រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរាប់រយគ្រួសារដែលកំពុងរស់នៅក្នុងអគារចំនួន៦ ក្នុងតំបន់អភិវឌ្ឍន៍បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បាននាំគ្នាផ្តិតមេដៃគាំទ្រនូវចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានឃាត់ខ្លួន និងចាត់ការទៅតាមផ្លូវច្បាប់ចំពោះអ្នកស្រីទឹម សាក់មុនី ជាអ្នករស់នៅតំបន់បុរីកីឡាដូចគ្នា កាលពីថ្ងៃទី៥ កញ្ញា ឆ្នាំ២០១២ ពីបទគៃបន្លំ និងញុះញង់ឱ្យមានកំហឹងប្រឆាំងនិងអាជ្ញាធរសាធារណៈ។
បើតាមមន្ត្រីអាជ្ញាធរខណ្ឌ៧មករា បានឱ្យដឹងថា អ្នកស្រីទឹម សាក់មុនី ក្នុងរយៈពេលកន្លងមកគាត់បានទទួលយកផ្ទះមួយល្វែងពីសហគមន៍បុរីកីឡា ដូចអ្នកបុរីកីឡាដទៃទៀតដែរ គឺមានឈ្មោះទទួលផ្ទះមានកម្មសិទ្ធិដូចគេឯងដែរ ។ តែក្រោយមកគាត់បានយកផ្ទះនោះទៅលក់ឱ្យគេ រួចហើយទាមទារចង់បានផ្ទះមួយល្វែងទៀតទៅឱ្យកូនគាត់ ។ ទោះបីដឹងថា គាត់លក់ផ្ទះហើយទាមទារយកផ្ទះឱ្យកូនគាត់ថែមទៀតក្តី ក៏អាជ្ញាធរនៅតែសម្រួលឱ្យគាត់ ដែលត្រូវបានទទួលនូវគោលនយោបាយ ដែលនេះគឺជាការយោគយល់ពីអាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍បុរីកីឡាផងដែរ ទោះបីអាជ្ញាធរអនុគ្រោះបែបនេះក្តី ក៏អ្នកស្រីទឹម សាក់មុនី នេះនៅតែមិនស្កប់ស្កល់ បែរជាទៅចូលមកតវ៉ាចុះឡើងជាច្រើនលើក ច្រើនសា ថែមទាំងញុះញង់ប្រជាពលរដ្ឋដទៃទៀតឱ្យមកតវ៉ាយកផ្ទះបង្កើតឱ្យមានបញ្ហាអសន្តិសុខដល់អាប់ឱនកិត្តិយសដល់សង្គមទៅវិញ ។
អ្នករស់នៅក្នុងសហគមន៍បុរីកីឡាដែលមើលឃើញនូវអំពើអាក្រក់បែបនេះ ក៏នាំគ្នាផ្តិតមេដៃគាំទ្រចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញចំពោះអ្នកស្រីទឹម សាក់មុនី នោះមានចំនួនរាប់រយគ្រួសារដែលរស់នៅក្នុងអគារចំនួន៦ ហើយ ដែលអាជ្ញាធរទទួលបានជំហានដំបូងមានអគារ ក ចំនួន១៩នាក់ អគារ ខ ចំនួន១៣នាក់ អគារ គ ចំនួន១៤នាក់ អគារ ឃ ចំនួន១០នាក់ អគារ ង ចំនួន៤០នាក់ និងអគារ ច ចំនួន៤០នាក់ និងមានការផ្តិតមេដៃបញ្ជូនមកសាលាដំបូង និងសាលារាជធានីជាបន្តបន្ទាប់ទៀត ។
មន្ត្រីដដែលនោះបានបញ្ជាក់ថា ដោយពិនិត្យឃើញទង្វើរបស់អ្នកស្រីទឹម សាក់មុនី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមគ្រួសារបែបនេះហើយ ថែមទាំងបង្កឱ្យមានហិង្សាតវ៉ាចុះឡើងនោះ ប៉ះពាល់ដល់កិត្តិយសអ្នកស្លូតត្រង់រស់នៅក្នុងបុរីកីឡា ទើបប្រជាពលរដ្ឋនាំគ្នាផ្តិតមេដៃគាំទ្រឱ្យសាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់កុំត្រាប្រណីឱ្យបានម៉ឺងម៉ាត់បំផុតជាគំរូដល់អ្នកដទៃ កុំឱ្យភ្លើតភ្លើនតាម ។
គួររំលឹកថា អ្នកស្រីទឹម សាក់មុនី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅទៅសាកសួរ កាលពីថ្ងៃទី៥ កញ្ញា ឆ្នាំ២០១២ ហើយបានបញ្ជូនខ្លួនទៅពន្ធនាគារព្រៃសផងដែរ ដែលគាត់ត្រូវបានសាលាដំបូងរាជធានីធ្វើការចោទប្រកាន់ចំនួន២ករណី គឺទី១- ពីបទគៃបន្លំ ទី២- ពីបទញុះញង់ឱ្យមានកំហឹងប្រឆាំងអាជ្ញាធរសាធារណៈ ។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកដែលគាំទ្រខាងលើនេះបាននិយាយថា នេះជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលជាការព្រមានកុំឱ្យអ្នកដទៃដែលមានគំនិតប៉ុនប៉ងលោភលន់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដូចអ្នកស្រីទឹម សាក់មុនី យកគំរូតាមនោះ ក្រុមអ្នកវិភាគយល់ឃើញថា នៅក្នុងលោកនេះ អ្នកណាក៏ចង់មាន ចង់បានដូចគ្នា តែក៏ត្រូវគិតពីកិត្តិយស សេចក្តីថ្លៃថ្នូរ និងអនាគតទាំងខ្លួនឯង ក៏ដូចជាក្រុមគ្រួសារផងដែរ ។ បើធ្វើបែបនេះនាំឱ្យខូចដល់សណ្តាប់ធ្នាប់សង្គម និងប្រទេសជាតិចេះតែអាប់ឱនទៅៗ ឬធ្វើឱ្យបរទេសគេមើលងាយខ្មែរ ៕
ចែករំលែកព័តមាននេះ