រាជធានីភ្នំពេញ ៖ ម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ មួយគ្រឿង បានបើកបុកគ្នាជាមួយម៉ូតូគុបពណ៌ទឹកប្រាក់ ចំពីមុខពេញទំហឹង បណ្តាលឱ្យម៉ូតូគុបពណ៌ទឹកប្រាក់ ខ្ទាតអូសទៅបុកម៉ូតូឃ្លីកមួយគ្រឿងទៀត បណ្តាលឱ្យរងរបួសធ្ងន់៣នាក់ និងស្រាល២នាក់ ឯម៉ូតូឌ្រីមសេ១២៥ ដែលបង្កហេតុលើកម៉ូតូបើករត់គេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៩និង៥នាទីយប់ថ្ងៃទី១៩ មេសា ២០១២ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ពីកើតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូគុប ពណ៌ទឹកប្រាក់ បើកបរដោយបុរសម្នាក់ដែរចំពីមុខពេញទំហឹងរួចម៉ូតូគុបខ្ទាតទៅបុកនឹងម៉ូតូឃ្លីកពណ៌លឿង មួយគ្រឿងទៀតជិះគ្នា៤នាក់ បណ្តាលឱ្យរងរបួសធ្ងន់៣នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយ ។ ក្រោយពេលកើតហេតុម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក យកទៅរក្សាទុករង់ចាំការដោះស្រាយ ៕
ចែករំលែកព័តមាននេះ