ខេត្តកំពត ៖ បុរសញៀនថ្នាំម្នាក់ បានត្រូវប៉ូលិសក្រុងកំពតឃាត់ខ្លួន កាលពីថ្ងៃទី១០ កញ្ញា បន្ទាប់ពីបុរសរូបនេះផឹកស្រាស្រវឹង ហើយកាន់កូនកាំបិតចុងស្រួចគំរាមកំហែងពលរដ្ឋនៅភូមិក្រាំងអំពិល សង្កាត់ក្រាំងអំពិល កាលពីល្ងាចថ្ងៃទី៩ កញ្ញា ។ បុរសញៀនថ្នាំរូបនេះឈ្មោះឯម ថង ហៅកុង អាយុ២៩ឆ្នាំ នៅភូមិក្រាំងអំពិល សង្កាត់ក្រាំងអំពិល ក្រុងកំពត ។
លោកលក ញ៉ាវ អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តថ្លែងថា ជនឈ្មោះឯម ថង ហៅកុង ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១០ កញ្ញា ហើយបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយសារតែជននេះពេលផឹកស្រាស្រវឹងកាន់កាំបិតឡូឡាគំរាមសម្លាប់ស្ត្រីម្នាក់ឈ្មោះណាវ សុវ៉ន នៅភូមិក្រាំងអំពិល ។ ក្រោយការចាប់ខ្លួន ជនសង្ស័យនិយាយប្រាប់ប៉ូលិសថា បានជាខ្លួនគំរាមសម្លាប់ព្រោះតែខឹងស្ត្រីឈ្មោះណាវ សុវ៉ន ដើរនិយាយថាខ្លួនជាអ្នកញៀនថ្នាំ និងចែកចាយគ្រឿងញៀន ។ បុរសរូបនេះបាននិយាយប្រាប់នគរបាលទៀតថា ខ្លួនពិតជាធ្លាប់ញៀនថ្នាំមែន ហើយបានសេពថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២០ដងជាមួយមិត្តភក្តិម្នាក់ ។
តាមការពិនិត្យជាក់ស្តែង ជនឈ្មោះឯម ថង ហៅកុង ទំនងជាស្រវឹងថ្នាំញៀនផង ព្រោះពេលដើរទៅកាន់បន្ទប់ឃុំខ្លួន គឺគេមានរាងកាយស្លេកស្លាំងនិងញ័រដៃ ។ ទោះជាបែបណា បុរសសង្ស័យនេះមានរឿងចោទប្រកាន់២ករណីផ្សេងគ្នា ប៉ុន្តែខាងសាលាដំបូងខេត្តមិនទាន់ធ្វើការចោទប្រកាន់នៅឡើយ ទេ ៕
ចែករំលែកព័តមាននេះ