ខេត្តតាកែវ ៖ ទូកម៉ាស៊ីន ប្រៀបបីដូចជាជីវិតមួយរបស់ប្រជានេសាទនៅភូមិភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ដែលបច្ចុប្បន្នកំពុងប្រឈមនឹងអំពើចោរកម្មគួរឱ្យព្រួយបារម្ភ បន្ទាប់ពីក្រុមចោរបានលួចជាបន្តបន្ទាប់ហើយចាប់ចោរមិនដែលបាន ។ពលរដ្ឋឈ្មោះកូយ ប៊ុនធឿន រស់នៅក្នុងភូមិភ្នំបុរី និងមានមុខរបរជាអ្នកនេសាទរៀបរាប់ប្រាប់ថា នៅយប់ថ្ងៃទី៩ កញ្ញា កន្លងទៅនេះ គាត់បានបាត់ទូកម៉ាស៊ីនមួយគ្រឿងដែលទូករបស់គាត់មានប្រវែង៧ម៉ែត្រជាប្រភេទទូកជ័រ មានតម្លៃ២លាន១០ម៉ឺនរៀល និងម៉ាស៊ីនម៉ាកហុងដាដែលដាក់លើទូកមានតម្លៃ៤៥ម៉ឺនរៀល ។
ទូកនិងម៉ាស៊ីននេះគឺគាត់ទើបតែនឹងទិញប្រហែល២ខែ សម្រាប់ធ្វើនេសាទដូចជាដាក់លាន់អន្ទង់ និងលបក្តាមជាដើម ហើយពេលយប់គាត់តែងតែដេកនៅក្នុងទូករបស់គាត់ក្នុងគោលបំណងយាមការពារក្រែងមានចោរលួច ព្រោះបានទទួលដំណឹងថាមានចោរលួចទូកជាបន្តបន្ទាប់ ។ ទាក់ទឹននឹងការបាត់ទូកនេះម្ចាស់ទូកនិយាយថា នៅយប់នោះដោយមេឃមានភ្លៀងធ្លាក់ប្រពន្ធគាត់បានហៅគាត់ឱ្យមកសម្រាកនៅផ្ទះដោយអូសទូកឡើងគោកមកទុកនៅចម្ងាយ៥ទៅ៦ម៉ែត្រពីមាត់ទឹក ។
ម្ចាស់ទូកបានសន្និដ្ឋានថា ចោរបានលួចទូក និងម៉ាស៊ីនរបស់គាត់នៅចន្លោះម៉ោង១២ទៅម៉ោង២និង៣០នាទីរំលងអធាត្រ។បានជាគាត់ហ៊ានសន្និដ្ឋានបែបនេះព្រោះនៅវេលាម៉ោង១១និង៣០នាទីយប់ គាត់បានចុះទៅមើលទូករបស់គាត់ម្តងឃើញនៅ លុះដល់ម៉ោង៣និង១០នាទីរំលងអធ្រាត្រចុះទៅមើលម្តងទៀតស្រាប់តែទូករបស់គាត់បាត់ទៅហើយ។ ក្រោយពីដឹងថាទូករបស់គាត់បានបាត់់ក៏បានឱ្យបងប្អូនអ្នកជិតខាងជួយតាមរក តែមិនបានទទួលដំណឹងអ្វីនោះទេ ។
អ្នកភូមិម្នាក់ឈ្មោះតុប អាន អាយុ៥៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិភ្នំបុរីនោះដែរក៏បានឱ្យដឹងថា គាត់បានបាត់ម៉ាស៊ីនមួយគ្រឿងម៉ាកម៉ូតូកូយ៉ូម៉ា កម្លាំង៦សេះកន្លះ នៅយប់ថ្ងៃទី១១ សីហា ។ ម៉ាស៊ីនរបស់គាត់នេះគឺ គាត់ទើបតែទិញប្រហែល១ខែក្នុងតម្លៃ៤០ម៉ឺនរៀល ។ គាត់ធ្លាប់បាត់ទូកឈើ២គ្រឿងដែរកាលពីប៉ុន្មានឆ្នាំកន្លងទៅហើយក៏មិនមានតម្រុយអ្វីដែរ ។ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិភ្នំបុរីម្នាក់ទៀតឈ្មោះជា ចយ ក៏បានរៀបរាប់ឱ្យដឹងដែរថា កាលពីថ្ងៃទី១១ សីហា កន្លងទៅគាត់ក៏បានបាត់ម៉ាស៊ីនម៉ាស៊ូតម៉ាកយ៉ាន់ម៉ាអុិនអេសកម្លាំង៨សេះកន្លះ និងទូកជ័រមួយគ្រឿងប្រវែង៧,៩ម៉ែត្រ ដែលទិញក្នុងតម្លៃ២លាន៧ម៉ឺនរៀល ទើបបានប្រហែល២ខែ ។ នៅមានការបាត់ទូកបំពាក់ម៉ាស៊ីនជាច្រើនគ្រឿងទៀតនាខែកញ្ញានេះ។
យោងតាមប្រសាសន៍របស់លោកអ៊ូច ជឺ មេភូមិភ្នំបុរីក៏បានឱ្យដឹងដែរថា បញ្ហាប្រជាពលរដ្ឋបាត់ទូកបំពាក់ម៉ាស៊ីននេះគឺពួកគេបានជូនដំណឹងដល់រូបគាត់ ហើយគាត់ក៏បានផ្តល់ដំណឹងនេះជូនដល់មេឃុំ និងប៉ូលិសឱ្យធ្វើអន្តរាគមន៍ដែរ ។ លោកបានបន្ថែមទៀតថា រាល់ទូកម៉ាស៊ីនដែលបានបាត់បង់ទៅមិនដែលទទួលដំណឹងអ្វីនោះទេ ។
លោកសាន្ត សារ៉ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកផ្ទោលថ្លែងថា ចំពោះការបាត់ទូកម៉ាស៊ីនរបស់ប្រជាពលរដ្ឋនៅក្នុងភូមិភ្នំបុរីនេះលោកកំពុងធ្វើអន្តរាគមន៍ស្វែងរកមុខសញ្ញាជនដៃដល់ដែលលួចទូកនោះ ។ លោកបានបន្ថែមថា ក្រោយពីមានការបាត់ទូករបស់ប្រជាពលរដ្ឋ លោកបានទាក់ទងតាមទូរស័ព្ទទៅនាយប៉ុស្តិ៍នគរបាលនានាដែលស្ថិតនៅជុំវិញឃុំព្រែកផ្ទោលទាំងមូលឱ្យជួយធ្វើអន្តរាគមន៍ក្នុងការតាមដានជនប្រព្រឹត្តបទល្មើសទាំងនោះ ។
អ្នកភូមិមានការសង្ស័យថា ចោរដែលធ្វើសកម្មភាពលួចទូកម៉ាស៊ីនរបស់ប្រជាពលរដ្ឋនេះអាចជាមនុស្ស ឬក្រុមតែមួយ ហើយក៏មិនមែនជាក្រុមចោរមកពីឆ្ងាយដែរ ៕
ចែករំលែកព័តមាននេះ