ខេត្តស្ទឹងត្រែង ៖ លោក គង់ រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារកត្តាមនុស្ស គឺការមិនគោរពច្បាប់ចរាចរណ៍ ការប្រើល្បឿនហួសកំណត់ បើកបរទាំងជាតិស្រវឹង បើកបរមិនប្រុងប្រយ័ត្ន ហើយគ្រោះថ្នាក់ដែលកើតមានជាញឹកញាប់ភាគច្រើននៅលើផ្លូវជាតិលេខ៧អា និងផ្លូវជាតិលេខ៧៨ពីចំណុចអូរពងមាន់ទៅខេត្តរតនៈគិរី និងផ្លូវក្រុងស្ទឹងត្រែង ។
នាយប់ថ្ងៃទី១០ កញ្ញា នគរបាលជំនាញសហការជាមួយនគរបាលនៃអធិការដ្ឋានក្រុងស្ទឹងត្រែងបានចុះពិនិត្យ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ក្នុងក្រុងនៃចំណុចផ្លូវសាលាខេត្តថ្មី ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ក្នុងនោះពិនិត្យឃើញអ្នកធ្វើដំណើរតាមម៉ូតូជាង៦០ភាគរយមិនពាក់មួកសុវត្ថិភាព ជាង១០ភាគរយម៉ូតូគ្មានកញ្ចក់មើលក្រោយ និងជាង២០ភាគរយអ្នកបើកបរទទួលទានគ្រឿងស្រវឹងលើសកំណត់ ដែលនគរបាលចរាចរត្រូវតែធ្វើការត្រួតពិនិត្យផាកពិន័យ និងណែនាំដើម្បីធ្វើយ៉ាងណាឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ជាពិសេសប្រជាពលរដ្ឋដែលស្រវឹងស្រាត្រូវមានអ្នកមិនស្រវឹងឌុបយកទៅផ្ទះ ។
យោងតាមរបាយការណ៍ប្រចាំខែសីហាបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មានចំនួន១២ករណីបើប្រៀបធៀបក្នុងខែកក្កដា ឃើញថាមានការកើនឡើងចំនួន១ករណី បណ្តាលឱ្យមនុស្សស្លាប់ចំនួនម្នាក់ របួសធ្ងន់៥នាក់ ស្រាល១៧នាក់ ម៉ូតូខូចខាតធ្ងន់ចំនួន១គ្រឿង ខូចខាតស្រាល១២គ្រឿង រថយន្តធុនស្រាលខូចខាតតិចតួចចំនួន៧គ្រឿង ខូចខាតធ្ងន់ចំនួន១គ្រឿង រថយន្តធុនធ្ងន់ខូចខាតតិចតួចចំនួន១គ្រឿង ។
ការគ្រោះថ្នាក់ចរាចរណ៍ប្រចាំខែសីហានេះ នគរបាលបានធ្វើការសម្រុះសម្រួលចំនួន៧ករណី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបានចំនួន១ករណី បន្តការស៊ើបអង្កេតចំនួន១ករណី។ ការិយាល័យនគរបាលចរាចរបានសហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តចុះស្រង់ស្ថិតិលើយានដ្ឋាននៅក្នុងខេត្តបានចំនួន៩កន្លែង ក្នុងនោះយានដ្ឋានទទួលពាក្យសុំធ្វើអាជីវកម្មចំនួន១កន្លែង គ្មានលិខិតសុំធ្វើអាជីវកម្មចំនួន៦កន្លែង ប្រើប្រាស់លិខិតធ្វើអាជីវកម្មផុតកំណត់ចំនួន២កន្លែង ។
លោក គង់ រតនា បានបន្តថា ចំពោះយានដ្ឋានគ្មានលិខិតអនុញ្ញាត និងប្រើលិខិតផុតកំណត់ ធ្វើអាជីវកម្ម លោកបានជំរុញឱ្យម្ចាស់យានដ្ឋានទៅសុំលិខិតធ្វើអាជីវកម្មនៅមន្ទីរសាធារណការ និងដឹកជញ្ជូន ចំពោះករណីម្ចាស់យានដ្ឋានណាមិនគោរពទៅតាមច្បាប់ លោកនឹងចាត់វិធានការទៅថ្នាក់លើហើយបិទយានដ្ឋាននោះជាបណ្តោះអាសន្ន ៕
ចែករំលែកព័តមាននេះ