រាជធានីភ្នំពេញ ៖ សវនាការត្រូវបានប្រកាសផ្អាកនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១១ កញ្ញា ហើយនឹងបន្តនៅថ្ងៃទី១២ កញ្ញា នេះទៀត លើសំណុំរឿងលោក ម៉ម សូណង់ដូ និងអ្នកពាក់ព័ន្ធដទៃទៀត ។ នេះជាសវនាការមួយដែលតម្រូវឱ្យកម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយរាប់រយនាក់ និងបិទផ្លូវពេញមួយថ្ងៃ និងមានអ្នកគាំទ្រក៏រាប់រយអ្នកដែរ ដែលបានប្រមូលផ្តុំគ្នាក្រោមកម្តៅថ្ងៃ និងតំណក់ទឹកភ្លៀង ។ ចរាចរណ៍បានបើកឡើងវិញនៅពេលដែលសវនាការបានផ្អាក ។
សាលាដំបូងរាជធានីបានបើកសវនាការលើសំណុំរឿងលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ FM105MHz និងអ្នកពាក់ព័ន្ធមួយចំនួនទៀតនៅព្រឹកថ្ងៃទី១១ កញ្ញា ។
អង្គសវនាការមានលោកស្រី ចាំង ស៊ីណាត ប្រធានក្រុមប្រឹក្សា លោកលឹម មករន្ទ និងលោកលាង សំណាត់ ចៅក្រមអម ចំណែកតំណាងអយ្យការមានលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូង ។ សវនាការនេះ ក៏មានមេធាវីទាំងចុងចោទ និងដើមចោទ ព្រមទាំងមានសាក្សីទាំងអស់២៥នាក់ ។ ពេញ១ថ្ងៃ អង្គសវនាការបានសាកសួរជនសង្ស័យដែលមានមុខចំនួន៤នាក់ គឺ១-លោកម៉ម សូណង់ដូ អាយុ៧១ឆ្នាំ ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ ២-ឈ្មោះកាន់ សុវណ្ណ ភេទប្រុស អាយុ៥៤ឆ្នាំ ៣-ឈ្មោះទូច រៀម ភេទប្រុស អាយុ៣៣ឆ្នាំ និង៤-ឈ្មោះផន ស្រឿន ភេទប្រុស អាយុ៣២ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសដែលតំណាងអយ្យការធ្វើការចោទប្រកាន់កន្លងមក ។ បទល្មើសដែលបានចោទប្រកាន់លើក្រុមលោក ម៉ម សូណង់ដូ មាន៦ គឺ១-បទល្មើសប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ២-សម្លុតគំរាម ៣-កុបកម្ម ៤-ជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ ៥-កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និង៦-ឆបោក-ប្រើប្រាស់លិខិត ឬឯកសារដែលបង្កើតឱ្យមានការភាន់ច្រឡំ និងញុះញង់ឱ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់។
ក្នុងថ្ងៃបើកសវនាការនេះដែរ នៅខាងក្រៅបរិវេណសាលាដំបូង អ្នកគាំទ្រលោក ម៉ម សូណង់ដូ ប្រមាណជាង៥០០នាក់ មកពីខេត្ត-ក្រុងមួយចំនួន បានធ្វើដំណើរឆ្ពោះមកមុខសាលាដំបូង និងអះអាងថា ដើម្បីផ្តល់កម្លាំងចិត្ត និងតាមឃ្លាំមើលការកាត់សេចក្តីនោះ ។ ប៉ុន្តែក្រុមអ្នកគាំទ្រទាំនោះ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះប្រដាប់ដោយខែល