ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នួន ​ភិរម្យ​ និយាយ​ប្រាប់​​​ពី ​មូល​​ហេតុ​​ ដែល នួន​ ភិរក្ស សន្លប់​​នៅ​​លើ​​សង្វៀន

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​អាទិត្យ​ ទី​២៦ ​​សីហា នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​បឹង​ស្នោ ​ម្ចាស់​ខ្សែ​ក្រវាត់​​៣ ​កីឡាករ នួន ភិរក្ស​ បាន​សន្លប់​ក្រោម​​ដៃ​កីឡាករជើង​ថ្មី ហេង វិឆ័យ ​គួរ​ឱ្យ​អាម៉ាស់​​បំផុត ដោយ​សូម្បីតែ​ហេង ​វិឆ័យ ​មិន​​បាន​ប្រើ​តិច​និក​ពិ​សេស​​អ្វីសោះ​ក្នុង​​ការ​ប្រកួត។​ ​អ្នក​ខ្លះ​​សង្ស័យ​​ថា នួន ភិរក្ស ​លក់​ខ្លួន​​​ ទើប​​​បណ្តោយ​​​​ឱ្យ​​ ហេង ​វិឆ័យ ​ស៊ុត​ចូល​​ច្រើន​​​ជាង​វាយ​​បក ប៉ុន្តែ​​ពាក់ព័ន្ធ​​នឹង

រាជ​ធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​អាទិត្យ​ ទី​២៦ ​​សីហា នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​បឹង​ស្នោ ​ម្ចាស់​ខ្សែ​ក្រវាត់​​៣ ​កីឡាករ នួន ភិរក្ស​ បាន​សន្លប់​ក្រោម​​ដៃ​កីឡាករជើង​ថ្មី ហេង វិឆ័យ ​គួរ​ឱ្យ​អាម៉ាស់​​បំផុត ដោយ​សូម្បីតែ​ហេង ​វិឆ័យ ​មិន​​បាន​ប្រើ​តិច​និក​ពិ​សេស​​អ្វីសោះ​ក្នុង​​ការ​ប្រកួត។​ ​អ្នក​ខ្លះ​​សង្ស័យ​​ថា នួន ភិរក្ស ​លក់​ខ្លួន​​​ ទើប​​​បណ្តោយ​​​​ឱ្យ​​ ហេង ​វិឆ័យ ​ស៊ុត​ចូល​​ច្រើន​​​ជាង​វាយ​​បក ប៉ុន្តែ​​ពាក់ព័ន្ធ​​នឹង​បញ្ហា​​នេះ​កីឡាករ​​នួន​ ភិរម្យ​ ​ជា​​បង​ប្រុស​​​បង្កើត​​​បាន​​ច្រាន​ចោល​​ និង​ប្រាប់​​ពី​មូល​ហេតុ​​ដែល​ធ្វើឱ្យ​​ នួន ភិរក្ស​ ​សន្លប់​​នៅលើ​​សង្វៀន​​នោះ ។​​

