យោងតាមប្រភពគេហទំព័រឆាណាប៊ើស ចេញផ្សាយថ្ងៃទី២៩ សីហា ឆ្នាំ២០១២ ឱ្យដឹងថា រដ្ឋាភិបាលទីក្រុងហ្វូសាន ខេត្តហ្គងដុង ភាគអាគ្នេយ៍ប្រទេសចិន បានប្រកាសពីវិធានការថ្មីមួយក្នុងគោលបំណងបណ្តេញអ្នកសុំទាន និងជនអនាថាឱ្យចាកចេញពីទីក្រុង ។
មានមហាជនជាច្រើនបានរិះគន់ប្រឆាំងនឹងវិធានការថ្មីនេះ ខណៈដែលរដ្ឋាភិបាលបានចាក់ស៊ីម៉ង់ត៍រាងពីរ៉ាមីតនៅតាមទីសាធារណៈដើម្បីកុំឱ្យអ្នកសុំទាន ឬជនអនាថាស្នាក់អាស្រ័យ ។
ប្រភពបានឱ្យដឹងទៀតថា វិធានការថ្មីនេះនឹងមិនអនុញ្ញាតឱ្យមានអ្នកសុំទាន ឬជនអនាថា ដេកដួលនៅកន្លែងសាធារណៈដូចជា ចំណតរថយន្តក្រុង, កំពង់ផែ, ផ្លូវដើរក្រោមដី, ពហុកីឡដ្ឋាន, មហោស្រព, សួនច្បារ និងតំបន់ទាក់ទាញភ្ញៀវទេសចរមួយចំនួនទៀត ។
ការិយាល័យអភិវឌ្ឍន៍ជាយក្រុង-ជនបទ និងលំនៅឋានរបស់ទីក្រុងហ្វូសាន បានដាក់ចេញនូវវិធានការនេះក្នុងគោលបំណងលើកកម្ពស់កិត្យានុភាពមុខមាត់ និងសោភ័ណភាពទីក្រុងទាំងមូល។ ម្យា៉ងទៀត ការិយាល័យមួយនេះយល់ឃើញថា ការដើរសុំទានគឺជារូបភាពមួយដែលនាំឱ្យមានផលប៉ះពាល់មុខមាត់ទីក្រុង ជាពិសេសជះឥទ្ធិពលអាក្រកដល់ភ្ញៀវទេសចរ៕


ចែករំលែកព័តមាននេះ