ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី៩ កញ្ញា សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យស្ទាក់ចាប់រថយន្តម៉ាកឡិចស៊ីសRX300មួយគ្រឿងពណ៌ខ្មៅ នៅចំណុចភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ដែលរថយន្តនេះដឹកឈើប្រណីតចេញពីចំណុចតំបន់ស្រុកជាំក្សាន្ត ឆ្លងកាត់ខេត្តព្រះវិហារឆ្ពោះទៅកាន់ខេត្តកំពង់ធំ។ ក្រោយពេលក្របួចបានរថយន្តមួយគ្រឿងនេះត្រូវបានបញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដែលសមត្ថកិច្ចបានពិនិត្យឃើញមានដឹកឈើគ្រញូងចំនួន១៤ដុំ ស្មើនឹង០,៣២៧ម៉ែត្រគូប ។
ប្រភពព័ត៌មានពីមន្ត្រីរដ្ឋបាលព្រៃឈើត្បែងមានជ័យបានបង្ហើបឱ្យដឹងថា រថយន្តដឹកគ្រញូងមួយគ្រឿងនេះគឺជាកម្មសិទ្ធិរបស់មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសមួយរូបដែលរូបគេបានអះអាងថា ក្នុងអំឡុង៣ខែកន្លងមកនេះទើបតែដឹកជញ្ជូនឈើប្រណីតបាន៦ជើងតែប៉ុណ្ណោះរួមទាំងលើកនេះផង ។ ជុំវិញការឃាត់រថយន្តឡិចស៊ីសRX300មួយគ្រឿងដឹកឈើគ្រញូងខាងលើនេះមន្ត្រីផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យបានឱ្យដឹងថា ម្ចាស់រថយន្តមិនត្រូវបានឃាត់ខ្លួនទេ ដោយតម្រូវឱ្យបង់ផាកពិន័យចំនួន៥លានរៀល ចំណែករថយន្តនិងឈើគ្រញូងត្រូវបានរក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើ ព្រះវិហារ ។
ប្រជាពលរដ្ឋខ្លះបានកោតសរសើរដល់សមត្ថកិច្ចដែលបានបង្ក្រាបរថយន្តល្មើសបែបនេះ ឯខ្លះនិយាយថា ឈើគ្រញូងកម្រាស់ចាប់ពី២តឹកឡើងទៅ មានប្រវែងជាង២ម៉ែត្រ គ្រាន់តែ១សន្លឹកតម្លៃដល់ទៅរាប់ពាន់ដុល្លារ ចុះហេតុអ្វីឈើគ្រញូង១៤សន្លឹកឈ្មួញបង់ផាកពិន័យតែ៥លានរៀល ៕
ចែករំលែកព័តមាននេះ