រាជធានីភ្នំពេញ ៖ អ្នកចម្រៀងសុខ ស្រីពេជ្រ ដំបូងឡើយច្រៀងជាប្រចាំនៅភោជនីយដ្ឋានហង្សនាគតំបន់ព្រែកលៀប ហើយបានសាងកេរ្តិ៍ឈ្មោះតាមរយៈការចុះផ្សាយតាមសារព័ត៌មាន ទស្សនាវដ្តី តាមការបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍នានាក្នុងកម្មវិធីប្រគំតន្ត្រីចុងសប្តាហ៍ ។
សុខ ស្រីពេជ្រ បានចូលប្រឡូកក្នុងពិភពសិល្បៈចម្រៀងតាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះជាង១០ឆ្នាំហើយ ដោយនាងនិយមជ្រើសរើសបទចម្រៀងមនោសញ្ចេតនារបស់រាជិនីសំឡេងមាសរស់ សេរីសុទ្ធា មកច្រៀង ។ ទោះបីនាងពុំមានសំឡេងពីរោះដូចម្ចាស់ដើមក៏ដោយ តែនាងអាចច្រៀងបានពីរោះតាមសំឡេងពីធម្មជាតិរបស់នាង ។
ដោយសារតែមានទឹកដមសំឡេងពីរោះគួបផ្សំនឹងរូបសម្ផស្សស្រស់ស្អាត ញញឹមរំលេចស្នាមថ្ពាល់ខួចផង ទើបកន្លងមកនាងតែងតែមានឱ្យកាសឡើងច្រៀងជាកិត្តិយសនៅលើឆាកប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍នានា ។ លើសពីនេះ ស្រីពេជ្រ ធ្លាប់ចេញទៅសម្តែងនៅប្រទេសអូស្ត្រលី បារាំង កាណាដា ជាដើម ។
កន្លងមក ក្រៅពីអាជីពជាអ្នកចម្រៀង នាងក៏ធ្លាប់បើកភោជនីយដ្ឋាន តែបានបិទទៅវិញដោយសារនាងជាប់រវល់មុខរបររកស៊ីជួញដូរ ។ នៅក្នុងឆ្នាំ២០១២ នេះ ក្រៅពីច្រៀងនៅលើឆាកប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍ ស្រីពេជ្រថតសំឡេងឱ្យផលិតកម្មរៃមាស និងហ្វ័រយូ។
នាងសុខ ស្រីពេជ្រ ក្នុងវ័យ៣០ឆ្នាំ បានក្លាយជាស្រ្តីមេម៉ាយកូនមួយ តែនាងមិនបានប្រាប់ថា មានស្វាមីពីពេលណា និងបែកគ្នាទៅវិញពីពេលណាទេ ។ នាងបង្ហើបឱ្យដឹងថា សព្វថ្ងៃកូនស្រីនាងមានអាយុ៩ឆ្នាំ ហើយ ។ អ្នកចម្រៀងរូបនេះនិយាយថា ដោយសារជួបស្នេហាបរាជ័យនាងសុំបិទបេះដូងមួយរយៈសិន គឺខិតខំប្រឹងប្រែងរកស៊ីសន្សំលុយសម្រាប់ចិញ្ចឹមកូនឱ្យធំបន្តិចសិន ទើបបើកបេះដូង ៕
ចែករំលែកព័តមាននេះ