ក្រុងប៉ោយប៉ែត ៖ ដោយអាកាសធាតុមានសភាពអួរអាប់ ហើយភ្លៀងបានធ្លាក់ជាបន្តបន្ទាប់កាលពីប៉ុន្មានថ្ងៃមុន រហូតរួមទាំងទឹកជំនន់ហូរបុកពីប្រទេសថៃផងនោះបង្កឱ្យភូមិមួយចំនួន ស្ថិតនៅខាងត្បូងផ្លូវជាតិលេខ៥ ក្នុងសង្កាត់លេខ២ នៃក្រុងប៉ោយប៉ែត រងការជន់លិច ប៉ុន្តែបើប្រៀបធៀបឆ្នាំនេះទៅនឹងឆ្នាំមុនៗ ឆ្នាំនេះមានការជន់លិចតិចតួចប៉ុណ្ណោះ ។
ការជន់លិចដោយជំនន់ទឹកភ្លៀង និងហូរពីប្រទេសថៃឆ្នាំនេះថ្វីត្បិតតែគេឃើញផ្ទះមួយចំនួនក្នុងភូមិកូនដំរី សង្កាត់និមិត្ត ត្រូវបានទឹកជន់លិចក្រោមផ្ទះ ប៉ុន្តែពុំមានសភាពធ្ងន់ធ្ងរដូចឆ្នាំមុនៗទេ ហើយផលដំណាំស្រូវក៏ដូចគ្នាដែរ ឯផ្ទះអ្នកស្រុកមួយចំនួនក្នុងសង្កាត់ប៉ោយប៉ែត ដូចជាភូមិអូរជ្រៅ ភូមិក្បាលកោះ និងភូមិប៉ោយប៉ែត ដែលពីឆ្នាំមុនៗគិតត្រឹមខែកញ្ញា ដូចគ្នាធ្លាប់មានការជន់លិចខ្លាំងនោះឆ្នាំនេះមានការលិចលង់តិចតួចតែប៉ុណ្ណោះ ។ ចំណែកហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ឆ្នាំនេះគេឃើញទឹកជំនន់ធ្វើឱ្យមានការបុកដាច់ផ្លូវមួយកន្លែងប៉ុណ្ណោះ ត្រង់ម្តុំក្បែរផ្លូវរថភ្លើងតភ្ជាប់ពីភូមិកូនដំរី ទៅភូមិសុខសាន្ត ស្ថិតក្នុងសង្កាត់និមិត្ត ខុសពីឆ្នាំមុនៗដែលកាលពីឆ្នាំមុនៗទឹកជំនន់បានបុកផ្តាច់ផ្លូវអស់ជាច្រើនកន្លែង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