​ស្នាដៃ​​​និង​ការ​​សរសើរដែល​​កីឡាករ​ នួន ភិរក្ស​ ​មកពី​ក្លិប​​​ប្រដាល់​​ក្រសួង​​មហាផ្ទៃ ​ធ្លាប់​បាន​​ទទួល​នា​​ពេល​កន្លង​មក​ ​ស្ទើរ​​រលាយ​​បាត់​បង់​​​​ទាំង​ស្រុង ​បន្ទាប់​ពី​​​ត្រូវ​​សន្លប់​​​​ក្រោម​កណ្តាប់​ដៃ​​​កីឡា​ករ​​​ជើង​ថ្មី ហេង វិឆ័យ  ​មក​​ពី​ក្លិប​​កង​ពល​តូច​​លេខ​៧០​​ នៅ​ចុង​ទឹក​ទី​៥ ។ ​គ្មាន​​អ្នក​ណា​​​ស្ងប់​ចិត្ត​​នោះ​ទេ ​នៅពេល​​​ នួន ភិរក្ស​​ ​​ដែលអ្នក​ណា​​ក៏​ដឹង​ថា ​កំពុង​​កាន់​ខ្សែ​ក្រវាត់​​​៣ គឺ​ខ្សែ​ក្រវាត់​​​ស្រា​ឥន្ត្រី​​ ភេសជ្ជៈ​​ឡូម៉ា ​និង​ភេសជ្ជៈ​​ខារ៉ាបាវ ​ស្រាប់​តែ​​​​បាត់​បង់​​ភាពខ្លាំង​ ហើយ​បណ្តោយ​​ឱ្យ​គូ​ប្រកួត​​ស៊ុត​​យក​ៗ​​ហាក់​ដូច​​ខ្លួន​​​ឯង​​ជ​ា​កីឡាករ​​​ជើង​ថ្មី ។​ ចាប់​តាំងពី​​ទឹក​ទី​២​មក​ នួន ភិរក្ស​ ​ត្រូវ​ េហង វិឆ័យ​​ ​អុក​​​នឹង​ជង្គង់​​ផង​ ម៉ាត់​ផង ​ហើយ​ទម្រាំ​​ដល់​ទឹក​ទី​​៥ គឺ​ នួន ភិរក្ស ​ប្រឹង​​ទាំង​​ត្រដាប​ត្រដួស​​​​បំផុត ។ អ្នក​ទស្សនា​​​ភាគច្រើន​​លើក​ឡើង​​ថា នួន ភិរក្ស ​សន្លប់​​នៅ​ចុង​ទឹក​ទី​៥​ ​ក្រោម​កណ្តាប់​ដៃ​​ ហេង​​ វិឆ័យ  ​​គឺ​ដោយ​សារ​​តែ​​មិន​​វាយ​ ដែល​ក្រៅ​​ពី​វាយ​កែង​ម្តង​ម្កាល​​ ​និង​ចូល​​ឱប​ដើម្បី​ទប់​កុំ​​ឱ្យគូ​ប្រកួត​​​​​វាយ​លុក ​គឺ​​អត់​​ដឹង​ថា ​ធ្វើ​អ្វី​បន្ថែម​​ ។ អ្វី​​ដែលគួរ​​​ឱ្យ​ឆ្ងល់​​គឺ​​ ភិរក្ស ​បញ្ចេញ​​សភាព​​អស់​ដៃ​​អស់ជើង ​បែប​​​ហត់​​ខ្លាំង​ តាំង​ពី​​ទឹក​ទី​៣ ​ឈាន​ចូល​​មក​ដល់​ម៉្លេះ ។

អ្នកទស្សនា​​ផ្ទាល់​​មិន​តិច​ទេនិយាយថា ​​​ប្រហែល​​​មកពី​ភិរក្ស ​លក់​ខ្លួន​ ទើប​មិន​​វាយ​​​ ឯ​​អ្នក​ខ្លះទៀត​​​​​និយាយថា ​​មក​ពី​​​ម​ិន​ចេះ​រក្សា​កម្លាំង​​​​របស់​ខ្លួន​​ ទើប​​គ្រាន់​តែ​​បញ្ចេញ​​​ក្បាច់​ទាត់​​ធាក់​​និង​កែង​​លើ​ ហេង វិឆ័យ ​​​បាន​មួយ​​​ប្រាវ​​ក៏ហត់​​ដង្ហក់​​ ហើយ​បណ្តោយ​​ឱ្យ​​ ហេង វិឆ័យ ​ស៊ុត​​យកៗ​​​​រហូត​​ដល់​ដួលសន្លប់​​នៅ​ចុង​ទឹក​ទី​៥​ ​។ ​កីឡាករ ​នួន ភិរម្យ ​បង​ប្រុស​​​របស់កីឡាករ​​​​រូប​នេះ​​និយាយថា ​ក្នុង​ការ​ប្រកួត​​កាលពីថ្ងៃ​អាទិត្យ​​នោះ ​ទោះ​ជា​​​មើល​បែបណា​​ក៏មិន​​ឃើញ​ថា ​នួន ភិរក្ស ​លក់​ខ្លួន​​ដែរ ​ដោយ​សារ​​តែ​ប្អូន​ប្រុស​​របស់​​ខ្លួន​ប្រឹង​​ប្រកួត​​ឡើង​អស់​​​​​​ដៃ​អស់ជើង​ទៅ​ហើយ ។ ​ ​ម្យ៉ាង​​ទៀត​ក៏​​មិន​ជឿ​ដូចគ្នា​ថា ​ភិរក្ស​​ ចាញ់​​​ស៊ុហ្វ​គូ​ប្រកួត​​ដល់​ម្លុឹង ហើយ​​មក​ពី​គេ​​ហត់​រហូត​​​ទប់​ជំហ​រ​លែង​បាន​​​ហ្នឹង​​​ហើយ ​ទើប​​មិន​​មាន​ឱកាស​​វាយ​​លុក​គូប្រកួតដោយ​ប្រើ​​បច្ចេក​ទេស​​​​ ដូចពេល​​ប្រកួត​​​នា​ពេល​​មុនៗ​​​ទាល់​តែ​​សោះ ។​

