ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋព្រួ​យ​បារម្ភ​ខ្លាច​បាក់​ច្រាំង​ដោយ​សារ​ការ​បូម​ខ្សាច់​ក្នុង​ទន្លេ​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ប្រជា​ពល​រដ្ឋ​រស់នៅក្នុង​​ភូុមិ​ព្រែក​ត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ដែល​មាន​ដី​ចម្ការ​និង​ផ្ទះ​នៅក្បែរ​ច្រាំង​ទន្លេ​ កំពុង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ព្រោះ​ខ្លាច​បាក់​ដី​ចម្ការ​​និង​ផ្ទះ​របស់​ពួកគាត់​ចូល​ទៅ​ក្នុង​ទន្លេ​ ដោយ​សារ​តែ​ថ្មី​ៗ​កន្លង​មក​នេះ​មាន​សាឡង់​ធំៗ​បាន​មក​បូម​ខ្សាច់​ក្នុង​ទន្លេ​បាសាក់​ចំណុច​ក្បាល​កោះ ។ ​ការ​បូម​នោះគឺ​នៅ​ក្បែរ​ៗ​ច្រាំង​ យកទៅ​ចាក់​បំពេញ​ដីបឹង​ជា​

ខេត្ត​កណ្តាល​ ៖ ប្រជា​ពល​រដ្ឋ​រស់នៅក្នុង​​ភូុមិ​ព្រែក​ត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ដែល​មាន​ដី​ចម្ការ​និង​ផ្ទះ​នៅក្បែរ​ច្រាំង​ទន្លេ​ កំពុង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ព្រោះ​ខ្លាច​បាក់​ដី​ចម្ការ​​និង​ផ្ទះ​របស់​ពួកគាត់​ចូល​ទៅ​ក្នុង​ទន្លេ​ ដោយ​សារ​តែ​ថ្មី​ៗ​កន្លង​មក​នេះ​មាន​សាឡង់​ធំៗ​បាន​មក​បូម​ខ្សាច់​ក្នុង​ទន្លេ​បាសាក់​ចំណុច​ក្បាល​កោះ ។ ​ការ​បូម​នោះគឺ​នៅ​ក្បែរ​ៗ​ច្រាំង​ យកទៅ​ចាក់​បំពេញ​ដីបឹង​ជា​ច្រើន​ហិកតា និង​បាន​ចោះ​ទម្លុះផ្លូវ​ជាតិ​លេខ​២១​ កប់​ទុយោ​បូម​ខ្សាច់​ទៀត​ផង ។

ប្រជាពលរដ្ឋ​និយាយថា ខណៈទឹក​ទន្លេ​បាសាក់ កំពុង​ជន់​ឡើង​ខ្លាំង​ ស្រាប់​តែ​មាន​សាឡង់​ធំៗ​មក​សម្រុក​បូម​ខ្សាច់​យ៉ាង​សកម្ម​ពី​ក្នុង​បាត​ទន្លេ​បាសាក់ ធ្វើ​ឱ្យ​ពួកគាត់​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ខ្លាច​បាក់​ដីចម្ការ​និង​ផ្ទះ​របស់​ពួក​គាត់​ចូល​ទៅក្នុង​ទន្លេ​ ព្រោះ​សាឡង់​បូម​ខ្សាច់​ទាំង​នោះ​បូម​ឡើង​រញ្ជួយ​ដី​នៅ​ក្បែរៗច្រាំង​ទន្លេ​និង​លាន់ឮ​សំឡេង​កង​រំពង​រំខាន​ដល់​ការ​រស់នៅ របស់​ប្រជា​ពល​រដ្ឋ​ថែម​ទៀត​ ។ ប្រជា​ពល​រដ្ឋ​ដែល​មាន​ការ​ព្រួយ​បារម្ភ​និយាយ​ថា មិន​ដឹង​ថា ការ​បូម​ខ្សាច់​នេះ​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះទេ​ ព្រោះបូម​យក​ទៅ ចាក់​បំពេញ​ដី​បឹង​ជា​ច្រើន​ហិកតានៅក្នុង​ភូមិ​ព្រែក​ត្រែង​ មិន​តែ​ប៉ុណ្ណោះ​ក្រុម​​ហ៊ុន​បូម​ខ្សាច់​នេះ​បាន​ខួង​ចោះ​ទម្លុះ​​ដីផ្លូវ​ជាតិ​លេខ​២១​កប់​ទុយោ​បូម​ខ្សាច់​នៅទី​នោះ​ថែម​ទៀត​ ។