ដំបងឆក់ ប្រមាណជាង៣០០នាក់ ដាក់បារ៉ាស់ដែកបិទកំណាត់វិថីព្រះមុនីរ៉េត មុខសាលាដំបូងចម្ងាយប្រមាណ៥០០ម៉ែត្រ គឺនៅត្រង់រង្វង់មូលនាងគង្ហីង កែងរបងវត្តព្រះពុទ្ធ និងនៅជិតអាងទឹកអូឡាំពិក ។ តាមអ្នកគាំទ្រលោក ម៉ម សូណង់ដូ និយាយថា ភាគីទាំងពីរបានប៉ះទង្គិចគ្នាមួយប្រាវ បណ្តាលឱ្យកុមារីបីនាក់ត្រូវប៉ូលិសប្រើដៃកៀសត្រូវចុងដង្ហើមស្រែកទ្រហោយំនៅនឹងកន្លែង នៅពេលពួកគេព្យាយាមទម្លាយរបាំងការពាររបស់សមត្ថកិច្ច ហើយព្រះសង្ឃមួយអង្គនាម កៅ សុវណ្ណធឿន ក៏ត្រូវបានបញ្ជូនទៅសាលាខណ្ឌ៧មករា នៅម៉ោងប្រមាណជិត១០ព្រឹក ។
លោក ម៉ម សូណង់ដូ ត្រូវបានឃុំខ្លួនអស់រយៈពេលជិត២ខែហើយនៅក្នុងពន្ធនាគារព្រៃស គិតមកដល់ថ្ងៃទី១១ កញ្ញា ។ នៅថ្ងៃបើកសវនាការលើសំណុំរឿងលោកម៉ម សូណង់ដូ បានកត់សម្គាល់ឃើញថា វិថីព្រះមុនីរ៉េតចាប់ពីរង្វង់មូលនាងគង្ហីង រហូតដល់រង្វង់មូលអាងទឹកអូឡាំពិកត្រូវបិទចរាចរណ៍ទាំងស្រុង និងផ្លូវតូចៗផ្សេងទៀតដែលឆ្លងកាត់សាលាដំបូងរាជធានីភ្នំពេញក៏ត្រូវបិទដែរ ។ អាជ្ញាធរបានប្រើប្រាស់កងកម្លាំងនគរបាលរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថរាជធានី ខណ្ឌ រាប់រយនាក់ បំពាក់ដោយខែល ដំបង ប៉ុន្តែគ្មានអាវុធទេ ។ កងកម្លាំងដឹកនាំ និងបញ្ជាដោយលោកឧត្តមសេនីយ៍ទោ យ៉ា គឹមអីុ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការនគរបាលរាជធានី និងស្នងការរងមួយចំនួនទៀត ។ នៅថ្ងៃនោះដែរ ផ្ទៃមេឃប្រែពីក្តៅទៅជាភ្លៀង ឯសមត្ថកិច្ចក៏បានទ្រាំទ្រតាំងពីព្រឹករហូតដល់ល្ងាច ។
មានការកត់សម្គាល់ទៀតថា បានជាសមត្ថកិច្ចបិទផ្លូវគ្រប់ច្រកល្ហកនោះ បណ្តាលមកពីមានប្រជាពលរដ្ឋជាច្រើនក្រុមមកពីបណ្តាខេត្តផងបាននាំគ្នាទៅតវ៉ា ឬក៏ជាការលើកទឹកចិត្តដល់លោកម៉ម សូណង់ដូ មានបំណងសម្រុកទៅឈរនៅមុខអគារសាលាដំបូង ទើបសមត្ថកិច្ចឃាត់ដើម្បីកុំឱ្យប៉ះពាល់ដល់អង្គសវនាការ ។ ប្រជាពលរដ្ឋអ្នកតវ៉ាមាន១ក្រុមប្រមាណជាង២០នាក់ចូលពីទិសរង្វង់មូលនាងគង្ហីង ក្នុងនោះគេបានឃើញលោកស្រី មូរ សុខហួរ កាន់ក្បាលមីក្រូ លើកទឹកចិត្តដល់ពួកគេ រីឯ១ក្រុមទៀតដែលបម្រុងសម្រុកចូលពីរង្វង់មូលអាងទឹកអូឡាំពិក ឃើញមានលោករ៉ុង ឈុន មកជាមួយដែរ ។ ម្យ៉ាងទៀត គេឃើញមានអ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំងជាច្រើននាក់ផង ក្រៅពីនេះមានមន្ត្រីអង្គការសង្គមស៊ីវិល ទាំងខ្មែរ និងជនបរទេសក៏ចូលរួមស្តាប់សវនាការដែរ ៕
ចែករំលែកព័តមាននេះ