ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណង​ស្នេហ៍​សុគន្ធ​ នីសា និង​សុខ​ ជំនោរ ឈានដល់​​ផ្លូវ​បំបែក​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចំណង​ស្នេហ៍​​​រវាង​តារា​​ចម្រៀង​​សុគន្ធ នីសា ​និង​​លោក​សុខ ជំនោរ ​ដែល​បាន​កសាង​ភាព​​ផ្អែម​​ល្ហែម​​រយៈ​ពេល​ជាង​៨​ឆ្នាំ​មក​នោះ ឥឡូវ​នេះ​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ ​ហើយ​លោក​​សុខ ជំនោរ ​ក៏​បាន​ចេញ​មុខ​បក​ស្រាយ​​ការ​ពិត​អំពី​​បញ្ហា​​​នេះដែរ។

អ្នក​សិល្បៈ​រួម​ក្រុម​បាន​និយាយ​ថា ​សុគន្ធ នីសា និង​​លោក​សុខ ជំនោរ ​បាន​ចាប់​ផ្តើម​​ឃ្លាត​ឆ្ងាយ​ពី​គ្នា​បន្តិច​ម្តងៗ​​ចាប់តាំង​ពី​សុគន្ធ នីសា ​ចេញទៅ​សម្តែង​នៅ​ប្រទេ​ស​អូស្រ្តាលី ​កាលពី​ខែ​​សីហា​មក​​ម៉្លេះ ​ប៉ុន្តែ​​លោក​​​សុខ ជំនោរ តែង​តែ​ចេញ​មុខ​បក​ស្រាយ​រាល់​ពាក្យ​​ចចាម​អារ៉ាម​​ទាំងឡាយ​ពាក់​ព័ន្ធ​នឹង​ការ​បែក​បាក់​​​រ​បស់​ពួកគេ​ថា ជា​រឿង​​មិន​ពិត។ ​ឥឡូវ​នេះ​ពាក្យ​ចចាម​អារ៉ាម​​បាន​ក្លាយ​ជា​ការ​ពិត​ ខណៈ​ពេល​ដែល​​​លោក​សុខ ជំនោរ ​ខ្លួន​ឯង​​ចេញ​មក​សារ​ភាពថា ចំណង​ស្នេហ៍​​ពួកគេ​ពិត​ជា​បែក​បាក់​​មែន ។

ជួប​សម្ភាស​ន៍​ជា​មួយ​កោះ​សន្តិ​​ភាព​លោក​សុខ ជំនោរ ​និយាយថា ​រវាង​លោក និង​សុគន្ធ នីសា ​ប្រាកដ​ជា​បែក​បាក់​​ប្រាកដ​មែន ប៉ុន្តែ​​អាស្រ័យ​ដោយ​​បាន​ភ្ជាប់​ពាក្យ​​ជា​មួយ​គ្នា​រួច​ហើយ​នោះ​ ការ​ចែក​ផ្លូវ ឬ​​លែង​លះ​ គឺ​ត្រូវអនុ​វត្ត​តាម​ផ្លូវ​តុលា​ការ ព្រោះ​មក​ដល់​ពេល​នេះ​អ្នក​ទាំង​ពីរ​ក៏​មាន​ទ្រព្យ​សម្បត្តិ​រួមគ្នា​មួយ​ចំនួន​ធំ​​ដែរ ។

លោក​សុខ ជំនោរ ​បញ្ជាក់ថា ​ទាំង​រូប​លោក​ និង​សុគន្ធ​ នីសា គឺ​សុទ្ធ​សឹង​មាន​មេធាវី​​រៀងៗ​ខ្លួន សម្រាប់​ដំណើរ​ក្តី​ចែកផ្លូវគ្នា ប៉ុន្តែ​​លោក​មិន​ទាន់​ដឹង​ទេថា ​តើ​តុលា​ការ​​នឹង​សម្រេចយ៉ាងណា​នោះ។

