ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ថោង​​ ខុន អំពាវ​នាវ​​ឱ្យ​​សរសេរ​ស្លាក​​​សញ្ញា​​ភាសា​ខ្មែរ​លើ​​ផលិតផល​ខ្មែរ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ រដ្ឋមន្ត្រីក្រសួងទេស​ចរណ៍លោកថោង ខុន បានអំពាវនាវដល់ផលិត​​ករទាំងអស់សរសេរស្លាក​សញ្ញាជា​ភាសា​ខ្មែរ​នៅ​​គ្រប់ផលិតផលដែលជាស្នាដៃរបស់ខ្មែរ ខណៈ ​ពេលដែលកន្លងមកនេះផលិតផលខ្មែរមួយចំនួន​ធំសរសេរស្លាកសញ្ញា​ជា​

រាជធានីភ្នំពេញ​ ៖ រដ្ឋមន្ត្រីក្រសួងទេស​ចរណ៍លោកថោង ខុន បានអំពាវនាវដល់ផលិត​​ករទាំងអស់សរសេរស្លាក​សញ្ញាជា​ភាសា​ខ្មែរ​នៅ​​គ្រប់ផលិតផលដែលជាស្នាដៃរបស់ខ្មែរ ខណៈ ​ពេលដែលកន្លងមកនេះផលិតផលខ្មែរមួយចំនួន​ធំសរសេរស្លាកសញ្ញា​ជា​ភាសាបរទេសលើផលិត​ផលរបស់ខ្លួន ។ ការអំពាវនាវនោះធ្វើឡើងក្នុង​ឱកាសដែលលោករដ្ឋមន្ត្រីអញ្ជើញចូលរួមក្នុង​សិក្ខាសាលា​​ស្តីពីការអភិវឌ្ឍយុទ្ធសាស្ត្រ​​ស្លាក​សញ្ញា(យីហោ)ប្រកបដោយប្រសិទ្ធភាព​​សម្រាប់​​សិប្បកម្មទេសចរណ៍នៅកម្ពុជា ដែល​បាន​ប្រារព្ធ​ធ្វើឡើងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់រាជធានី​ភ្នំពេញ ។

លោកថោង ខុន មានប្រសាសន៍ថា ការ​រៀប​​​​​ចំ​សិក្ខាសាលាស្តីពីការបង្កើតស្លាក​សញ្ញា(យីហោ)សិប្បកម្មសម្រាប់ទេស​ចរណ៍គឺជា​ការ​បង្ហាញអំពីការយកចិត្តទុកដាក់គាំទ្រនិងការ​ពង្រឹងឲ្យកាន់តែខ្លាំងថែមទៀត​នូវប្រពៃណី​បេតិក​ភណ្ឌវប្បធម៌កម្ពុជា ។ សិប្ប​កម្ម​គឺជា​វត្ថុ​មួយក្នុងចំណោមវត្ថុដ៏តិចតួច​មួយចំនួនដែលឆ្លុះ​បញ្ចាំងពីភាពជាលក្ខណៈដើម​ពិតប្រាកដ វប្ប​ធម៌ម្ចាស់ស្រុកនៃគោល​ដៅ​និង​​នៅក្នុងពិភពនៃ​សាកលភាវូបនីយកម្ម ដែលទេស​ចរកំពុងស្វែង​រក​នូវបទពិសោធន៍ដែលមាន​លក្ខណៈពិសេស​បន្ថែមទៀត ។ ទេសចរកំពុងតែ​ស្វែងរកវត្ថុដែល​មានប្រភពនិងលក្ខណៈដើមសុទ្ធ​សាធដែលធ្វើ​ឲ្យពួកគេមានការចងចាំល្អៗនៅ​ពេល​មកសម្រាក​លំហែកំសាន្ត ។ ហេតុនេះ ហើយទើបវត្ថុទាំង​នេះកាន់តែមានតម្លៃខ្ពស់ជាង​ប្រភេទវត្ថុអនុស្សាវ​រីយ៍ដទៃទៀត ហើយភ្ញៀវ​ទេស​ចរមានឆន្ទៈ​ចំណាយ និងឲ្យតម្លៃខ្ពស់ប្រសិន​បើវត្ថុទាំងនេះ​មានគុណភាពល្អ ។