ពាក់ព័ន្ធ​​នឹង​ភាព​ចុះ​​ខ្សោយ​​​របស់​ប្អូន​​​ប្រុស​នេះ កីឡាករ​​នួន ភិរម្យ បញ្ជាក់​ថា ​មិន​មែន​​បណ្តាល​​មកពី​​​សុខ​ភាព​​មិន​ប្រក្រតី​​នោះ​ទេ ​ប៉ុន្តែ​អ្វី​​ដែល​សំខាន់​​គឺ​បណ្តាល​មក​ពីមិន​មាន​​ពេល​ហ្វឹក​ហាត់​​​ឱ្យ​ជាប់​​លាប់​ដូច​គ្រា​មុន ​។ ចាប់​​​តាំង​ពី​​ ភិរក្ស ​ក្លាយ​ជា​​​​ពល​បាល​ត្រី​ក្នុង​​ក្រប​ខណ្ឌ​ប៉ូលិស​​​​នៅ​នាយក​ដ្ឋាន​​អន្តរាគមន៍​​​ក្រសួង​មហាផ្ទៃ​​មក​ ​អត់​​ដែលមាន​​ពេល​មក​ហ្វឹក​ហាត់​​ក្នុង​ក្លិប​​​​ជាមួយ​​លោក​គ្រូ មាស សុខគ្រី ​​ឬ​ជាមួយ​​ខ្លួន​ញឹក​ញាប់​ទេ ​ដោយ​សារ​តែ​​ការងារ​​ថ្មី ​ដក​ឃ្លា​មិន​រួច ។ កីឡាករ​ ​នួន ភិរម្យ​ ​និយាយថា  «​​ភិរក្ស​ប្អូន​​ខ្ញុំ​​​ប្រកួត​​អត់​កើត​​ថ្ងៃ​ហ្នឹង​ (​២៦ សីហា) ​គឺ​​បណ្តាល​មកពី​​​ខាន​ហាត់​​​យូរ ហើយ​​មុន​ឡើង​រេញ​ជាមួយ​​ហេង វិឆ័យ ​ហ្នឹង ​​​គ្នា​មក​ហាត់​បាន​តែ​​​ពីរ​បីដង​​​ ​រឿង​អ​ីមិន​​ឆាប់​ហត់​ បើ​ខាន​ចូល​​ក្លិបជាប់​លាប់​​ជាង​២ឆ្នាំ​មក​ហើយនោះ» ។​

