (ជាឪពុក) ២-ឈ្មោះផួង វាសនា ភេទប្រុស អាយុ២២ឆ្នាំ ជាកូន ។ ពេលនោះលោកស្រីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក៏ចូលរួមឆែកឆេរទីតាំងកើតហេតុជាមួយសមត្ថកិច្ចផងដែរ។ ប្រភពប្រាប់ឱ្យដឹងថា ជនសង្ស័យជាឪពុកកន្លងមកធ្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្តងដែរ ករណីជួសជុលអាវុធព្រោះជននេះជាអ្នកជួសជុលអាវុធដែលគេគ្រប់គ្នាធ្លាប់ដឹង និងស្គាល់៕
ចែករំលែកព័តមាននេះ