ខេត្តកំពង់ចាម ៖ វគ្គបណ្តុះបណ្តាលលើមុខជំនាញវិជ្ជាជីវៈកាត់ដេរដល់ស្ត្រីជាសាសនិកអ៊ិស្លាមនៅភូមិរការពប្រាំង ឃុំរការពប្រាំង ស្រុកត្បូងឃ្មុំ ត្រូវបានបិទវគ្គ និងធ្វើពិធីចែកវិញ្ញាប័នបត្របញ្ជាក់ការសិក្សា និងផ្តល់ម៉ាស៊ីនដេរចំនួន១០គ្រឿង ជាការលើកទឹកចិត្តដល់សិស្សដែលរៀនពូកែ កាលពីរសៀលថ្ងៃទី៩ កញ្ញា ២០១២ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមនិស្សិតមូស្លីមកម្ពុជា និងលោកស្រី ។
ក្នុងឱកាសនោះមានការចូលរួមពីលោកម៉ាន សុគ្រី អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អគ្គលេខាធិការរង សមាគមនិស្សិតមូស្ល៉ីកម្ពុជា និងលោកវេជ្ជបណ្ឌិត ពាស់ មុស្លីម អនុប្រធានសមាគមនិស្សិតមូស្ល៉ីមកម្ពុជា ព្រមទាំងមានការចូលរួមពីលោកគ្រូ-អ្នកគ្រូ និងសិស្សដែលទទួលបានការបណ្តុះបណ្តាលយ៉ាងច្រើនកុះករ ។
លោកសុះ ស៊ុបអីុ ប្រធានគ្រប់គ្រងវគ្គបណ្តុះបណ្តាលឱ្យដឹងថា នៅក្នុងឆ្នាំ២០១១ និងឆ្នាំ២០១២ នេះសមាគមនិស្សិតមូស្លីមកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលលើមុខជំនាញវិជ្ជាជីវៈកាត់ដេរដល់ស្ត្រីជាសាសនិកអ៊ិស្លាមចំនួន២វគ្គដែលវគ្គនីមួយៗមានរយៈពេល៦ខែ មានសិស្សចូលរៀនចំនួន១២០នាក់ ដែលត្រូវបានធ្វើពិធីចែកវិញ្ញាប័នបត្របញ្ជាក់ការសិក្សានៅពេលនេះ។ ដោយឡែកសិស្សដែលរៀនពូកែចាប់ពីលេខ១ដល់លេខ៥ ទាំង២វគ្គមានចំនួន១០នាក់ ត្រូវបានសមាគមផ្តល់ម៉ាស៊ីនដេរម្នាក់១គ្រឿងដើម្បីលើកទឹកចិត្តផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