ភិរក្ស ​​ធ្លាក់ដៃ​​តាំង​ពី​ជាប់​រៀន​​វគ្គ​ប៉ូលិស​​​​នៅក្រាំង​ចេក ​ក្នុង​​ខេត្ត​​កំពង់ស្ពឺ​ម៉្លេះ ​ប៉ុន្តែ​​​មក​ពី​​ជាប់​ឈ្មោះ​ជាកីឡាករ​​​​​ហើយ​​មិន​​ចង់​បាត់​​ឈ្មោះ ទើប​ចេះ​តែ​​ឆ្លៀត​​ឡើង​រេញ ​ដោយ​សុខ​ចិត្ត​​សុំ​ច្បាប់​​មក​ហាត់​​ពីរ​បីថ្ងៃ​មុន​ពេល​​ឡើង​សង្វៀន​​ដើម្បី​​បាន​​​ប្រាក់​​ក្រៅ​ផង ​ដើម្បី​​កុំ​ឱ្យ​​ភ្លេច​​ក្បាច់​​ផង ។​ កីឡាករ​​​​​ នួន ភិរម្យ​​ អះ​អាង​ថា  ភិរក្ស ​មិន​ស្ថិត​​ក្នុង​​​ក្លិប​​របស់​ខ្លួន​​ទេ ទើប​​ខ្លួន​​មិន​មាន​​សិទ្ធ​ិ​​កំណត់​​ឱ្យ​គេ​ឡើង​​សង្វៀន​​ ឬ​មិន​​ឡើង​ ប៉ុន្តែ​​ដើម្បី​ការពារ​​​​​មុខ​មាត់​​​ ខ្លួន​នឹង​​ស្នើ​ឱ្យ​គេ​​ហ្វឹក​ហាត់​​ឱ្យ​ខ្លាំង​​ដូចដើម​​សិន ​ទើប​​​ឱ្យ​ឡើង​​ប្រកួត​ម្តង​ទៀត ។​
ដោយ​ឡែក​​ក្នុងកា​រប្រកួត​​​នា​ថ្ងៃ​នោះ​កីឡាករ នុត នីសាន់ ​មក​ពី​ក្លិប​​យុវជន​​កម្ពុជា​​មានជ័យ ​បាន​ធ្វើ​​​ឱ្យកីឡាករ ​ចាន់ ​ឡហា ​មកពីក្លិប​​និរោធ​​មានជ័យសន្លប់​​នៅទឹក​ទី​៣ ។ ​កីឡាករ ចន្ថា ​សារ៉ាន់ ​មកពីក្លិប​​យុវ​កីឡា​ខេត្ត​កណ្តាល​ ឈ្នះ​​ពិន្ទុ​​​​កីឡាករ ស៊ឹម ​សំ មក​ពីក្លិប​​​កង​​រាជ​អាវុធ​ហត្ថ​​​រាជ​ធានីភ្នំពេញ ។

កីឡាករ ផាន់ ​ពិសិដ្ឋ ​មក​ពីក្លិប​​​គជ​សារ​កីឡា ​ឈ្នះ​ពិន្ទុ​​កីឡាករ​ ពេជ្រ​ សំពៅ ​មក​ពីក្លិប​​មជ្ឈ​មណ្ឌល​​កីឡា​កង​យោធ​​​ពល​​ខេម​រ​ភូមិ​ន្ទ ខណៈ​ដែលកីឡាករ ​ថៃ ​ប៊ុន​​ហាន​ មកពី​ក្លិប​​​បុរី​នាគរាជ​ ត្រូវ​គណៈ​កម្ម​ការ​កំណត់​​ឱ្យ​ចាញ់​​​ កីឡាករ​ ស៊ី​ថា ​សារ៉ាន់ ​មកពីក្លិប​​មជ្ឈ​មណ្ឌល​​កម្ចាត់​មីន​​កម្ពុជា ក្នុងទឹក​​ទី២​ ដោយ​សារ​​តែ​ជ្រុល​ជើង​ទាត់​គូ​ប្រកួត​​ខុស​លក្ខន្តិកៈ​ក្នុង​​ពេល​គេ​ដួលទៅ​​ហើយ ៕