ខេត្តកំពង់ធំ ៖ រថយន្តស៊េរីទំនើប១គ្រឿង បានបើកបុករះតូបលក់បង្អែមជាច្រើននៅក្នុងផ្សារស្រយូវបង្កឱ្យអ្នកលក់ចំនួន៣នាក់រងរបួសធ្ងន់ និងស្រាល ខណៈដែលរថយន្តខាងលើនេះបើករត់គេចពីរថយន្តមួយគ្រឿងទៀត កាលពីវេលាម៉ោង២រសៀលថ្ងៃទី១១ កញ្ញា នៅលើផ្លូវជាតិលេខ៦ ចំណុចផ្សារសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺនៅពេលដែលរថយន្តទៅមុខលែងរួចគេឃើញបាំងក្រោយរថយន្តផ្ទុកដោយឈើគ្រញូងជាច្រើនដុំ។
ពាក់ព័ន្ធហេតុការណ៍ខាងលើនេះ ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតេហតុគេឃើញរថយន្តកាមរីស៊េរីទំនើបខាងលើនេះ បើកពីជើងទៅត្បូងក្នុងល្បឿនលឿនដោយមានរថយន្តមួយគ្រឿងទៀតដេញតាមប្រកិតពីក្រោយ លុះមកដល់ចំណុចកើតហេតុក៏វាក់ជាមួយគោយន្តកន្ត្រៃមួយគ្រឿង ទើបធ្វើឱ្យរថយន្តខាងលើនេះ ជ្រុលទៅបុករះរោងអ្នកលក់ចំនួន៣កន្លែងនៅខាងមុខផ្សារបណ្តាលឱ្យអ្នកលក់៣នាក់របួសបាក់ដៃ បាក់ជើងទើបរថយន្តជាប់ទៅមុខលែងរួច ឯអ្នកបើកបររត់គេចបាត់ស្រមោល ហើយរថយន្តដែលបើកប្រដេញនោះក៏បើកហួសទៅបាត់ លុះបន្តិចក្រោយមកទើបសមត្ថកិច្ចចុះឆែកឆេរក្នុងរថយន្តស្រាប់តែប្រទះឃើញសុទ្ធតែឈើគ្រញូង ហើយបានរឹបអូសយកទៅរក្សាទុក ។
នៅវេលាម៉ោងប្រមាណជា៤រសៀលមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយបានបញ្ជាក់ឱ្យដឹងថា ឈើគ្រញូងខាងលើកំពុងធ្វើការវាស់វែងនៅមិនទាន់ដឹងចំនួនជាក់លាក់នៅឡើយទេ។ ដោយឡែកពាក់ព័ន្ធរថយន្តដឹកគ្រញូងខាងលើនេះត្រូវបានប្រភពមួយចំនួនឱ្យដឹងថា ធ្លាប់ដឹកច្រើនលើករួចមកហើយតាមផ្លូវជាតិលេខ៦នេះ ។
សាក្សីបញ្ជាក់ថា អ្នកបើករថយន្តដឹកគ្រញូងខាងលើ ឈ្មោះ វណ្ណៈ នៅភូមិត្រពាំងវែង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ។ ឯអ្នករបួស គឺ១-ឈ្មោះប៊ុន ស្រីខួច អាយុ២៦ឆ្នាំ ជាអ្នកលក់បង្អែមរបួសបាក់ភ្លៅ ២-ឈ្មោះ ហុិន គឹមធី ភេទប្រុសអាយុ១៦ឆ្នាំ ជាអ្នកលក់ផ្លែឈើ របួសបាក់ដៃស្តាំ និងនិងម្នាក់ទៀតរបួសស្រាល ៕
ចែករំលែកព័តមាននេះ