រាជធានីភ្នំពេញ ៖ នារីអ្នកចម្រៀងដែលធ្លាប់មកដល់កោះសន្តិភាពកាលពីដើមសប្តាហ៍នេះបំភ្លឺពីអត្ថបទមួយដែលបានចុះផ្សាយថា នាងមានវិបត្តិស្នេហាបានជាលេបថ្នាំសម្លាប់ខ្លួន ពេលនេះត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តសាមុយមកមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះជីវិតជាថ្មី ក្រោយពីនាងបានធ្វើអត្តឃាតម្តងទៀត ដោយយកកាំបិតចិតបន្លែចាក់ពោះខ្លួនឯងជាប់ឆ្កឹងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២ នៅផ្ទះក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
តាមព័ត៌មានដែលទទួលបានថ្មីនេះឱ្យដឹងថា ការធ្វើអត្តឃាតខ្លួនឯងនេះ ដោយសារខឹងសង្សារបែកចិត្តមិនព្រមងាកក្រោយសោះ ។ នាងឈ្មោះយិន សុវណ្ណលីដា អាយុ២៥ឆ្នាំ ជាអ្នកចម្រៀងនៅបៀរហ្គាឌិនសប្បាយរាត្រី ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
ស្ត្រីម្នាក់ដែលអះអាងថា ជាម្តាយរបស់នាងនិយាយថា កូនស្រីរបស់គាត់នេះប៉ុនប៉ងធ្វើអត្តឃាតជាច្រើនលើកមកហើយ ពេលខ្លះលេបថ្នាំពេលខ្លះចង.កសម្លាប់ខ្លួន ព្រោះតែមានវិបត្តិផ្លូវចិត្ត ប៉ុន្តែរាល់លើកនៃការធ្វើអត្តឃាតនេះត្រូវបានក្រុមគ្រួសារជួយទាន់ពេលវេលា ។ ក៏ប៉ុន្តែនៅល្ងាចថ្ងៃកើតហេតុ ក្រុមគ្រួសារមានការធ្វេសប្រហែសបន្តិច ទើបបណ្តាលឱ្យនាងឆ្លៀតយកកាំបិតចិត្តបន្លែដងឈើមកចាក់ពោះខ្លួនឯងជាប់ឆ្កឹងតែម្តង ហើយត្រូវគាត់និងបងប្អូនបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិតជាថ្មីទៀត ។
នារីម្នាក់ដែលជាបងបង្កើតរបស់នាងបានឱ្យដឹងថា ប្អូនស្រីរបស់គាត់ធ្វើអត្តឃាតនេះចង់សម្តែងឱ្យសង្សារនោះឃើញ អាចមានក្តីអាណិតអាសូរវិលមករកនាងវិញ ។
នេះគឺជាអំពើឆោតល្ងង់ខ្លាំងណាស់ ។ ទាក់ទិននឹងការចាក់លិចពោះខ្លួនឯងនេះ គ្រូពេទ្យកំពុងតាមពិនិត្យមុនធ្វើការវះកាត់យកកាំបិតចេញពីពោះ ដោយសារខ្លាចប៉ះពាល់គ្រឿងក្នុង ។
គួរកត់សម្គាល់ថា កាលនាងមកបំភ្លឺដល់ការិយាល័យនិពន្ធកោះសន្តិភាពកាលពីរសៀលថ្ងៃទី២៣ មករា គឺក្រោយមួួយថ្ងៃពីការលេបថ្នាំធ្វើអត្តឃាត បង្ហាញថា នាងមានអារម្មណ៍មិនល្អឡើយ ហាក់ដូចជានាងវង្វេងស្មារតី ដោយសារតែមានវិបត្តិផ្លូវចិត្តជាមួយសង្សារហេងស៊យម្នាក់ ៕
ចែករំលែកព័តមាននេះ