រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរាប់រយគ្រួសារកំពុងរស់នៅក្នុងអគារចំនួន៦ ក្នុងតំបន់អភិវឌ្ឍន៍បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា បាននាំគ្នាផ្តិតមេដៃគាំទ្រនូវចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានឃាត់ខ្លួន នឹងចាត់ការទៅតាមផ្លូវច្បាប់ចំពោះលោកស្រី ទឹម សាក់មុនី ដែលជាប្រជាជនរស់នៅតំបន់បុរីកីឡាដូចគ្នា កាលពីថ្ងៃទី៥ កញ្ញា ២០១២ ពីបទគៃបន្លំ និងញុះញង់ឱ្យមានកំហឹងប្រឆាំងនឹងអាជ្ញាធរសាធារណៈ ។
បើតាមមន្ត្រីអាជ្ញាធរខណ្ឌ៧មករា បានឱ្យដឹងថា លោកស្រី ទឹម សាក់មុនី ជាប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡា ដែលកន្លងមកលោកស្រី បានទទួលផ្ទះមួយល្វែងពីសហគមន៍បុរីកីឡាដូចអ្នកបុរីកីឡាដទៃទៀតដែរ តែក្រោយមកគាត់បានយកផ្ទះនោះទៅលក់ឱ្យគេ រួចហើយចង់បានផ្ទះមួយល្វែងទៀតទៅឱ្យកូនរបស់គាត់ ។ ទោះបីដឹងថា គាត់លក់ផ្ទះហើយទាមទារឱ្យកូនគាត់ថែមទៀតក្តីក៏អាជ្ញាធរនៅតែសម្រួលឱ្យគាត់ដែលនេះគឺជាការយោគយល់ពីអាជ្ញាធរក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍បុរីកីឡាផងដែរ ប៉ុន្តែលោកស្រីទឹម សាក់មុនី នេះនៅតែមិនស្កប់ស្កល់ បែរជាទៅចូលរួមតវ៉ាចុះឡើងជាច្រើនលើក ច្រើនសា ថែមទាំងញុះញង់ប្រជាពលរដ្ឋដទៃទៀតឱ្យមកតវ៉ាយកផ្ទះដែលបង្កឱ្យកើតជាបញ្ហាដល់អាជ្ញាធរ និងបង្កឱ្យមានបញ្ហាអសន្តិសុខដល់សង្គមទៅវិញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