សួស វីហ្សា នាដការបាំបុរាណចាប់អាជីពជាអ្នកចំរៀង
រាជធានីភ្នំពេញ ៖ នាដការបាំបុរាណមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈគឺកញ្ញា សួស វីហ្សា បានក្លាយជាអ្នកចំរៀង និងជាតារាសំដែងកាយវិការខារ៉ាអូខេប្រចាំផលិតកម្មរ៉ុក។ មិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតទេ នាងថែមទាំងមានទេពកោសល្យសំដែងល្អ និងមានទឹកដមសំលេងពីរោះរណ្តំចិត្ត។ កន្លងមកគេតែងតែឃើញនាងឡើងច្រៀងជាកិត្តិយសនៅ លើឆាកប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍នានាគ្រប់កម្ម វិធី ។ ក្នុងវ័យ២០ឆ្នាំកញ្ញាសួស វីហ្សា មានស្រុកកំណើតនៅភ្នំពេញក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ នាងមានបងប្អូន៣នាក់ ក្នុងនោះប្រុសម្នាក់ ចំណែករូបនាងជាកូនទី២។ កន្លងមកនាងបានចូលហាត់រៀនរាំរបាំបុរាណនៅសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈអស់រយៈពេល៤ឆ្នាំ ។ នាងធ្លាប់រាំរបាំបុរាណជាមួយសិស្សរួមថ្នាក់ក្នុងកម្មវិធីជាតិ ផ្សេងៗជាច្រើនលើក និងធ្លាប់ចេញទៅសំដែងរបាំនៅក្រៅប្រទេសបាន២លើក គឺលើកទី១ ទៅប្រទេសបារាំង និងលើកទី២នៅប្រទេសសិង្ហបុរី។




ចែករំលែកព័តមាននេះ