ខេត្តស្ទឹងត្រែង ៖ ពលករខ្មែរចំនួន៧នាក់ ទៅធ្វើការសំណាក់ស្រុកនៅប្រទេសឡាវតាមរយៈមេខ្យល់ពេញមួយខែពេលត្រឡប់មកវិញ ត្រូវប៉ូលិសឡាវកាក់យកលុយអស់ពីខ្លួន តែសំណាងបានមកដល់ស្រុកខ្មែរវិញ ក្រោយពីសមត្ថកិច្ចច្រកទ្វារអន្តរជាតិខ្មែរ-ឡាវមកទទួល កាលពីល្ងាចថ្ងៃទី១២ កញ្ញា ២០១២ ។
មន្ត្រីនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សក្នុងស្នងការដ្ឋានខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៧នាក់ត្រូវបានមន្ត្រីច្រកទ្វារអន្តរជាតិខ្មែរ-ឡាវបញ្ជូនមកស្នងការដ្ឋានបន្ទាប់ពីត្រូវប៉ូលិសឡាវឃាត់ និងផាកពិន័យពេលត្រួតពិនិត្យទៅពុំមានលិខិតស្នាមស្របច្បាប់បញ្ជាក់ពី ការឆ្លងដែន ។
ពលករក្នុងចំណោម៧នាក់ មាន ១-ឈ្មោះជា វាំង ភេទប្រុស អាយុ២៧ឆ្នាំ ២-ឈ្មោះផៃ សុជាតិ ភេទប្រុស អាយុ៣២ឆ្នាំ ៣-ឈ្មោះមួន សិត ភេទប្រុស អាយុ៤០ឆ្នាំ ៤-ឈ្មោះងួន ឈឿម ភេទប្រុស អាយុ៣២ឆ្នាំ ៥-ឈ្មោះថៃ សុភាព ភេទប្រុស អាយុ៣២ឆ្នាំ ៦-ឈ្មោះចាន់ អេង ភេទប្រុស អាយុ១៩ឆ្នាំ និង៧-ឈ្មោះរ៉ម មុំ ភេទស្រី អាយុ២៦ឆ្នាំ ពលករទាំង៧នាក់នេះរស់នៅឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ពលករម្នាក់ក្នុងចំណោម៧នាក់បានឆ្លើយប្រាប់សមត្ថកិច្ចនៅក្នុងស្នងការដ្ឋានខេត្តថា ពួកខ្លួនត្រូវគេញុះញង់ និងនាំទៅធ្វើការនៅប្រទេសឡាវ ដោយបញ្ជាក់ថា នឹងទទួលបានប្រាក់ខែខ្ពស់ ។ តែផ្ទុយទៅវិញមេខ្យល់នោះបានយកពួកខ្លួននៅទម្លាក់ចោលនៅប្រទេសឡាវទៅវិញ និងបានយកលុយពីពួកខ្លួនក្នុងម្នាក់ៗ១៦ម៉ឺនរៀលថែមទៀតផង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