លោកថោង ខុន មានប្រសាស៍ថា បច្ចុប្បន្ន​នេះកម្ពុជា បានផលិតវត្ថុសិប្បកម្មប្រកបដោយ​​គុណភាពខ្ពស់មួយចំនួន ។ ប៉ុន្តែប្រការ​ដែល​សំខាន់នោះ ផលិតផលទាំងអស់នេះទាមទារឲ្យ​មានការកែលម្អនិងធ្វើដើម្បីបន្តទាក់ទាញភ្ញៀវ​ទេសចរឲ្យទិញកាន់​តែច្រើន​ថែមទៀត ។ ទន្ទឹម​នោះគប្បីត្រូវលើកតម្កើងផ្នែកជំនាញ​បច្ចេកទេស និងមុខវិជ្ជាជីវៈរបស់សិប្បករ រួម​ជាមួយនឹងការ​បង្កើតស្លាក​សញ្ញាសិប្បកម្ម​សម្រាប់អ្នកទេសចរ​ដែលទាំងអស់នេះ ទើប​​ធ្វើឲ្យអនាគតសិប្បកម្ម​ក្នុងស្រុកសម្រាប់ផ្គត់ផ្គង់​ភ្ញៀវទេសចរកាន់តែ​មាន​គុណភាពសោភ័ណភាព​ និងភាពទាក់ទាញ​កាន់​តែប្រសើរឡើងថែមទៀត ។

ពាក់ព័ន្ធនឹងស្លាកសញ្ញាផលិតផលនេះ លោក​រដ្ឋមន្ត្រីបានអំពាវនាវម្តងទៀតដល់សិប្ប​ករទាំង​អស់ឲ្យដាក់ស្លាកសញ្ញាភាសាខ្មែរលើ​​ផលិតផល​របស់ខ្លួន និងចៀសវាង​សរសេរភាសា​បរទេស​លើ​ផលិតផលដែលជាស្នាដៃរបស់ខ្មែរ​យើង ។ លោកទិត ចន្ថា អគ្គ​នាយក​ទេស​ចរណ៍ និង​ជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង​គម្រោងJFPR ៩១៥៦ CAM បានឲ្យដឹងថា គម្រោង​នេះ​ជា​ហិរញ្ញប្បទានរបស់រាជរដ្ឋា​ភិ​បាល​ជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្ររបស់​សហគមន៍មូលដ្ឋាន ពិសេសគាំទ្រសហគ្រាស​ខ្នាតតូច និងតូចបំផុតដែលដឹកនាំដោយស្ត្រីនៅ​ភូមិគោលដៅចំនួន១១ នៅក្បែរ និងនៅជុំវិញ​តំបន់​ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ។

សព្វ​ថៃ្ង​ក្រសួងទេសចរណ៍កំពុង​អនុវត្តគម្រោងនេះ​យ៉ាងសកម្មដោយដើរ​ស្រប​គ្នា លើការបណ្តុះ​បណ្តាលជំនាញបច្ចេក​ទេស​សម្រាប់​​ការផលិត ផលិតផលសិប្បកម្មនិង​អាហារ ។ ទន្ទឹមនោះ​គម្រោងនេះនឹងកសាង​​ហេដ្ឋារចនាសម្ពន្ធ័មជ្ឈ​មណ្ឌល​លក់ផលិត​ផល​សហគមន៍ និងសម្បទា​ទេស​ចរណ៍ផ្សេងៗទៀត​ដែលមានទីតាំងនៅ​តាមដងស្ទឹងអូគ្រូកែ ដែល​មានចម្ងាយប្រមាណ​៥០០​គីឡូ​ម៉ែត្រពីតំបន់​ប្រាសាទសំបូរព្រៃគុក ។  មជ្ឈ​មណ្ឌលលក់ផលិតផលសហគមន៍នឹងជួយ​សម្រួលដល់ទេសចរឲ្យ​ជាវផលិតផល​ដោយ​​ផ្ទាល់​ពីសហគមន៍មូលដ្ឋាន ៕