រាជធានីភ្នំពេញ ៖ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ២០១២ បានបដិសេធការស្នើសុំផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈលិខិតមួយច្បាប់ផ្ញើជូនលោកគង់ គាំ ប្រធានស្តីទីគណបក្សសម រង្ស៊ី និងលោកសឺន ស៊ូប៊ែរ្តិ៍ ប្រធានស្តីទីគណបក្សសិទ្ធិមនុស្ស ដោយបញ្ជាក់ថា ផ្អែកតាមការសិក្សាពិចារណាលើសំណើរបស់គណបក្សសម រង្ស៊ី និងគណបក្សសិទិ្ធមនុស្ស «អាចធ្វើឲ្យដំណើរការបោះឆ្នោតទាំងមូលប្រឈមនឹងការជាប់គាំងដែលនឹងនាំឲ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយជាតិ» ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង ផ្ញើជូនថ្នាក់ដឹកនាំគណបក្សប្រឆាំងបានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវលិខិតរបស់តំណាងគណបក្សប្រឆាំងទាំងពីរដែលបានភ្ជាប់មកនូវ«នីតិវិធីសុំកែប្រែសមាសភាពស្ថាប័នរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់»។ ក្រសួងមហាផ្ទៃ បានធ្វើការសិក្សាពិចារណាយ៉ាងយកចិត្តទុកដាក់លើសំណើនេះ ។ ពាក់ព័ន្ធនឹងការបង្កើត និងការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតនៅក្នុងប្រទេស លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់គោលការណ៍សំខាន់ៗមួយចំនួនថា បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ព្រះរាជាណាចក្រកម្ពុជាយើងបានពិភាក្សាស្រុះស្រួលគ្នាខាងនយោបាយដើម្បីរៀបចំតាក់តែងនូវច្បាប់បោះឆ្នោតរបស់ខ្លួនជាមួយនឹងការរៀបចំឡើងនូវស្ថាប័នរៀបចំការបោះឆ្នោតចាប់ពីការបោះឆ្នោត១៩៩៨មក ។ អំពីស្ថាប័នរៀបចំការបោះឆ្នោត យើងបានពិភាក្សាគ្នារៀបចំស្ថាប័ននេះឲ្យទៅជាស្ថាប័នមួយដែលមានលក្ខណៈឯករាជ្យ និងអព្យាក្រឹត។
លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលចាប់ផ្តើមសម្រាប់ការបោះឆ្នោតជាតិឆ្នាំ១៩៩៨ សមាសភាពគ.ជ.ប ត្រូវបានរៀបចំក្នុងលក្ខណៈចម្រុះដែលក្នុងនោះរួមមានទាំងតំណាងគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភាផងដែរ ។ ដំណើរការបោះឆ្នោតនៅពេលនោះបានជួបប្រទះបញ្ហាប្រឈមជាច្រើន រួមទាំងការអនុវត្តការងាររបស់ស្ថាប័នរៀបចំការបោះឆ្នោតផង ។ ដើម្បីដោះស្រាយបញ្ហា ប្រឈមនេះ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០០៣ យើងក៏បានពិភាក្សាសម្រុះសម្រួលគ្នាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីកែទម្រង់ គ.ជ.ប ដោយសមាសភាពស្ថាប័ននេះត្រូវជ្រើសរើសក្នុងចំណោមឥស្សរជនដែលមានសមត្ថភាពខាងនយោបាយ បទពិសោធន៍ការងារ និងកេរ្តិ៍ឈ្មោះល្អ ។
តាមរយៈការកែទម្រង់នេះ សមាសភាពនៃស្ថាប័នរៀបចំការបោះឆ្នោតគ្រប់ថ្នាក់មិនមានតំណាងគណបក្សនយោបាយឬកូតានយោបាយនោះឡើយ ដើម្បីធានាឲ្យបានពិតប្រាកដនូវឯករាជ្យភាព និងអព្យាក្រឹតភាពនៃស្ថាប័ននេះ។ ព្រមជាមួយនេះ ច្បាប់បោះឆ្នោតជាតិ និងច្បាប់បោះឆ្នោតមូលដ្ឋាន បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត យើងក៏បានរួមគ្នាធ្វើការពិនិត្យឡើងវិញ និងកែលម្អជាបន្តបន្ទាប់ ។ តាមរយៈការខិតខំរួមគ្នានេះ សាធារណមតិជាតិ និងអន្តរជាតិបានធ្វើការវាយតម្លៃថា«ជាទូទៅដំណើរការបោះឆ្នោតនៅកម្ពុជាត្រូវបានរៀបចំឡើងក្នុងបរិយាកាសកាន់តែបើកចំហដោយសន្តិវិធី និងកាន់តែមានភាពរលូនតាមគោលការណ៍ប្រជាធិបតេយ្យពីការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយទៀត»។ សមិទ្ធផលនេះបានរួមចំណែកក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយដែលជាការបង្កបរិយាកាសប្រកបដោយភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដែលជាកិតិ្តយស និងជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិ និងប្រជាជនកម្ពុជាយើងគ្រប់រូប ។
