ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើក​បរ​រថយន្ត​របស់​ក្រុម​​ហ៊ុន​​វិះ​វ័ណ្ឌក ព្រោះ​​តែ​ទទួល​​បញ្ញើ​មិន​ពិនិត្យឱ្យ​ច្បាស់

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ​ពស់វែក​ចម្រុះ​មានទម្ងន់​ប្រហែល​៣០​គីឡូក្រាម ​ត្រូវ​បាន​អ្នក​បើក​បរ​រថយន្តក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ប៉ារ៉ា​ម៉ោន​អង្គរ ​​ប្រគល់​ឲ្យ​សមត្ថកិច្ច​រដ្ឋ​បាល​​ព្រៃ​ឈើ​ខេត្ត​​ កាល​ពីវេលាម៉ោង១១និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី១១​ សីហា​ នៅ​ស្នាក់​សាខា​ក្រុមហ៊ុន​ស្ថិត​នៅ​ទល់​មុខ​មន្ទីរ​ប្រៃសណីយ៍ខេត្ត​ ​បន្ទាប់​ពីអ្នក​បើក​បរ​សង្ស័យ ហើយធ្វើការ​ឆែក​ឆេរ​ដឹង​ថា ក្នុង​ឡាំង​ដាក់​អីវ៉ាន់គេបង្កប់​ដាក់​សត្វ​ពស់ ។

បើតាម​អ្នក​បើកបរ​រថយន្ត​​ឲ្យដឹងថា កាល​ពី​ព្រឹកព្រលឹមថ្ងៃទី១១​ ​សីហា ​រថយន្ត​បាន​ដឹក​អ្នក​ដំណើរ​ចេញ​ពីសា​ខា​ក្រុមហ៊ុនស្រុក​ចុង​កាល់​ ខេត្តឧត្តរមានជ័យ​ ហើយ​មាន​បុរស​ម្នាក់​អាយុ​ប្រហែល៣០ឆ្នាំ​ យក​អីវ៉ាន់​មក​ផ្ញើ​ទៅ​ក្រុង​សិរី​សោភ័ណ​ និង​ប្រាប់ថា  រូប​គេ​ទៅ​មុន​ចាំ​ជិះ​រថយន្ត​នៅឯស្រុកស្រីស្នំ​ ខេត្ត​សៀម​រាប ។​ លុះ​​រថយន្ត​​ចេញ​​ដំណើរ​​មក​​ដល់​​ស្រុក​ស្រីស្នំ​ មិន​ឃើញ​បុរស​ម្ចាស់​អីវ៉ាន់​ រថយន្ត​ក៏បាន​ចេញ​ចោលហើយ​ក្រោ​យ​ពីរថយន្តចេញ​ដំណើរ​បាន​មួយ​សន្ទុះ​ធំ​ បុរសម្ចាស់អីវ៉ាន់ក៏បានទូរស័ព្ទ​មក​​រូប​គាត់​ជាអ្នក​បើកបរ​ថា ហេតុអីចេញចោលគេ​ ឯគាត់​​ក៏​​ប្រាប់ទៅវិញថា​ ចាំជិះ​រថយន្ត​ជើង​ទី២​វិញទៅ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ពេល​រថយន្ត​ធ្វើដំណើរ​មក​ដល់​សាខា​ក្រុង​សិរី​សោ​ភ័ណ​ ដើម្បីឲ្យភ្ញៀវចុះ​ ​អ្នក​បើក​បរ​រថយន្ត​​ក៏​រើអីវ៉ាន់ចុះ ខណៈនោះមានការសង្ស័យឡាំង ក្រដាសដាក់អីវ៉ាន់ដែលបុរសនោះផ្ញើ​ទើបធ្វើ​ការ​ឆែកឆេរ​មើល​ស្រាប់​តែ​ឃើញនៅក្នុង​ឡាំង​នោះ​មានសុទ្ធតែសត្វពស់វែកចម្រុះ​ ។ ដោយ​ខ្លាច​ក្រែង​មាន​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​ផ្លូវ​ច្បាប់ ​ទើប​អ្នក​បើក​​បរ​រថ​យន្ត​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​និង​ហៅ​អ្នក​សារព័ត៌មានទៅថត​យក​រូបភាព​និង​ជួយ​ដឹង​ឮក្នុង​ករណី​នេះ​ពេល​​​ប្រគល់​ឱ្យមន្ត្រី​ជំនាញ​យក​ទៅ​ចាត់​ចែង ។   

ប្រភព​ព័ត៌​មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ទំនង​ជារឿង​នេះ​បែក​ការ​ណ៍ដល់​បុរស​ម្ចាស់​អីវ៉ាន់ ទើប​ពេលគេ​ជិះ​រថយន្ត​ជើង​ទី២​មក​ដល់​ស្រុក​ព្រះនេត្រព្រះ ស្រាប់​តែ​ចុះ​ពីរ​ថយន្ត​ទៅ​បាត់​ ។ បន្ទាប់​មក​បុរស​នោះ​បាន​ទូរស័ព្ទ​គំរាម​​​អ្នក​បើក​បររថយន្ត​កុំឲ្យ​រាយ​ការណ៍​​ប្រាប់​សមត្ថកិច្ច​ចាំ​គេ​សម្រួល​ឲ្យ​លុយ​ខ្លះ​ ដោយ​និយាយ​ថា ប្រសិន​បើអ្នក​ឯង​ហ៊ាន​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ប្រយ័ត្នថ្ងៃ​ក្រោយ​មាន​រឿង​ជាមួយ​គេ ៕