រាជធានីភ្នំពេញ ៖ ម៉ោង១១និង៤៣នាទីយប់ថ្ងៃទី១០ កញ្ញា នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានការផ្អើលឆោឡោដោយសារស្ត្រីម្នាក់បើករថយន្តរេ៉វហ្វ័រ ពណ៌ទឹកប្រាក់ មួយគ្រឿងទៅលោតទឹកសម្លាប់ខ្លួន ។ រយៈពេលជាងមួយម៉ោងក្រោយមកត្រូវប៉ូលិសស្រង់បាននៅខាងក្រោយស្ថានីយទូរទស្សន៍CTN ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ ស្ត្រីលោតទឹកសម្លាប់ខ្លួននោះឈ្មោះនួន ថាវី អាយុ៣៤ឆ្នាំ ស្នាក់នៅម្តុំអូឡាំពិក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បើករថយន្តរេ៉វហ្វ័រ ពណ៌ទឹកប្រាក់ មួយគ្រឿងពីលិចទៅកើត មកឈប់អែបខាងស្តាំលើស្ពានជ្រោយចង្វា រួចចុះទៅឈរស្រែកយំមួយសន្ទុះ ទើបសម្រេចចិត្តលោតចូលទៅក្នុងទឹកសម្លាប់ខ្លួនតែម្តង ។ បន្ទាប់មកស្រាប់តែឮសំឡេងស្រែកយំឱ្យជួយល្វើយៗពីកណ្តាលទន្លេ ទើបប៉ូលិសតាមរកសំឡេងនោះ រយៈពេលជាងមួយម៉ោងក្រោយមកទើបប្រទះឃើញស្ត្រីនោះកំពុងហែលបណ្តែតខ្លួនខ្វៃៗនៅក្រោយស្ថានីយទូរទស្សន៍ CTN ទើបប៉ូលិសនាំគ្នាចុះទៅជួយស្រង់រួចផុតពីសេចក្តីស្លាប់ ។
បច្ចុប្បន្នស្ត្រីនោះកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជន ចំណែកការប៉ុនប៉ងសម្លាប់ខ្លួននេះមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីពិតប្រាកដទេ ដោយសារស្ត្រីនោះស្ថិតក្នុងសភាពអស់កម្លាំងមិនទាន់អាចនិយាយបានច្រើន ។ ចំណែករថយន្តដែលបន្សល់ទុកនៅលើស្ពានជ្រោយចង្វាត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក ៕
ចែករំលែកព័តមាននេះ