រាជធានីភ្នំពេញ ៖ សំណុំរឿងលោកម៉ម សូណង់ដូ ដែលសាលាដំបូងរាជធានីភ្នំពេញបើកសវនាការ កាលពីថ្ងៃទី១១ កញ្ញា បានឈានចូលដល់ថ្ងៃទី២ហើយគិតត្រឹមថ្ងៃ១២ កញ្ញា ទោះបីជាបែបណា សវនាការនេះបានបន្តនៅថ្ងៃនេះទៀតទី១៣ កញ្ញា ។
ឆ្លងកាត់សវនាការរយៈពេល២ថ្ងៃលើសំណុំរឿងលោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ និងគូកនមិនទាន់ត្រូវបានបញ្ចប់ទេ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺផ្លូវជុំវិញបរិវេណសាលាដំបូងនៅតែបិទមិនឱ្យធ្វើចរាចរណ៍ ពិសេសកំណាត់វិថីព្រះមុនីរ៉េតមុខសាលាដំបូងគឺបិទទាំងស្រុងចាប់ពីរង្វង់មូលអាងទឹកអូឡាំពិកដល់រង្វង់មូលនាងគង្ហីង ។ សមត្ថកិច្ច មាននគរបាលខណ្ឌ រាជធានី និងកងរាជអាវុធហត្ថ ប្រដាប់ដោយដំបង ខែល និងអាវក្រោះការពារខ្លួន នៅតែត្រូវបានដាក់ពង្រាយ និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត ។ ទោះបីកម្លាំងសមត្ថកិច្ចបានដាក់របាំងកាត់ផ្លូវយ៉ាងនេះក្តី ក្រុមអ្នកគាំទ្រលោកម៉ម សូណង់ដូ ក៏នៅតែប្រមូលផ្តុំដូចថ្ងៃទី១ដែរ តែមិនសូវច្រើនពេកទេ ។ អ្នកគាំទ្រលោកម៉ម សូណង់ដូ ១ក្រុមបាននាំគ្នាទៅអង្គុយលើផ្លូវថ្នល់ត្រង់រង្វង់មូលនាងគង្ហីង ហើយនាំគ្នាសូត្រធម៌បួងសួងដើម្បីជួយរំដោះគ្រោះឱ្យលោកម៉ម សូណង់ដូ ឱ្យរួចផុតពីការផ្តន្ទាទោស។ ក្រុមអ្នកគាំទ្រនេះក៏បាននៅក្រាញននៀលទាំងកណ្តាលថ្ងៃ និងទាំងកណ្តាលភ្លៀង រហូតដល់ពេលសវនាការត្រូវផ្អាកទើបបានវិលទៅផ្ទះវិញរៀងៗខ្លួន ។
ផ្សារទំនើបស៊ីធីម៉លដែលមានទីតាំងនៅមុខអគារសាលាដំបូងក៏ត្រូវបិទទ្វារ២ថ្ងៃមកហើយដែរ ។ ការបិទទ្វារផ្សារទំនើបនេះមិនមែនមកពីអ្នកលក់ខ្លាចមានការភ្ញាក់ផ្អើល ឬការប្រទូស្តរ៉ាយគ្នារវាងសមត្ថកិច្ច និងអ្នកគាំទ្រលោកម៉ម សូណង់ដូនោះទេ តែដោយសារផ្លូវក៏ត្រូវបិទហើយអតិថិជនក៏មិនអាចចេញចូលបាន ។ ជាមួយនឹងក្រុមអ្នកគាំទ្រ ក៏គេឃើញមានក្រុមគណបក្សប្រឆាំង ក៏បានចូលរួមជាច្រើននាក់ផងដែរ ។ ក្រៅពីនេះក៏មានអង្គការសង្គមស៊ីវិលខ្លះទាំងខ្មែរទាំងជនបរទេសក៏ចូលរួមស្តាប់សវនាការដែរ ។ ពួកអ្នកគាំទ្រលោកម៉ម សូណង់ដូ ទាំង២ក្រុមដែលប្រមូលផ្តុំគ្នា ធ្វើទុក្ខខ្លួនឯងមិនបានប្រើនូវអំពើហិង្សាណាមួយគួរឱ្យកត់សម្គាល់ទេ ។ ក្នុងស្ថានភាពធាតុអាកាសមិនល្អនេះ ទាំងអ្នកគាំទ្រ ទាំងសមត្ថកិច្ចត្រូវបានអង្គុយសំកុកនៅកណ្តាលថ្នល់ក្រោមកម្តៅថ្ងៃ និងក្រោមតំណក់ទឹកភ្លៀងធ្លាក់ម្តងៗ ដោយរង់ចាំស្តាប់លទ្ធផលនៃអង្គសវនាការ ដែលមិនទាន់ដឹងថ្ងៃណាត្រូវចប់នោះឡើយ ដែលគេគិតថា ទោះបីសវនាការចប់ក៏មិនដឹងប្រកាសលទ្ធផលនៅថ្ងៃណាដែរ ៕
ចែករំលែកព័តមាននេះ