ពួក​គាត់​និយាយថា ចំណុច​បូម​ខ្សាច់​ខាង​លើ​នេះ​កាល​ពីពីរ​ឆ្នាំ​មុន​ធ្លាប់​មាន​កាណូត​ធំៗ​មក​សម្រុក​បូម​ខ្សាច់​ម្តង​រួច​មក​ហើយ​គឺ​បូម​រាប់​ឆ្នាំ​ហើយ​ក្រោយ​ពី​ឈប់​បូម​ក៏​​ធ្វើ​ឱ្យ​បាក់​ច្រាំង​​ទន្លេ​នៅទីនោះ​ជា​អន្លើ​​ៗ​ដោយ​នាំយកដី​ចម្ការ​និង​លំនៅឋ​ាន​របស់​ប្រជា​ពល​រដ្ឋ​ទៅជា​មួយផង​ដែរ ។ ហេតុ​ដូច​នេះ​ហើ​យ ​ទើប​ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ​នៅពេល​ដែល​មាន​សាឡង់​ធំៗ​មក​បូម​ខ្សាច់​នៅក្បែរ​ច្រាំង​បែប​នេះ​ ។

មន្រ្តីមន្ទីរឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ខេត្ត​មួយ​រូប​​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ចំណុច​បូម​ខ្សាច់​ខាង​លើ គឺ​មាន​ច្បាប់​ត្រឹម​ត្រូវ​ដែល​ម្ចាស់​អាជ្ញា​ប័ណ្ណ​ឈ្មោះ​អេង ចាន់​ថន ប៉ុន្តែ​លក់បន្ត​ទៅ​ឱ្យ​ឈ្មោះ​តាឃី​ជា​អ្នក​បូម​ធ្វើ​អាជីវកម្ម​នាពេល​នេះ ។ ចំណែក​​ប្រជា ពលរដ្ឋ​និយាយ​ទៀតថា គាត់​មិន​ដែល​ឃើញ​អ្នក​ចេញអាជ្ញា​ប័ណ្ណ​ឬអ្នក​ចេញ​ច្បាប់​មក​ពិនិត្យ​មើល​​លក្ខណៈបច្ចេក​ទេស​នៃ​ការ​បូម​ខ្សាច់​នៅ​ទីនេះ​សោះ​ គឺ​ទុក​ឱ្យ​អ្នក​បូម​ធ្វើ​​ស្រេច​តែ​ចិត្ត។ ប្រជា​ពលរដ្ឋ​សំណូម​ពរ​ដល់​អ្នក​ចេញ​អាជ្ញា​ប័ណ្ណ​ឬ​អ្នក​ចេញច្បាប់​ មេត្តា​មក​ពិនិត្យ​មើល​​លក្ខណៈ បច្ចេកទេស​បូម​ខ្សាច់​នៅ​ទី​នេះ​ផង​ មុន​នឹងមាន​មហន្ត​រាយ​ដោយការ​​បាក់​ច្រាំង​ទន្លេ​នៅទីនេះ​ ដើម្បី​ឱ្យ​ច្បាស់​ថា​ ​បើ​មាន​ផលវិបាក​ណា​មួយ​កើត​ឡើង​ជាយថា​ហេតុ​ តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​?