ខេត្តស្វាយរៀង ៖ យុវជនទំនើង២នាក់បងប្អូនត្រូវប៉ូលិសចាប់ខ្លួនជាបន្តបន្ទាប់ ដោយសារម្នាក់បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឪពុកម្តាយ និងម្នាក់ទៀតយកកន្ត្រៃដេញចាក់ប៉ូលិសគំរាមយកលុយ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៦ មេសា ២០១២ នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមលោកអនុសេនីយ៍ទោ សោ ភ័ណ នាយផ្នែកព្រហ្មទណ្ឌនៃនគរបាលក្រុងស្វាយរៀង បានប្រាប់កោះសន្តិភាពថា នៅថ្ងៃកើតហេតុឈ្មោះប៉ែន ផល្លា ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវជាម្តាយយុវជនទំនើងទាំងពីរបានប្តឹងសមត្ថកិច្ចថា កូនប្រុសម្នាក់ឈ្មោះយឹម ចំរ៉ុង អាយុ២៦ឆ្នាំ ជាមនុស្សញៀនថ្នាំបានអុកឡុកឪពុកម្តាយ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។ សមត្ថកិច្ចក៏ទៅធ្វើអន្តរាគមន៍ និងចាប់ខ្លួនលោកកូនកំហូចនាំយកទៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ស្រាប់តែឈ្មោះយឹម ចំរើន អាយុ២៩ឆ្នាំ ដែលញៀនថ្នាំដែរនោះ បានយកកន្ត្រៃទៅដេញចាក់លោកអនុសេនីយ៍ទោ យង់ កុសល ហៅណុល អាយុ៥៤ឆ្នាំ រត់គេចសឹងមិនទាន់ ប៉ុន្តែទីបំផុតត្រូវចាប់ខ្លួនបានទាំង២នាក់បងប្អូន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