ខេត្តរតនគិរី ៖ ការប្រើប្រាស់អាវុធខុសច្បាប់បរបាញ់សត្វព្រៃមួយបានបែកធ្លាយដឹងដល់សមត្ថកិច្ច ដោយសារតែពេលបាញ់បានជ្រូកព្រៃមួយក្បាល ហើយចែកសាច់ជ្រូកព្រៃដល់អ្នកភូមិមិនគ្រប់គ្នា ទើបមានអ្នករាយការណ៍ដល់សមត្ថកិច្ច ហើយសមត្ថកិច្ចក៏ចាប់ខ្លួនអ្នកប្រើប្រាស់អាវុធខុសច្បាប់នោះកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៥ កញ្ញា ក្នុងភូមិកាឡៃតាវង ឃុំភ្នំកុក ស្រុកវើនសៃ ខណៈដែលជនសង្ស័យរួមទាំងសាច់ញាតិកំពុងផឹកស្រាក្លែមសាច់ជ្រូកព្រៃនោះ ។
តាមមន្ត្រីប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តឱ្យដឹងថា ជនដែលត្រូវចាប់ខ្លួនឈ្មោះផៃ ព្រើន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិគ្រឹង ជាអ្នកធ្វើចម្ការ មានទីលំនៅក្នុងភូមិកាឡៃតាវង ឃុំភ្នំកុក ស្រុកវើនសៃ ។ បុរសម្នាក់នេះ កន្លងមកអ្នកភូមិធ្លាប់បានរាយការណ៍ពីការប្រើអាវុធខុសច្បាប់ដែរ ប៉ុន្តែប៉ូលិសរកភស្តុតាងមិនបាន លុះមកដល់ថ្ងៃទី៥ កញ្ញា ទើបមានអ្នកភូមិរាយការណ៍ទៀតថា ជននេះទើបនឹងប្រើអាវុធខុសច្បាប់នោះបាញ់បានជ្រូកព្រៃមួយក្បាលកាលពីយប់ ហើយព្រឹកឡើងពួកគេកំពុងតែជួបជុំគ្នាផឹកស៊ីក្លែមសាច់ជ្រូកព្រៃនោះ ។ មន្ត្រីប៉ូលិសដដែលបន្តថា បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីអ្នកភូមិរួចមក កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំភ្នំកុក សហការជាមួយកម្លាំងអធិការដ្ឋានស្រុកវើនសៃចុះស្រាវជ្រាវ និងឃាត់ខ្លួនជនដែលប្រើអាវុធខុសច្បាប់រូបនេះភ្លាមៗតាមការចង្អុលបង្ហាញពីលោកស្នងការរងទទួលបន្ទុកការិយាល័យកណ្តាលនគរបាលយុត្តិធម៌នៃស្នងការដ្ឋានខេត្ត ។
នៅចំពោះមុខសមត្ថកិច្ច បុរសឈ្មោះផៃ ព្រើន សារភាពថា ខ្លួនពិតជាប្រើអាវុធខុសច្បាប់មែន ដោយបានទិញអាវុធនេះពីឈ្មោះលឿង រាំព្លល ភេទប្រុស ជនជាតិគ្រឹង រស់នៅភូមិកាឡៃសាពូន ឃុំភ្នំកុក ស្រុកវើនសៃ តម្លៃ៣ម៉ឺនរៀល រយៈពេល៥ឆ្នាំមកហើយ គឺទុកបាញ់សត្វព្រៃ ។ មន្ត្រីប៉ូលិសបញ្ជាក់ថា វត្ថុតាងដែលរឹបអូសបានគឺអាវុធម៉ាកសេកាសេ មួយដើម លេខ១១០២ និងគ្រាប់ចំនួន៥គ្រាប់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅពេលបុរសឈ្មោះផៃ ព្រើន បាញ់បានជ្រូកព្រៃនោះមក គឺចែកសាច់ដល់អ្នកភូមិិមិនបានគ្រប់គ្នា ទើបអ្នកដែលពុំបានទទួលសាច់ជ្រូកព្រៃមកហូបក៏ខឹងរួចទៅរាយការណ៍ប្រាប់ប៉ូលិសប៉ុស្តិ៍ឃុំភ្នំកុកនោះតែម្តងទៅ ។ នៅរសៀលថ្ងៃទី៧ កញ្ញា ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តទៀត ៕
ចែករំលែកព័តមាននេះ