ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំ​រឿង​ពុក​រលួយ មន្ត្រី​៤​នាក់​​ជាប់​ចោទ​ពី​បទ​​កិប​កេង​ប្រាក់​ជិត​២​លាន​ដុល្លារ បាន​នៅ​ក្រៅ​ឃុំ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ចៅក្រម​​​​ស៊ើប​សួរ​​សាលា​ដំបូង​​​រាជធានី លោក​​​លាង សំណាត់​​ ​បាន​​​​ចេញដីកា​​​​សម្រេចឱ្យ​​នៅ​​​​​ក្រៅ​ឃុំ​​​​បណ្តោះ​អាសន្ន​​មន្ត្រី​​ក្រសួង​​រៀបចំ​ដែនដី​​​ នគរូបនីយកម្ម​​ និង​សំណង់​​​ ចំនួន​​​៤នាក់​​​ដែល​​​ជាប់​ឃុំ​​​​នៅ​​​ពន្ធនាគារ​​​ព្រៃស ក្រោម​​ការ​ចោទ​​​​ប្រកាន់​​​​ពីបទ​​​ពុក​រលួយ​​ ពាក់ព័ន្ធ​​​នឹង​​ការកិប​កេង​​ថវិកា​​​​រដ្ឋ​ជិត​២​​លាន​ដុល្លារ​​​​អាមេរិក​​​ដែល​ជា​ទឹក​​​ប្រាក់​​ក្នុង​​​​គម្រោង​​ផ្តល់​​ដីសម្បទាន​​សង្គម​​កិច្ច​​សាង​​សង់​​​លំនៅ​ឋាន​​​ជូន​​អតីត​យុទ្ធ​ជន និង​ជន​ក្រីក្រ មក​ធ្វើ​​​ជា​ប្រយោជន៍​​​ផ្ទាល់​ខ្លួន​​ ។  ​

​ចៅក្រម​​​ស៊ើប​​​​សួរ​សាលា​ដំបូង​​​រាជធានី​​​ភ្នំពេញ​​ សម្រេច​ឱ្យ​​នៅ​ក្រៅឃុំ​​បណ្តោះ​អាសន្ន​នេះ​ កាលពី​ព្រឹក​ថ្ងៃទី​១៤ ​សីហា​ តែ​ក៏​បាន​​ដាក់​ឱ្យ​ស្ថិត​​ក្រោម​​​ការ​ត្រួត​​ពិនិត្យ​​​តាម​​​ផ្លូវ​​​តុលាការ​ ។ ​ចំពោះ​​​ការ​សម្រេច​ដោះ​លែង​​ឱ្យ​​នៅក្រៅ​ឃុំ​នេះ​ បើ​តាម​​ប្រភព​​ពី​​​​ក្រុម​​មេធាវី​​ការពារ​​​ក្តី​ឱ្យ​​ដឹងថា​ ​ បន្ទាប់​ពី​​​ដាក់​ពាក្យ​​ជា​បន្ត​បន្តាប់​​ឱ្យកូន​​​ក្តីរបស់​​​​ខ្លួន​​បាន​​នៅ​​ក្រៅឃុំ​​បណ្តោះ​​អាសន្ន​​កាលពី​ថ្ងៃទី​១០​ ​និង​ថ្ងៃទី​១៣ សីហា កន្លង​ទៅ។ ​

រឿង​​​​អាស្រូវ​​​ពុករលួយ​មួយ​នេះ​​ បាន​​កើត​ឡើង​​​​​គួរ​ឱ្យ​​​ភ្ញាក់​ផ្អើល​​​សម្រាប់​​មន្ត្រី​​​រាជការ​​​​ទូទៅ។​ ​មន្ត្រី​​​​ទាំង​​​៤​​នាក់​បាន​​​​ជាប់ចោទ​កិបកេង​​​ថវិកា​រដ្ឋ​ក្នុង​​​គម្រោង​​ប្រគល់​​ដីសម្បទាន​​សង្គម​កិច្ចនិង​សាង​សង់​លំនៅ​ឋាន​​​សម្រាប់​​អតីត​​យុទ្ធ​ជន​​​ប្រចាំ​​​​ឆ្នាំ​២០១១ ដែល​មាន​​ទឹក​​ប្រាក់​​​រាប់​សិប​​ពាន់​​លាន​​​រៀល​​​​ ហើយ​ការ​​អនុវត្ត​​ជាក់​ស្តែង​ត្រូវ​បាន​​​​មន្ត្រី​​​មួយចំនួន​​​ឃុបឃិត​គ្នា​កេង​​​ប្រវ័ញ្ច​ ដែល​ការ​​​​ឃុបឃិត​​គ្នា​​​នេះ​​ត្រូវ​បាន​​​​មជ្ឈដ្ឋាន​​​អ្នក​តាម​ដាន​​​​​នានា​​មើល​​ឃើញ​​​​ថា​គឺ​​​ដូចជា​​​​សម្ល​កំពិស​​ ។​