ពាក់ព័ន្ធនឹងសំណើរបស់តំណាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក្រសួងមហាផ្ទៃបានធ្វើការសិក្សាពិចារណា និងកត់សម្គាល់ឃើញបញ្ហាប្រឈមសំខាន់មួយចំនួនជាអាទិ៍ គឺ នីតិវិធីដែលស្នើឡើងនេះបានធ្វើឲ្យប៉ះពាល់ឯករាជ្យភាពនិងអព្យាក្រឹតភាពរបស់ស្ថាប័នរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ដែលធានាដោយច្បាប់បោះឆ្នោតជាធរមាន ដោយហេតុសមាសភាពស្ថាប័នរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ដែលស្នើឡើងនេះ មាន តំណាងពីគណបក្សនានា ។
ចំពោះសំណើឲ្យមានគណៈកម្មការជើ្រសរើសសមាសភាព គ.ជ.ប ដោយគណបក្សនីមួយៗ ដែលមានអាសនៈក្នុងរដ្ឋសភាបញ្ជូនតំណាង២រូបសម្រាប់បង្កើតគណៈកម្មការនេះ ការជ្រើសរើសសមាសភាព គ.ជ.ប គណៈកម្មការត្រូវសម្រេចដោយសំឡេងឯកច្ឆន្ទ ឬដោយសំឡេង២ភាគ៣នោះ គណៈ កម្មការនេះនឹងមិនអាចរកសំឡេងគ្រប់គ្រាន់ដើម្បីសម្រេចបានឡើយដោយសារតែតំណាងពីគណបក្សនយោបាយនីមួយៗក្នុងគណៈកម្មការនេះ រដ្ឋ សភាបច្ចុប្បន្ននិងក្នុងអាណត្តិជាបន្តបន្ទាប់ទៀតគណបក្សដែលមានសំឡេងភាគច្រើននឹងមិនអាចទទួលយកបានឡើយទាំងក្នុងពេលរៀបចំគណៈកម្មាធិការជ្រើសរើស គ.ជ.ប ក៏ដូចជាពេលបញ្ជូនសមាសភាព គ.ជ.ប ទៅសុំការយល់ព្រមពីសភា ។
ក្រសួងមហាផ្ទៃបានអះអាងថា ដូច្នេះនីតិវិធីដែលស្នើឡើងនេះនឹងនាំឲ្យមានភាពជាប់គាំងក្នុងការបង្កើត គ.ជ.ប ដែលភាពជាប់គាំងនេះនឹងមិនអាចធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅបានឡើយ ។ ប្រការនេះនឹងនាំមកនូវហានិភ័យខ្ពស់មកលើស្ថិរភាពនយោបាយស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។ ចំពោះសំណើកំណត់សមាសភាពគណៈកម្មការរាជធានី-ខេត្ត-ឃុំ-សង្កាត់ និងគណៈកម្មការការិយាល័យបោះឆ្នោតចំនួន៧រូបដែលមានសមាសភាពតំណាងមកពីគ្រប់គណបក្សមានអាសនៈក្នុងរដ្ឋសភាដែលជ្រើសរើសឡើងដោយវិធីរាប់តាមចំនួនអាសនៈពីច្រើនមកតិចរហូតគ្រប់ចំនួន៧រូប សំណើនេះនឹងធ្វើឲ្យប៉ះពាល់មកលើឯករាជ្យភាព និងអព្យាក្រឹតភាព ក៏ដូចកិច្ចដំណើរការនៃស្ថាប័នបោះឆ្នោតនេះ ។
ក្រសួងមហាផ្ទៃបានបញ្ជាក់ទៀតថា បន្ថែមពីលើនេះតាមសំណើរបស់លោក គណៈកម្មការគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការសម្រេចដោយសំឡេង២ភាគ៣នៃគណៈកម្មការទាំងមូល ។ របៀបរបបបំពេញការងារដែលស្នើឡើងនេះរួមជាមួយសំណើឲ្យមានតំណាងគណបក្សនយោបាយក្នុងសភា ក្នុងសមាសភាពគណៈកម្មការរៀបចំការបោះឆ្នោតនេះ នឹងធ្វើឲ្យគណៈកម្មការបោះឆ្នោតមិនអាចអនុវត្តការងាររបស់ខ្លួនបានតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី ក្រមសីលធម៌ និងប្រតិទិននៃការបោះឆ្នោតបានឡើយ ដោយសារតែ «សមាសភាពមកពីគណបក្សនយោបាយផ្សេងៗនឹងអាចធ្វើការប្រកួតប្រជែងគ្នាខាងនយោបាយក្នុងគណៈកម្មការទាំងនេះ ។ ដូច្នេះដំណើរការបោះឆ្នោតនឹងត្រូវជាប់គាំង»។
លិខិតលោកឧបនាយរដ្ឋមន្រ្តីបន្តថា សរុបមក«ផ្អែកតាមការសិក្សាពិចារណាលើហេតុផលខាងលើនេះ សំណើរបស់គណបក្សលោកអាចធ្វើឲ្យដំណើរការបោះឆ្នោតទាំងមូលត្រូវប្រឈមជាមួយភាពជាប់គាំង ដែលនឹងនាំឲ្យប៉ះពាល់មកលើស្ថិរភាពនយោបាយរបស់ជាតិ»។ ក្នុងការបោះឆ្នោតជាតិលើកទី៥នាឆ្នាំ២០១៣ខាងមុខនេះ លោកសូមស្នើឲ្យគណបក្សនយោបាយមេត្តាបន្តរួមសហការប្រកបដោយភាពស្មោះសរជាមួយរាជរដ្ឋាភិបាល ស្ថាប័នរៀបចំបោះឆ្នោតគ្រប់ថ្នាក់ គណបក្សនយោបាយ និងអ្នកពាក់ព័ន្ធនានា បន្តរួមគ្នាពង្រឹងបទពិសោធន៍ ល្អៗក្នុងដំណើរការបោះឆ្នោតកន្លងមកដោយអនុវត្តតាមការបោះឆ្នោតដែលមានជាធរមានដើម្បីយើងរួមគ្នាធានាឲ្យការបោះឆ្នោតនេះប្រព្រឹត្តទៅប្រកបដោយលក្ខណៈប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ សម្រាប់ជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជតិ និងប្រជាជនយើង ៕
ចែករំលែកព័តមាននេះ