ខេត្តព្រះវិហារ ៖ ក្មេងទំនើង២នាក់បានត្រូវកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីយប់ថ្ងៃទី៨ កញ្ញា ខណៈពួកគេបង្កការអុកឡុកក្នុងទីប្រជុំជន ។ ក្មេងទំនើងទាំង២នាក់ ម្នាក់ឈ្មោះសាន ឆានី ហៅស៊ីន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ជាសិស្ស និងម្នាក់ទៀតឈ្មោះយឹម យ៉ុន ហៅតឿ ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្ស និងមានទីលំនៅក្នុងភូមិជាមួយគ្នា ។
ចំពោះការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់នេះ បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្ត ឱ្យដឹងថា គឺដោយសារពួកគេផឹកស្រាស្រវឹង ហើយដើរអុកឡុកគេឯងពេញក្រុងព្រះវិហារធ្វើឱ្យមានការភ្ញាក់ផ្អើលស្ទើរតែរាល់ថ្ងៃដោយពុំមានអ្នកណាហា៊នប្រដៅពួកគេទេ ។ លុះនៅវេលាម៉ោង១១យប់ថ្ងៃទី៨ កញ្ញា ខណៈពេលក្មេងទំនើងទាំង២នាក់ ព្រមទាំងបក្សពួកមួយចំនួនទៀតផឹកស៊ីស្រវឹងអួទីនួ ក៏បានប្រើដុំថ្ម និងដោះស្បែកជើងដេញគប់គ្នាឯងនៅផ្សារចាស់ក្នុងក្រុងព្រះវិហារ រហូតដល់ត្រូវក្បាលអ្នកអង្គុយហូបបង្អែមនឹងស្បែកជើងថែមទៀត ។
ប្រភពដដែលបន្តទៀតថា ពេលនោះក្រុមក្មេងទំនើងបម្រុងចោលដុំថ្មទៅរកពួកគេនៅក្នុងចំណោមភ្ញៀវកំពុងអង្គុយហូបបង្អែមទៀតផង ទើបម្ចាស់ហាងប្តឹងទៅសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងព្រះវិហារធ្វើការឃាត់ខ្លួនបាន២នាក់នាំយកទៅទីបញ្ជាការខេត្តអស់រយៈពេលមួយយប់ដើម្បីធ្វើការព្រមាន និងឱ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តរាល់សកម្មភាពអសីលធម៌ទាំងនេះទៀត ។ ជាមួយនេះ បានកោះហៅអាណាព្យាបាលឱ្យមកទទួលយកទៅកាន់លំនៅឋានវិញដើម្បីអប់រំបន្ត ៕
ចែករំលែកព័តមាននេះ