ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ខ្សែ​.ក​អ្នក​ទិញ​សំបុត្រ​​​រថយន្ត​​​ជិះ​រត់​ដួល​ម៉ូតូ​​​នគរ​បាល​​​ក្របួច​​​បាន​ទាំង​​2

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ យុវជន​​​២នាក់​​​ កាល​ពី​វេលាម៉ោង​​​៩និង​១០​នាទី​ព្រឹក​ ថ្ងៃទី​​១៣​ សីហា​ ​​ត្រូវ​បាន​​​​​នគរ​បាល​​​ប៉ុស្តិ៍​សង្កាត់​​​បឹង​ព្រលឹត​​ សហការ​​ជាមួយ​​​ផ្នែក​ជំនាញ​​ព្រហ្មទណ្ឌ​​​ខណ្ឌ​៧​មករា​ ឃាត់ខ្លួន​​ បន្ទាប់​ពី​ពួក​គេ​​​​ធ្វើ​សកម្មភាព​​​​ឆក់​ខ្សែ.ក​ពី​នារី​ម្នាក់​ដែល​អង្គុយ​​លើ​ម៉ូតូ​រង់​ចាំ​បង​ដែល​ទៅ​រក​ទិញ​សំបុត្រ​​​រថយន្ត​ក្រុង​ រួច​ជិះ​រត់​ទៅ​បុក​អ្នក​ដំណើរ​បណ្តាល​ឱ្យ​ដួល​ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​​នៅ​ចំណុច​ចំណត​រថយន្ត​​ក្រុម​ហ៊ុន​កាពីតូល ស្ថិត​នៅ​ផ្លូវ​លេខ​​​​១៨២​ សង្កាត់​​​បឹង​ព្រលឹត​​ ខណ្ឌ​៧មករា ​។

ជន​សង្ស័យឈ្មោះ ឡេង​ សុង​ អាយុ​​៣០​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ សង្កាត់​​​ស្ទឹង​មានជ័យ និង​ម្នាក់​ទៀត​​​ឈ្មោះ ជឿន​ វ៉ាន់​ថា  អាយុ​​២១​ឆ្នាំ ស្នាក់​​​នៅ​ជាមួយ​គ្នា​ ។ រីឯ​ម្ចាស់​ខ្សែ.ក​ឈ្មោះ សុខ វណ្ណ​ដា ​ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​អាជីវ​ករ​​ ស្នាក់​នៅ​ផ្ទះ​​លេខ​៦៦​DEo​ ផ្លូវ​លេខ​​​២០០ សង្កាត់​​​​បឹង​រាំង​ ខណ្ឌ​ដូនពេញ​ ។

តាម​ប្រភព​ព័ត៌មាន​​ពី​សមត្ថកិច្ច​​​បាន​ឱ្យ​ដឹង​ថា នៅ​វេលាម៉ោង​​ប្រមាណ​​​ជា​៩ព្រឹក​​​ នារី​ម្ចាស់​ខ្សែ.ក​ និង​បង​ស្រី​បាន​ជិះ​​​ម៉ូតូ​ពី​​ផ្ទះទៅ​​ទិញ​សំបុត្រ​រថយន្ត​​​ក្រុម​ហ៊ុន​កាពីតូល​ ទៅ​ក្រុង​​ព្រះ​សីហនុ ។ ពេល​ទៅ​ដល់​​​ចំណត​រថយន្ត​​ដែល​ស្ថិត​នៅ​ខាង​ត្បូង​​​​ផ្សារ​អូរ​ឫស្សី​​​ បងស្រី​នារី​ម្ចាស់​ខ្សែ.ក​បាន​ចុះ​ពីលើ​​ម៉ូតូ​​​ដើរ​​ទៅ​រក​ទិញ​​​​សំបុត្រ​រថយន្ត​ ទុក​ឱ្យ​ប្អូន​ស្រី​អង្គុយ​​​លើ​​ម៉ូតូ​រង់​ចាំ​ដោយ​ពាក់​អាវ​​ចំហ.ក​បញ្ចេញ​​​ខ្សែ.ក​ប្លាទីន​​ ទម្ងន់​​​៣ជី​នៅកណ្តាលវាល​ ។ ​

ពេល​នោះ​ស្រាប់​តែ​​​​មាន​យុវជន​២នាក់​ជិះម៉ូតូ​​​ម៉ាក​ស្តេប​​ពណ៌​ខ្មៅ ពាក់​ស្លាកលេខ​ភ្នំពេញ 1K-7898 មក​ឆក់​​ខ្សែ.ក​ពី​នាង​​ រួច​ហើយ​ពួកគេ​បាន​បន្ថែម​ល្បឿន​​​យ៉ាង​លឿន​​បម្រុង​គេច​ខ្លួន ប៉ុន្តែ​​សំណាង​មិន​ល្អ​​ពេល​ជិះ​រត់​ទៅ​មុខ​បាន​បន្តិច​ ក៏​ប៉ះនឹង​​​ម៉ូូតូ​អ្នកដំណើរ​បណ្តាល​ឱ្យ​​​ដួល​គាប់​ជួន​ម្ចាស់​ខ្សែ​.​ក​ស្រែក​​​ឆោឡោ​​​ឡើង​ និង​ចំពេល​​​កម្លាំង​​ល្បាត​ក្នុង​មូល​ដ្ឋាន​​​របស់​នគរ​បាល​​​ប៉ុស្តិ៍​​បឹង​ព្រលឹត​​​​មក​ទាន់​​​ក៏​ក្របួច​​​បាន​ទាំង​​​២នាក់​ភ្លាម​ៗ​​តែ​ម្តង ។

