ខេត្តក្រចេះ ៖ គ្រាប់មិនទាន់ផ្ទុះដែលកប់ក្នុងដីបន្សល់ទុកតាំងពីសម័យសង្គ្រាមបានផ្ទុះឡើងកក្រើកធរណីចេញពីភ្នក់ភ្លើងមួយកន្លែងនៅចំណុចវាលចម្ការដំឡូងមី កាលពីវេលាម៉ោង១រសៀលថ្ងៃទី១២ សីហា ស្ថិតនៅក្នុងភូមិកាបី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឱ្យអ្នកចម្ការ៤នាក់ រងរបួសធ្ងន់ និងស្រាលត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ប្រភពពីបុរសឈ្មោះ នាង វន់ អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិស្លែង ឃុំជីគរ ស្រុកត្បូងឃ្មុំ ឱ្យដឹងថា អ្នករងគ្រោះទាំង៤នាក់ គឺ១-ឈ្មោះ វន់ វ៉ាន់ណិត ភេទប្រុស អាយុ១៤ឆ្នាំ ជាកូនគាត់២-ឈ្មោះ ស្រី សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ នៅរាជធានីភ្នំពេញ ៣-ឈ្មោះ កន ដា ភេទប្រុស អាយុ៣៣ឆ្នាំ និង៤-ឈ្មោះ រី ភេទប្រុស អាយុប្រហែល៤២ឆ្នាំ រស់នៅស្រុកត្បូង ឃ្មុំ ។
បុរសឈ្មោះ នាង វន់ បានប្រាប់បន្តទៀតថា រូបគាត់បានចេញពីស្រុកកំណើតទៅធ្វើចម្ការនៅស្រុកស្នួល ខេត្តក្រចេះ បានរយៈពេល៤ឆ្នាំ ហើយ ។ នារសៀលថ្ងៃខាងលើ កូនប្រុសគាត់រួមជាមួយមនុស្ស៣នាក់ទៀត បាននាំគ្នាជម្រះស្មៅចម្ការប្រមូលយកមកដុតនៅក្បែរគល់ដើមស្រឡៅដោយមិនដឹងថា មានគ្រាប់កប់នៅក្នុងដីក្រោមដើមស្រឡៅនោះឡើយ ។ បន្តិចក្រោយមកស្រាប់តែគ្រាប់ដែលកប់ក្នុងដីនេះ ពេលត្រូវកម្តៅភ្លើងក៏បានផ្ទុះឡើងបណ្តាលឱ្យកូនគាត់ឈ្មោះ សុភ័ក្រ រងរបួសដោយត្រូវអំបែងគ្រាប់ដួលនៅលើដីហូរឈាមពេញខ្លួន ចំណែក៣នាក់ទៀត មិនបានដួលនោះទេ គ្រាន់តែរងរបួសប៉ុណ្ណោះ ។ ក្រោយពីឮសំឡេងផ្ទុះគាត់ក៏រត់ពីផ្ទះដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រពីកន្លែងផ្ទុះ សំដៅទៅលើកបីត្រកងកូនប្រុសនាំទៅសង្គ្រោះនៅគ្លីនិកឯកជនក្នុងភូមិ រួចបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
ឯ២នាក់ទៀត ម្នាក់ឈ្មោះ កន ដា ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៧D ចំណែកឈ្មោះ សុភ័ក្រ ត្រូវបាននាំទៅសង្គ្រោះនៅភ្នំពេញ ដោយសាររបួសធ្ងន់ពេក ។បុរសឈ្មោះ នាង វន់ បញ្ជាក់ថា គ្រាប់ដែលផ្ទុះនោះ ត្រូវគេសង្ស័យជាគ្រាប់ប្រភេទ១០៥មិលី្លម៉ែត្រ ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមឆ្នាំ១៩៧០ ទើបផ្ទុះលាន់ឮឡើងកក្រើកដូច្នេះ ។ ក្នុងចំណោមអ្នករងគ្រោះទាំង៤នាក់ មានម្នាក់ឈ្មោះ រី មិនបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទេ ដោយសាររងរបួសស្រាល ៕
ចែករំលែកព័តមាននេះ