ខេត្តកំពង់ចាម ៖ ព្រឹកថ្ងៃទី៨ កញ្ញា យុវជន-យុវនារី ក្នុងវ័យ១៥ឆ្នាំទៅ១៨ឆ្នាំបាននាំគ្នាឈររង់ចាំធ្វើអត្តសញ្ញាណប័ណ្ណនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ។ លោកឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត ដែលបានអញ្ជើញទៅពិនិត្យការធ្វើអត្តសញ្ញាណប័ណ្ណនោះ ក៏បានណែនាំឱ្យក្មួយៗទាំងនោះ ត្រូវតែស្លៀកពាក់ និងកាត់សក់ឱ្យបានសមរម្យជាប្រជាពលរដ្ឋមានវប្បធម៌ល្អ ។
លោកវរសេនីយ៍ត្រី ប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀមបានឱ្យដឹងថា ដំណើរការធ្វើអត្តសញ្ញាណប័ណ្ណនេះ បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០១២ នៅឃុំអំពិល និងបន្តទៅឃុំចំនួន៤ទៀត ក្នុងនោះមានឃុំក្រឡា ឃុំកៀនជ្រៃ ឃុំរអាង និងឃុំរំចេកសរុប បានចំនួន៣.០៣៥នាក់ ក្នុងនោះប្រុសចំនួន១.៦៩១នាក់ ។ លោកអធិការនគរបាលស្រុកកំពង់សៀមបានបន្តថា កម្លាំងនគរបាលការិយាល័យស្ថិតិ និងអត្តសញ្ញាណប័ណ្ណខេត្តចំនួន៦នាក់ បានចុះមកបំពេញការងារចុះធ្វើអត្តសញ្ញាណប័ណ្ណនៅស្រុកកំពង់សៀម ដោយមិនមានការយកលុយនោះទេ ។
លោកស្នងការនគរបាលខេត្ត បានជំរុញដល់ការិយាល័យស្ថិតិអត្តសញ្ញាណប័ណ្ណ ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងអត់ធ្មត់ បម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ព្រោះពេលមានអត្តសញ្ញាណប័ណ្ណអាចយកទៅបំពេញការងារផ្សេងៗ ហើយត្រូវដាក់ជាប់តាមខ្លួនក្រែងពេលជួបគ្រោះថ្នាក់អ្វីមួយងាយស្រួលស្រាវជ្រាវរកក្រុមគ្រួសារ ឬសាច់ញាតិបានរហ័ស។
លោកវរសេនីយ៍ទោ ហម រដ្ឋា ប្រធានការិយាល័យស្ថិតិ-អត្តសញ្ញាណប័ណ្ណខេត្តបានប្រាប់ថា ផ្អែកតាមគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ ក៏ដូចជា លោកឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានឱ្យរូបលោកដឹកនាំកម្លាំងធ្វើអត្តសញ្ញាណប័ណ្ណប្រភេទគំរូទី៣ ក្នុងនោះមានក្រុងកំពង់ចាម ស្រុកក្រូចឆ្មារ ស្រុកព្រៃឈរ ដោយបានធ្វើរួចរាល់ជាស្ថាពរ ។ ចំណែកស្រុកកោះសូទិន ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ ស្រុកកំពង់សៀម ស្រុកចំការលើ ស្រុកស្ទឹងត្រង់ ក្រុងសួង ស្រុកជើងព្រៃ កំពុងតែដំណើរការធ្វើបានជាង៧ម៉ឺននាក់ហើយ ។ តាមគោលការណ៍នៅចុងឆ្នាំ២០១២ រំពឹងថា នឹងធ្វើរួចរាល់ស្រុក-ក្រុងទាំង១៧ ឱ្យបានមុនដំណើរការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៣ ខាងមុខ ៕
ចែករំលែកព័តមាននេះ