ខេត្តបាត់ដំបង ៖ អភិបាលរងខេត្តបាត់ដំបង លោកអ៊ុយ រី បានមានប្រសាសន៍ថា ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែនាឆ្នាំ២០១២នេះ នឹងមានកីឡាករ កីឡាការិនីមកពីតាមបណ្ដាខេត្តចំនួន៤ចូលរួមប្រណាំងទូកនៅស្ទឹងសង្កែ ខេត្តបាត់ដំបង ។ លោកអភិបាលរងខេត្តបញ្ជាក់ថា ពិធីនេះនឹងរៀបចំធ្វើរយៈពេល២ថ្ងៃគឺថ្ងៃទី២៩ដល់ថ្ងៃទី៣០តុលា ឆ្នាំ២០១២ ដោយបានវាយតម្លៃថា ពិធីនេះអាចមានទ្រង់ទ្រាយធំដុំជាងឆ្នាំមុន និងមានមនុស្សចូលរួមទ្វេដងទៀតផង ។
លោកអ៊ុយ រី អភិបាលរងខេត្ត បានមានប្រសាសន៍ឲ្យដឹងបែបនេះក្នុងគ្រាដែលលោកបានបើកកិច្ចប្រជុំពិភាក្សាមួយកាលពីរសៀលថ្ងៃទី៧កញ្ញា នៅសាលប្រជុំសាលាខេត្តស្ដីពី«ការរៀបចំពិធីបុណ្យអុំទូកក្នុងឆ្នាំ២០១២»នេះ ក្នុងនាមរូបលោកជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យអុំទូកនាឆ្នាំនេះ។ លោកបានបន្តថា ការពិតយើងនៅពេលជាង១ខែទៀតទើបដល់ថ្ងៃបុណ្យអុំទូក ប៉ុន្តែមូលហេតុដែលយើងត្រូវប្រជុំពិភាក្សាពីពេលនេះទៅដោយសារលោកយល់ថា អង្គភាព ឬស្ថាប័ននីមួយៗ មានការងារជាប់រវល់ច្រើន ហេតុនេះត្រូវតែរៀបចំពិភាក្សាគ្នាជាបណ្ដើរៗទៅ ។
សាលាខេត្តបាត់ដំបងបានចេញសេចក្ដីសម្រេចមួយលេខ២៧ ចុះថ្ងៃទី៤ កញ្ញា ឆ្នាំ២០១២ស្ដីពី«ការបង្កើតគណៈកម្មការរៀបចំពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបង» ដែលមានលោកអ៊ុយ រី អភិបាលរងខេត្ត ជាប្រធាននៃគណៈកម្មការនេះ និងមានសមាសភាពមន្រ្តីមកពីស្ថាប័ននានាចំនួន១៧រូបទៀតជាអនុប្រធាន ។ ក្រុមគណៈកម្មការនេះមានភារកិច្ចគ្រប់គ្រងនិងចាត់ការទូទៅលើកម្មវិធីបុណ្យទាំងមូល ជាពិសេសមានភារកិច្ចបំផុសចលនាអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស ឬម្ចាស់អាជីវកម្មដ្ឋានក្នុងខេត្ត និងមន្ទីរអង្គភាព គ្រឹះស្ថានសិក្សារដ្ឋ ឯកជន និងក្រុង-ស្រុកចូលរួមពិធីបុណ្យអុំទូកក្នុងខេត្តបាត់ដំបង និងសម្រាប់ទៅចូលរួមប្រកូតនៅខេត្តកណ្ដាល និងនៅរាជធានីភ្នំពេញ ។
ក្នុងសេចក្ដីសម្រេចដដែលនេះក៏បានបង្កើតអនុគណៈកម្មការចំនួន៤ផងដែរ ដែលចំណុះឲ្យគណៈកម្មការខេត្ត ។ អនុគណៈកម្មការទាំង៤នេះត្រូវបានបែងចែកឲ្យទទួលភារកិច្ចផ្សេងៗគ្នា គឺទី១-អនុគណៈកម្មការពិធីការខ្លឹមសារ និងរៀបចំតុបតែងលម្អ មានសមាសភាពចំនួន១៦រូប, ទី២-អនុគណៈកម្មការបច្ចេកទេស មានសមាសភាពចំនួន២៥រូប, ទី៣-អនុគណៈកម្មការស្វែងរកថវិកា និងផ្គត់ផ្គង់ មានសមាសភាពចំនួន២៧រូប និងទី៤-អនុគណៈកម្មការការពារសន្តិសុខ សណ្ដាប់ធ្នាប់ មានសមាសភាពចំនួន១២រូប។
លោកអ៊ុយ រី ដែលជាប្រធានគណៈកម្មការរៀបចំបុណ្យអុំទូកខេត្ត បានថ្លែងដែរថា អនុគណៈកម្មការទាំង៤ខាងលើនេះនឹងត្រូវចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួនចាប់ពីពេលនេះទៅ ព្រោះពិធីបុណ្យអុំទូកឆ្នាំនេះត្រូវរៀបចំឲ្យមានលក្ខណៈល្អប្រសើរជាងឆ្នាំមុនៗ ។ លោកថា ការរៀបចំសោភ័ណភាពគឺមានសារសំខាន់ណាស់ ដូចជា ការតុបតែងភ្លើង ការរៀបចំកន្លែងលក់ទំនិញ ការរៀបចំកន្លែងទស្សនា និងការរៀបចំផ្នែកសណ្ដាប់ធ្នាប់ជាដើម ។ល។ លោកអ៊ុយ រី ក៏បានបញ្ជាក់ដែរថា ឆ្នាំនេះអាចត្រូវចំណាយថវិកាច្រើនជាងឆ្នាំមុនដោយសារតែមានកីឡាករកីឡាការិនីក្នុងខេត្តចំនួន៤ចូលរួមប្រកូតនៅខេត្តបាត់ដំបង ក្នុងនោះមានខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង។
ប៉ុន្តែលោកមិនទាន់បានបញ្ជាក់អំពី ថាតើមានទូកចំនួនប៉ុន្មានដើម្បីចូលរួមប្រកូតនាឆ្នាំនេះនៅឡើយទេ ។ ពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ តុលា ឆ្នាំ២០១២នេះ នៅដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ដែលមានរយៈពេល២ថ្ងៃ ៕
ចែករំលែកព័តមាននេះ