រាជធានីភ្នំពេញ ៖ ចោរ៤នាក់ត្រូវបានគេអះអាងថា ប្រដាប់ដោយកាំភ្លើង៤ដើម គ្រាប់បែកក្រឡាទាប៤គ្រាប់ ដេញបាញ់ប្លន់អាជីវករលក់មាស២នាក់ប្ដី-ប្រពន្ធ បណ្ដាលឱ្យមានការប្រវាយប្រតប់គ្នាជាមួយសាច់ញាតិជនរងគ្រោះ ដោយពួកចោរបាញ់សាច់ញាតិជនរងគ្រោះឱ្យរងរបួសធ្ងន់២នាក់ បុន្តែប្រជាពលរដ្ឋបានវាយសម្លាប់ពួកចោរឱ្យងាប់២នាក់តបវិញខណៈពើបប្រទះជាមួយប៉ូលិស ហើយប៉ូលិសបានបាញ់ជនទុច្ចរិតទាំងនោះឱ្យរបួស២នាក់ក្នុងចំណោម៤នាក់។
ហេតុការណ៍ដែលកើតឡើងញឹកញាប់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីថ្ងៃទី១០ កញ្ញា ២០១២ នៅក្នុងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយពួកចោរដេញតាមតាំងពីផ្សារត្រពាំងពោធិ៍ រហូតកមដល់ក្នុងផ្ទះ បន្ទាប់ពីជនរងគ្រោះរៀបចំប្រមូលអីវ៉ាន់គ្រឿងអលង្ការចេញពីតូបលក់ធ្វើដំណើរទៅកាន់លំនៅឋាន។
សាក្សីនិយាយឱ្យដឹងថា ក្រុមចោរប្លន់មានគ្នា៤នាក់ជិះម៉ូតូស៊េរីទំនើប២គ្រឿង ហើយត្រូវប៉ូលិស និងប្រជាពលរដ្ឋបង្ក្រាបបានមានកាំភ្លើងខ្លីម៉ាកកា៥៤ មួយដើម គ្រាប់បែកដៃក្រឡាទៀបផលិតនៅប្រទេសរុស្ស៊ីចំនួន៤គ្រាប់ និងម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ មួយគ្រឿង ។ ចោរប្លន់ត្រូវបានតុលាការរាស្ត្រកាត់ទោសប្រហារជីវិតនៅនឹងកន្លែង២នាក់ ឯ២នាក់ទៀតបានគេចខ្លួនបាត់ស្រមោលហើយតាមការអះអាងរបស់សមត្ថកិច្ចជំហានដំបូងចោរដែលស្លាប់ត្រូវគេស្គាល់ម្នាក់ឈ្មោះឃាង អាយុប្រហែលជាង៣០ឆ្នាំ មានទីលំនៅក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
អាជីវករលក់មាសប្តូរប្រាក់ និងប្លាទីនប្តីឈ្មោះហួ គឹមឃុន អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះផែង ស្រីស្រស់ អាយុ២៩ឆ្នាំ ពួកគេលក់ដូរគ្រឿងអលង្ការខាងលើនៅក្នុងផ្សារត្រពាំងពោធិ៍ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅផ្ទះកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះដែលត្រូវក្រុមចោរបាញ់ឱ្យរបួសនោះម្នាក់ឈ្មោះផែង សុថី ភេទប្រុស អាយុ១៦ឆ្នាំ រងរបួសស្មាខាងឆ្វេង និងម្នាក់ទៀតឈ្មោះម៉ៅ ខួច ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសភ្លៅ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុអាជីវករលក់មាសទាំង២នាក់ប្តីប្រពន្ធនោះបានប្រមូលគ្រឿងអលង្ការដាក់នៅក្នុងកាបូបមួយ ជិះម៉ូតូម៉ាកស្គូពីមួយគ្រឿងឌុបគ្នាចេញពីតូបលក់ដូរនៅផ្សារត្រពាំងពោធិ៍ ឆ្ពោះទៅផ្ទះ ហើយបើតាមទម្លាប់រាល់ដងពេលដែលពួកគេចាកចេញពីកន្លែងលក់ដូរម្តងៗតែងបានទូរស័ព្ទប្រាប់ឱ្យអ្នកផ្ទះបើកទ្វារឱ្យរួចជាស្រេច ពេលពួកគេទៅដល់បានជិះចូលទៅក្នុងតែម្តង ។ ដោយឡែកនៅថ្ងៃកើតហេតុពួកគេមិនបានប្រាប់ឱ្យអ្នកផ្ទះបើកទ្វាររង់ចាំនោះទេ ដោយទ្វារចំហស្រាប់ ព្រោះពេលនោះជនរងគ្រោះឈ្មោះម៉ៅ ខួច កំពុងធ្វើលូទឹកនៅខាងក្រៅ ឯអ្នកផ្សេងទៀតកំពុងនាំគ្នាផឹកស៊ីនៅជិតនោះដែរ ។
ខណៈនោះក្រុមចោរបានជិះម៉ូតូតាមពីក្រោយតាំងពីពេលជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធចេញពីផ្សារមកម៉្លេះ ហើយពេលទៅដល់ផ្ទះជនរងគ្រោះបានជិះម៉ូតូចូលទៅក្នុងផ្ទះ ឯក្រុមចោរបានឈប់នៅខាងមុខ បក្សពួកម្នាក់បានកាន់កាំភ្លើងក្នុងដៃចុះចូលទៅតាមជនរងគ្រោះ ឯម្នាក់ទៀតអង្គុយចាំនៅលើម៉ូតូកាន់គ្រាប់បែកក្រឡាទៀប១គ្រាប់នៅក្នុងដៃ និង៣គ្រាប់ទៀតដាក់ក្នុងកាបូបរង់ចាំបើកម៉ូតូគេចខ្លួនក្រោយពេលបក្សពួកប្លន់បានសម្រេច និងបក្សពួក២នាក់ទៀតរង់ចាំបិទគូទ ។ ចំណែកចោរប្លន់ម្នាក់ដែលកាន់កាំភ្លើងរត់ទៅតាមជនរងគ្រោះនោះដណ្តើមយកបានកាបូបលុយ និងគ្រឿងអលង្ការបានសម្រេចរួចរត់ចេញមកក្រៅវិញ និងបានបាញ់គំរាមជាច្រើនគ្រាប់ ប៉ុន្តែផ្ទុះខ្លះ និងមិនផ្ទុះខ្លះ ឯជនរងគ្រោះ និងក្រុមគ្រួសារបាននាំគ្នាស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់អ្នកដែលកំពុងអង្គុយផឹកស៊ី និងអ្នកកំពុងធ្វើលូនៅខាងមុខផ្ទះក៏នាំគ្នារត់ទៅជួយ ហើយក៏ត្រូវបានក្រុមចោរបាញ់ប្រហារស្រោចមកលើ បណ្តាលឱ្យរងរបួសដេកដួល២នាក់ ។
អ្វីដែលជាថ្ងៃអង្សារបស់ក្រុមចោរ គឺពេលនោះពើបប្រទះជាមួយប៉ូលិសដើរល្បាតក៏បាញ់តដៃគ្នាទៅវិញទៅមក ទីបំផុតចោរដេកដួល២នាក់ ហើយប្រជាពលរដ្ឋបង្ហើយតែម្តង ៕
ចែករំលែកព័តមាននេះ