រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមមហាសន្និបាតអាស៊ានអាយប៉ា លើកទី៣៣ នៅទីក្រុងឡាំងប៊ុក ប្រទេសឥណ្ឌូណេស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ កញ្ញា ២០១២ ខាងមុខនេះ។ សម្តេចប្រធានរដ្ឋសភាកម្ពុជាត្រូវបានអញ្ចើញដោយលោកម៉ាហ៊្សូគី អាលី ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី និងជាប្រធានអាយប៉ា (AIPA) នៅពេលជំនួបធ្វើសវនាការជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន កាលពីថ្ងៃទី៩ កញ្ញា កន្លងមក ។
យោងតាមសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី១១ កញ្ញា ២០១២ បានជម្រាបជូនជាសាធារណៈឱ្យដឹងថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី១៦ កញ្ញា តាមជើងយន្តហោះលេខ MI601 ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់ នឹងអញ្ជើញធ្វើមាតុភូមិនិវត្តន៍វិញ ថ្ងៃទី២២ កញ្ញា ២០១២ វេលាម៉ោង១៧និង១៥នាទីល្ងាចតាមជើងយន្តហោះលេខ MI608 ។
មហាសន្និបាតលើកទី៣៣ នៃអន្តរសភាអាស៊ាន (AIPA) នឹងពិភាក្សាលើប្រធានបទ «ពង្រឹងតួនាទីក្នុងដំណើរឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០១៥» ។ មហាសន្និបាតអន្តរជាតិសភាអាស៊ានតែងតែធ្វើឡើងដោយលក្ខណៈវិលជុំរៀងរាល់ឆ្នាំតាមលំដាប់អក្ខរក្រម នៃប្រទេសដែលជាសមាជិកអាស៊ាន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