ខេត្តកំពង់ស្ពឺ ៖ គិតត្រឹមថ្ងៃទី១២ កញ្ញា ២០១២ រយៈពេល២សបា្តហ៍មកហើយ សមត្ថកិច្ចរាជរដ្ឋាភិបាលកម្ពុជា នៅមិនទាន់រកឃើញនិងចាប់ជនសង្ស័យណាម្នាក់ ដែលពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់ច្នៃប៉ងផ្តាច់ស្ពានអូរគគីរ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាប់ព្រំប្រទល់ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៩ សីហា នោះនៅឡើយទេ ។
យ៉ាងណាក៏ដោយអ្នកនំាពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ បានប្រាប់វិទ្យុសំឡេងកោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១២ កញ្ញា ២០១២នេះថា មកទល់នឹងពេលនេះក្រសួងមហាផ្ទៃមិនបានបិទបញ្ចប់សំណុំរឿងនេះទេហើយក្រុមសមត្ថកិច្ចជំនាញពាក់ព័ន្ធបាននិងកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេត ។
គួររំលឹកថា ស្ពានថ្មមួយកន្លែងឈ្មោះស្ពានអូរគគី ត្រូវបានគេដាក់គ្រឿងបំផ្ទុះ បណ្តាលឱ្យខូចខាតតិចតួចប្រេះធ្នឹមសសរស្ពានកាលពីវេលាម៉ោង៩ និង៥៥នាទីយប់ថ្ងៃទី២៩ សីហា ២០១២ បង្កឱ្យមានការភ្ញាក់ផ្អើលនៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៦-១០៧ ស្ថិតក្នុងភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាប់ព្រំប្រទល់ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
មន្ត្រីប៉ូលិសបាននិយាយថា សសរធ្នឹមស្ពានបានប្រេះ និងបែកបន្តិច ហើយកម្រាលកៅស៊ូខាងលើប្រេះប្រហែល១ម៉ែត្រ វាមិនទាន់ឈានទៅដល់ការស្រុត ឬទ្រេតតួស្ពាននោះទេ ប៉ុន្តែយើងបារម្ភរថយន្តធុនធ្ងន់ ដូចជាកុងតឺន័របើកឆ្លងកាត់ទន្ទ្រាំច្រើនលើកច្រើនសាផងដែរ ។ប៉ូលិសឱ្យដឹងទៀតថា អ្នកដាក់គ្រឿងបំផ្ទុះនោះពិតជាមានជំនាញខាងធ្វើគ្រាប់បែកច្នៃ ឬបង្កើតគ្រឿងផ្ទុះដោយម្សៅ TNT បើតាមការពិនិត្យទៅលើការបំផ្ទុះស្ពានអូរគគីរនេះឃើញថា ភេរវជនបានប្រើម្សៅ TNT លាយជាមួយជីអ៊ុយរ៉េ ដាក់ពេញប៊ីដុង៣០លីត្រ និងដាក់គីបផ្ទុះត្រឹមត្រូវ រួចហើយគេចុចបំផ្ទុះតែម្តង ។
គ្រឿងបំផ្ទុះនេះវាផ្ទុះប្រហែលពាក់កណ្តាលប៉ុណ្ណោះ ទើបធ្វើឱ្យមានការខូចខាតស្ពានតិចតួច ប៉ុន្តែប្រសិនបើវាផ្ទុះទាំងអស់វិញ ស្ពានថ្មមួយនេះអាចនឹងបាក់ ឬខូចខាតធ្ងន់ធ្ងរប៉ះពាល់ដល់ការធ្វើចរាចរណ៍ជាមិនខាន ។តាមប្រភពព័ត៌មានបានសន្និដ្ឋានថា ការដាក់គ្រឿងបំផ្ទុះនេះ គឺភេរវជនប៉ុនប៉ងបំផ្លាញស្ពានដែលជាចរន្តសេដ្ឋកិច្ចដ៏សំខាន់លើកំណាត់ផ្លូវជាតិលេខ៤ នេះតែម្តង ដើម្បីបង្អាក់ដំណើរដឹកជញ្ជូន និងចរន្តសេដ្ឋកិច្ច ។
ភ្លាមៗសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់មកធ្វើការសាកសួរ ប៉ុន្តែបើតាមអ្នកនំាពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ បានបញ្ជាក់ឲ្យដឹងថា មនុស្សទំាង៣នាក់នោះ គឺសមត្ថកិច្ចគ្រាន់តែហៅមកសួរក្នុងនាមជាសាក្សីប៉ុណ្ណោះ ហើយក៏បានដោះលែងវិញហើយដែរ ៕
ចែករំលែកព័តមាននេះ