​ឆ្លង​តាម​​​​ការ​ត្រួត​ពិនិត្យ​​​​និង​ស្រាវ​ជ្រាវ​​​របស់​​​អង្គភាព​​ប្រឆាំង​អំពើ​​​​ពុក​រលួយ ​បាន​កំណត់​​អត្តសញ្ញាណ​​​​​អ្នក​ជាប់​ពាក់ព័ន្ធ​​​នឹង​ករណី​​​នេះ រួចសុំគោល​ការណ៍​​​ពីតុលាការ​​​ឃាត់​ខ្លួន​​​​ពួកគេ​​​យក​មក​​សាកសួរ​​​ដើម្បី​​រក​​ខ្សែរយៈ​​ជាបន្ត​​ទៀត។​​មន្ត្រីទាំង​​៤​នាក់​​នេះ​មាន​

១-​លោក​​សារ៉េត បូរ៉ាមី អគ្គ​នាយករង​ក្រសួង​​រៀបចំ​ដែនដី​​​នគរូបនីយ​កម្ម​​​ និង​សំណង់។

២-​​​លោក​​​​​​ផូរ វុឌ្ឍី​​ ប្រធាន​​​នាយក​ដ្ឋាន​​ផែន​ការ​​​សេដ្ឋកិច្ច​​ហិរញ្ញ​វត្ថុ​​​​ ។

៣-​លោក​​​​មាស  ឥស្សរ៉ា​ អនុប្រធាន​​នាយក​ដ្ឋាន ។

៤-​លោក​​​​​​ទុយ ​ឡាយ​រិទ្ធី មន្ត្រី​​បម្រើ​​ការ​នៅ​​​ក្រសួង​រៀបចំ​​ដែនដី​​​នគរូបនីយកម្ម​​​ និងសំណង់​ ​។

មន្ត្រី​​​​ទាំង​៤​នាក់​​បាន​ត្រូវ​​​លោកសុខ​ ​​រឿន​ ព្រះរាជ​អាជ្ញា​​​​រង​អម​​សាលា​​ដំបូង​​​រាជ​ធានីភ្នំពេញ​​ សម្រេច​​ចោទ​ប្រកាន់ពី​​បទ​​ពុក​រលួយ រួច​ត្រូវ​ចៅ​ក្រម​​​ស៊ើប​​​​សួរ​សម្រេច​ឃុំ​ខ្លួន​​​កាលពី​​រសៀល​​ថ្ងៃទី​៩ ខែសីហា កន្លងមក ។​

នៅថ្ងៃទី១០ ខែសីហា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បាន​ចេញ​សេចក្តី​​ប្រកាស​ព័ត៌មានជាសាធារណៈថា​ ​«ក្រោយពី​បាន​ទទួល​ព័ត៌​មាន​អំពីភាព​មិនប្រក្រតី​ស្តីពីការ​អនុវត្ត​គម្រោង​សម្បទានដីសង្គម​កិច្ច​សម្រាប់​អតីត​កង​កម្លាំងប្រដាប់អាវុធ ​និង​គ្រួសារ​ដែល​បាន​ចុះ​ផ្សាយ​នៅលើទំព័រ​សារព័ត៌មានខ្លះ​ ក្រសួង​​បាន​​បង្កើត​គណៈ​កម្មការមួយ​ឱ្យចុះ​ទៅពិនិត្យ​ស្ថាន​ភាព​​លទ្ធ​ផល​សម្រេច​ជាក់ស្តែង​នៅខេត្ត​អនុវត្ត​គម្រោង​មួយចំនួន ។ ផ្អែក​លើ​លទ្ធផល​នៃការ​ត្រួត​ពិនិត្យ​បឋមនេះ​ ក្រសួង​បានព្យួរ​ការ​ងារ​លោកផូរ វុឌ្ឍី ប្រធាន​​នាយក​ដ្ឋាន​ផែន​ការ ​សេដ្ឋ​កិច្ច និងហិរញ្ញ​កិច្ចរបស់​ក្រសួងនៅថ្ងៃទី១៩​​ ខែមិថុនា ឆ្នាំ២០១២ ដើម្បី​ឱ្យ​គណៈ​កម្មការ​សវន​កម្មរបស់​ក្រសួង​ធ្វើអធិការ​កិច្ច​ដោយ​មាន​កិច្ច​សហការ​ជាមួយអង្គភាព​ប្រឆាំង​អំពើពុក​រលួយ ។ ជាលទ្ធផល​ មកដល់​ពេល​នេះមន្ត្រី​របស់​ក្រសួង​ចំនួន៤រូប​ដែលជាប់​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ ​បានត្រូវ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​បញ្ជូន​ទៅតុលាការ​ដើម្បីបន្តការ​ស្រាវ​ជ្រាវ​និង​សម្រេ​ច​តាមនីតិវិធីច្បាប់ ៕