ខេត្តតាកែវ ៖ កាលពីព្រឹកថ្ងៃទី១ ធ្នូ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលក្រោមការឧបត្ថម្ភដោយមូលនិធិពិសេសរបស់សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ក្រោមអធិបតីភាពលោកពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីលោក ស្រី បេន អភិបាលខេត្តព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរជុំវិញខេត្ត អភិបាលស្រុកគ្រប់ស្រុក លោកអ៊ូច សាន់វ៉ាន់ឡុង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងសិក្ខាកាមយ៉ាងច្រើនកុះករ។
លោកស្រីសុខ រ៉ាន្នី ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា ការបើកវគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៤ខែដល់សិក្ខាកាមលើជំនាញកាត់ដេរ សម្អាងការ អ៊ុតសក់ ធ្វើក្រចក ជួសជុលម៉ូតូ ជួសជុលទូរស័ព្ទ តបណ្តាញអគ្គិសនីក្នុងអគារ និងបសុព្យាបាល សរុប៧វគ្គ។ សិក្ខាកាមសរុប១៤០នាក់ ក្នុងនោះស្រី៦១នាក់ កម្មករ កម្មការិនី៤៤នាក់ ក្នុងនោះស្រី២៦នាក់។ វគ្គបណ្តុះបណ្តាលនៅតាមសហគមន៍មានជំនាញចិញ្ចឹមមាន់ ត្រី ជ្រូក និងដាំបន្លែសរីរាង្គសរុប៧វគ្គ សិក្ខាកាមសរុប២១០នាក់ ក្នុងនោះស្រី១១៦នាក់ កម្មករ កម្មការិនី១២៦នាក់ ក្នុងនោះស្រី៧៥នាក់ ។ ការបណ្តុះបណ្តាលតាមផ្នែកសហគ្រាស មានជំនាញជួសជុលរថយន្តជួសជុលម៉ូតូ ម៉ាស៊ីនធុនតូច ទូរទស្សន៍ កាត់ដេរបុរស តម្បាញ សរុប១៦០វគ្គ មានសិក្ខាកាម៤៤៨នាក់ ស្រី២៧៨នាក់។
លោកស្រីនាយិកាមជ្ឈមណ្ឌលបានបញ្ជាក់ថា ជំនួសមុខឱ្យបុគ្គលិក លោកគ្រូ អ្នកគ្រូ ទាំងអស់សូមសម្តែងនូវការដឹងគុណអស់ពីដួងចិត្តចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលបានផ្តល់កញ្ចប់ថវិកាពិសេសសម្រាប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេលខ្លីដល់កម្មករ កម្មការិនី ដែលបាត់បង់ និងអ្នកគ្មានការងារធ្វើដើម្បីឱ្យពួកគាត់មានឱកាសទទួលបាននូវមុខជំនាញមួយច្បាស់លាស់អាចប្រកបមុខរបរដោយខ្លួនឯងបាន សំដៅបង្កើនប្រាក់ចំណូល ក៏ដូចជាការលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរឡើងសម្រាប់អនាគត។
លោកស្រី បេន អភិបាលខេត្តតាកែវ លោកពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ផ្តាំផ្ញើដល់ក្មួយៗដែលជាសិក្ខាកាមទាំងអស់ពេលបញ្ចប់វគ្គនេះទៅសូមឱ្យក្មួយៗទាំងអស់ត្រូវយកជំនាញរបស់ខ្លួនដែលបានសិក្សារៀនសូត្ររយៈពេល៤ខែ មកនោះយកទៅអនុវត្តតាមជំនាញ ដើម្បីប្រកបមុខរបរផ្ទាល់ខ្លួនសម្រាប់ចិញ្ចឹមជីវិត ។
គណៈអធិបតីមានប្រសាសន៍បញ្ជាក់ថា ដើម្បីជួយសម្រួលដល់អ្នកគ្មានការងារធ្វើ និងអ្នកបាត់បង់ការងារ សម្តេចតេជោហ៊ុន សែនបានផ្តល់ចំណាយជាថវិកាផ្ទាល់ខ្លួនបង្កើតជាមូលនិធិពិសេសសម្រាប់បើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដល់ក្មួយៗ ឱ្យមានជំនាញច្បាស់លាស់ ដើម្បីរស់ដោយខ្លួនឯងបាន ៕
ចែករំលែកព័តមាននេះ