​លោក​អនុសេនីយ៍ទោ​ ប៉ាត​ សំណាត ​នាយ​​នគរ​បាល​ប៉ុស្តិ៍​​បឹង​ព្រលឹត​បាន​ឱ្យ​ដឹងដែរ​ថា បន្ទាប់​​ពី​មាន​សម្រែក​​​ថា ចោរៗ​​ឆក់​ខ្សែ.ក​​ កម្លាំង​​​​ល្បាត​​២៤​ម៉ោង​របស់​លោក​​​​​បាន​អន្តរាគមន៍​ចាប់​ខ្លួន​​​ជន​សង្ស័យ​​ជាបន្ទាន់ដែ​ល​ពេល​នោះ​ពួកគេ​បាត់​​​បង់​ស្មារតី​​រត់​ប្រាស​​អាយុ​ចោល​ម៉ូតូ​​រៀង​​ខ្លួន​បន្ទាប់​ពី​ជិះ​ម៉ូតូ​រត់​ទៅ​បុក​អ្នក​ដំណើរ​បណ្តាល​ឱ្យ​ដួល​ ។ លោក​ប៉ាត​ សំណាត បន្តថា ​បន្ទាប់​ពី​កម្លាំង​​​​​លោក​ចាប់​បាន​​ជន​សង្ស័យ​​​ និងម៉ូតូ​​​ធ្វើ​សកម្មភាព​​​​១គ្រឿង​​​ ព្រម​ទាំង​​​ដក​ហូត​​​នូវ​វត្ថុតាង​មក​វិញ​គឺ​ខ្សែ.ក​​ប្លាទីន​​ហើយ​នោះ​ សមត្ថកិច្ច​​របស់​លោក​​​បាននាំ​​​ខ្លួន​ពួកគេ​ទៅកាន់​អធិការ​ដ្ឋាន​​​​នគរ​បាល​​​ខណ្ឌ​៧​មករា​ ដើម្បី​ឱ្យ​ផ្នែក​​​ជំនាញ​​​​ចាត់​ការបន្ត ។

នៅ​មុខ​​សមត្ថកិច្ច​ជន​សង្ស័យ​​បាន​សារ​ភាព​ថា ​ពួក​គេ​​​​ជា​យុវជន​​ញៀន​ថ្នាំ​ ហើយ​បោះ​បង់​ការ​សិក្សា​ និង​ផ្ទះ​សំបែង​ ដោយបាន​​​ចេញ​ធ្វើ​សកម្ម​ភាព​​​ឆក​់​ខ្សែ.កប្រជាពល​រដ្ឋ​​​​បាន​២​លើក​ទាំង​​លើក​​នេះ​ ។ ពួកគេ​សារ​ភាព​ថា មុននេះ​​មួយ​ថ្ងៃ​​គឺ​ថ្ងៃទី ​​១២​សីហា​ បាន​ឆក់​ខ្សែ.ក​​ពី​​​អ្នក​ដំណើរ​ម្នាក់​​​នៅ​មុខ​​ធនាគារ​​​កាណា​ឌី​យ៉ាច្រក​ចូល​​​ផ្សា​រ​អូឡាំពិក ស្ថិត​​​ក្នុង​ទឹក​ដី​ខណ្ឌ​ចំការមន បាន​សម្រេច​​ និង​បាន​​យក​ខ្សែ.ក​​នោះ​ទៅ​លក់​នៅផ្សារ​សាមគ្គី​​​បាន​ប្រាក់​​​៨៥​​​​ដុល្លារ​ ​ចែក​គ្នា​​ចាយ​វាយ​ និង​ទិញ​​ថ្នាំ​ញៀ​ន​​​ប្រើប្រាស់​​អស់ ។​លើក​នេះ​​ជាលើកទី​​២ ឆក់​​​ខ្សែ.ក​​បាន​សម្រេច​​​តែ​សំណាង​មិនល្អ​ ជិះ​ទៅបុក​​​អ្នកដំណើរ​​​​ដួល​ក៏​​អស់​លក្ខណ៍​ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​​តែ​ម្តង។

ក្រោយពី​សាកសួរ​​​​ចម្លើយ​ ជន​ជាប់​​​សង្ស័យ​​​ទាំង​​២​​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​​​កសាង​សំណុំ​រឿង​​​បញ្ជូន​​ទៅ​កាន់​សាលា​​ដំបូង​​រាជ​ធានីភ្នំពេញ​ ។ ដោយ​​ឡែក​​​ខ្សែ.ក​ប្លាទីន​​​ទម្ងន់​៣ជី ដែល​បាន​​ដក​ហូត​ពីជន​ល្មើស​​​ត្រូវបាន​ប្រគល់​​ឱ្យ​ទៅ​ម្ចាស់​ដើម​វិញ ៕