ខេត្តក្រចេះ ៖ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី ងួន ធួន ទីប្រឹក្សារាជរដ្ឋាភិបាល បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកទៀនវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យទៅប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាក្នុងពទ្ធសីមាវត្ត២ធ្នូ ស្ថិតនៅភូមិ២ធ្នូ ឃុំជើងឃ្លូ ស្រុកស្នួល កាលពីរសៀលថ្ងៃទី១១ សីហា ឆ្នាំ២០១២ ។
លោក មិន ឃិន បានមានប្រសាសន៍សំណេះសំណាលផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងបី ដែលតែងតែគិតគូរជានិច្ចពីវិស័យព្រះពុទ្ធសាសនា ចាប់តាំងពីរបបប៉ុល ពត បានដួលរលំនាឆ្នាំ១៩៧៩មក ។ របបប៉ុលពត បានកាប់សម្លាប់ប្រជាជនកម្ពុជាក្នុងរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃអស់ជាងបីលាននាក់ និងព្រះសង្ឃអស់ជាង៤ម៉ឺនអង្គ ។ កម្ពុជាក្នុងសម័យនោះបានរលាយសាបសូន្យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយដោយសារមានគុណបំណាច់ដ៏ថ្លៃថ្លាពីសម្តេចទាំងបីជួយស្រោចស្រង់ជីវិតប្រជាជនខ្មែរឡើងវិញ ទើបប្រទេសជាតិមាតុភូមិយើងមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ គឺមានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា ។
គួររំលឹកថា ការដង្ហែទៀនវស្សាប្រគេនដល់ព្រះសង្ឃនេះជាទំនៀមទម្លាប់របស់ពុទ្ធបរិស័ទ ក្នុងការប្រតិបត្តិតាមបវេណីព្រះពុទ្ធសាសនា។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាក៏បានបើកសិទ្ធិសេរីភាពដល់ពលរដ្ឋគ្រប់រូបឲ្យគោរពសាសនាណាមួយក៏បានតាមដែលខ្លួនមានជំនឿ។បន្ទាប់ពីការប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនារួចមក លោកមិន ឃិន និងលោកស្រី ងួន ធួន ក៏បានប្រគេនទៀនវស្សាមួយគូ សាដក១កញ្ចប់, មីពីរកេស, ទឹកបរិសុទ្ធពីរកេស,ទឹកត្រីមួយយួរ, ទឹកស៊ីអីុវមួយយួរ និងបច្ច័យដល់វត្តចំនួន៤ក្នុងមួយវត្តទទួលបាន១០ម៉ឺនរៀល ប្រគេនព្រះសង្ឃ១២អង្គ ក្នុងមួយអង្គ១ម៉ឺនរៀល និងចែកជូនពុទ្ធបរិស័ទចំនួន៥០នាក់ក្នុងម្នាក់ៗទទួលបាន៥ពាន់រៀល ។
ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៤សូមឧទ្ទិសកុសលផលបុណ្យទាំងនេះជូនដល់វិញ្ញាណក្ខន្ធរបស់កងទ័ពដែលបានពលីក្នុងសមរភូមិតស៊ូរំដោះប្រទេសក្នុងតំបន់២ធ្នូ ស្រុកស្នួលឲ្យទទួលបានអានិសង្សគ្រប់ៗគ្នា ។តមក ប្រតិភូក្រសួងធម្មការ និងសាសនាបានអញ្ជើញទៅពិនិត្យមើលការដ្ឋានសាងសង់វិមានអនុស្សាវរីយ៍២ធ្នូ ដែលត្រូវបានបញ្ចុះបឋមសិលាកាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០១១ ហើយជាកន្លែងបង្កើតចលនាតស៊ូរំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ៕


ចែករំលែកព័តមាននេះ