ពាក់​ព័ន្ធ​នឹង​សំណួរ​ថា ក្នុងពេល​​លោក​និង​សុគន្ធ​ នីសា ស្ថិត​ក្នុង​ផលិត​កម្ម​តែមួយ តើ​​ទំនាក់​ទំនង​ការ​ងារ​រវាង​​អ្នក​ទាំង​ ពីរ​ជួប​​ការ​លំបាក​យ៉ាង​ណា​នោះ ​លោកសុខ ជំនោរ ​និយាយថា ពួក​យើង​មិន​មាន​ទំនាស់​អ្វី​ធំ​ដុំ​ជា​មួយ​​គ្នា​​ទេ។ ​យើង​​​ចែក​ផ្លូវគ្នា​មែន តែ​ទំនាក់​ទំនង​​ជា​ធម្ម​តាទាំង​ក្នុង​ការ​ងារ និង​ទំនាក់​ទំនង​​ផ្សេងទៀត គឺ​នៅ​រក្សា​ដដែល ។

លោក​សុខ ជំនោរ ​មិន​បាន​​លើក​ឡើងអំពី​មូល​ហេតុ​សំខាន់​ដែល​នាំ​ឱ្យ​ចំណង​ស្នេហ៍​​ត្រូវ​បែក​បាក់​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​បញ្ជាក់​ថា ​មិន​មាន​អ្នក​ទី៣ ណា​ម្នាក់​មក​ជ្រៀត​ជ្រែក​ចំណង​​ស្នេហ៍​​របស់​លោក​​ទេ ​​ហើយ​បើ​មាន​ការ​និយាយថា សុគន្ធ​ នីសា​​​មាន​អ្នក​ទី​៣ នោះ​ក៏​លោក​មិន​ជឿ​ដែរ ព្រោះ​​លោក​​​ស្គាល់​ចិត្ត​ស្គាល់​ថ្លើម​សុគន្ធ នីសា​ច្បាស់​ណាស់ ។

លោក​​សុខ ជំនោរ ​​ប្រាប់ថា ​ពេល​ដែល​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​​ច្បាប់​បាន​ចប់​សព្វ​គ្រប់​ហើយនោះ ​លោក​នឹង​រៀបចំធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​​ពាក់​ព័ន្ធ​នឹង​ការ​បែក​បាក់​រវាង​លោក និង​សុគន្ធ​ នីសា​ ដើម្បី​ឱ្យ​សាធារណ​ជន​បាន​ដឹង​ការ​ពិត​ និង​លែង​មាន​ការ​សង្ស័យ​បន្ត​ទៀត ។

ការលើក​ឡើង​របស់​​លោក​សុខ ជំនោរ ​ពាក់​ព័ន្ធ ​ការ​បែក​បាក់រវាង​លោក​​ និង​សុគន្ធ​ នីសា​នោះ​មើល​ទៅ​ហាក់​ដូច​ជា​មិន​ទាន់​សម​ហេតុ​ផល​ ឬ​ធ្វើ​ឱ្យ​​សាធា​រណ​ជន​​លែង​មន្ទិល​ទេ ។
តាម​ព័ត៌​មាន​ដែល​​ទទួល​បាន​កន្លង​មក គឺ​នៅពេល​​សុគន្ធ​ នីសា ​វិល​មក​ពី​ការ​សម្តែង​​នៅ​អូស្ត្រាលី​​​វិញ នាង​មិន​ដែល​​បង្ហាញ​មុខ​លើ​វេទិកា​​ផ្សេងៗ​​ដូច​ពេល​មុនទេ ​ខណៈ​ដែល​ព័ត៌មាន​តាម​ហ្វេស​ប៊ុក​សុគន្ធ​ នីសា​បាន​​លុប​ចោល​​ព័ត៌​​មាន​អំពី​ការ​ភ្ជាប់​ពាក្យ​ជា​មួយ​លោកសុខ ជំនោរ ហើយ​​ប្តូរ​ពីពាក្យ​​មាន​គូដណ្តឹង​មក​​នៅ​លីវ​វិញ រហូត​លេច​​​​ព័ត៌​មាន​បែក​បាក់​នេះ​តែ ម្តង ។

រឿង​រ៉ាវ​ស្នេហា​ ​អ្នក​ណា​ចង គឺអ្នក​នោះ​ត្រូវតែ​​ស្រាយ ។ ចំណែក​​សាធារណ​​ជន​គ្រាន់តែ​​ចង​់ដឹង​ខ្លះៗ​អំពី​មូល​ហេតុ​នៃ​ការ​បែក​បាក់​​គ្នា​ប៉ុណ្ណោះ ​ព្រោះគូ​ស្នេហ៍​​វ័យ​ក្មេង​មួយ​គូ​នេះ​ស្ថិត​ក្នុង​ជួរ​អ្នក​សិល្បៈ៕