ខេត្តសៀមរាប ៖ បុរសជាជាងឈើម្នាក់បម្រើការងារនៅក្នុងសណ្ឋាគារឡាប៉េហៅ PARK HYATT ខណៈឡើងទៅលើពិតានដើម្បីធ្វើការងារស្រាប់តែបាត់មិនឃើញចុះមកវិញ និងភ្លាមៗនោះគ្មានអ្នកណាដឹងទេ ឯមិត្តភក្តិរួមការងារទូរស័ព្ទរកក៏មិនលើក។ លុះក្រោយមកឮសំឡេងទូរស័ព្ទរោទ៍នៅលើពិតានទើបនាំគ្នាហែកមើលឃើញដេកនៅលើពិតាន ដែលដំបូងនឹកស្មានថាដេកលុះទាញពិតានហែកឱ្យធំ ស្រាប់តែធ្លាក់មកដីទើបដឹងថាស្លាប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៧ កញ្ញា នៅក្នុងសណ្ឋាគារឡាប៉េហៅ PARK HYATT មានទីតាំងនៅកែងស្តុបឡាប៉េមុខផ្សារកណ្តាល ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ប្រភពព័ត៌មានឱ្យដឹងថា ជាងឈើដែលស្លាប់នេះឈ្មោះហេង ខុច អាយុ៣២ឆ្នាំ រស់នៅភូមិពង្រ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បច្ចុប្បន្នបម្រើការងារជាជាងឈើឱ្យសណ្ឋាគារនេះ ។ តាមការសន្និដ្ឋានរបស់លោកព្រះរាជអាជ្ញារង និងមន្ត្រីសមត្ថកិច្ចចម្រុះ គឺជាងឈើនេះស្លាប់ដោយសារចរន្តអគ្គិសនីឆក់ ។
ចំណែកម្ចាស់សណ្ឋាគារវិញ ពុំមានឃើញវត្តមាននៅក្នុងសណ្ឋាគារនេះទេ នៅតែមេការជាអ្នកគ្រប់គ្រងប៉ុណ្ណោះ ព្រមទាំងបិទទ្វារមិនឱ្យអ្នកសារព័ត៌មានចូលទៀតផង និងមានតែវត្តមានលោកព្រះរាជអាជ្ញារង សំរិទ្ធ សុខុន និងមន្ត្រីសមត្ថកិច្ចចម្រុះ ហើយការយាមនោះ គឺបិទទ្វារទាំងមុខទាំងក្រោយ ។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