រាជធានីភ្នំពេញ ៖ ២នាក់ប្តីប្រពន្ធបានក្លាយជាជនជាប់ចោទខាងដាក់ថ្នាំសណ្តំ និងថ្នាំងងុយដេកឱ្យអ្នករត់ម៉ូតូឌុបផឹករួចយកម៉ូតូជិះគេចខ្លួន ។ តាមការចោទប្រកាន់នេះបានអះអាងថា សកម្មភាពកន្លងមកគឺបានសម្រេចជាញឹកញាប់ ហើយជាការពិតគ្មានវាសនាល្អរហូតនោះទេ ទីបំផុតត្រូវអស់លក្ខណ៍ដោយប៉ូលិសព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការចាប់ខ្លួនបានក្នុងខណៈពេលដែលពួកគេប្រើល្បិចឱ្យជនរងគ្រោះឌុបទៅរកទិញដីនៅជាយរាជធានី បន្ទាប់មកបបួលចូលហូបបាយនៅក្នុងអាហារដ្ឋានមួយរួចលួចដាក់ថ្នាំងងុយដេកចំនួន១០គ្រាប់ក្នុងកែវស្រាបៀរឱ្យម្ចាស់ម៉ូតូផឹក បណ្តាលឱ្យដួលសន្លប់នៅលើតុ ហើយត្រូវម្ចាស់ហាងដឹងទាន់ក៏ទូរស័ព្ទប្តឹងប៉ូលិសព្រហ្មទណ្ឌខណ្ឌដង្កោ ឱ្យចាប់ខ្លួនតែម្តង ។
ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៤ តុលា ឆ្នាំ២០១១ នៅក្នុងអាហារដ្ឋានស្ថានីយប្រេងឥន្ធនៈសូគីមិុច ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ជាប់ផ្លូវរថភ្លើង ភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលជាចោរនោះប្តីឈ្មោះចែម ចន្ថា អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ប្រពន្ធឈ្មោះឡុង ឡាយ អាយុ២៩ឆ្នាំ ពួកគេស្នាក់នៅផ្ទះជួលក្នុងភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះឈ្មោះឯក ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតភូមិត្រពាំងឈូក ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ម៉ូតូដែលត្រូវចោរពីរនាក់ប្តីប្រពន្ធដាក់ថ្នាំយកនោះម៉ាកហុងដា C125 ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BA-8178 បានត្រូវប៉ូលិសព្រហ្មទណ្ឌខណ្ឌដង្កោ ដកហូតបានមកវិញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុចោរទាំងពីរនាក់ប្តីប្រពន្ធនោះបានហៅឱ្យជនរងគ្រោះឌុបចេញពីម្តុំសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្នុងតម្លៃ២មឺុនរៀល ឆ្ពោះទៅភូមិអូរដឹម សង្កាត់ចោមចៅ ដោយប្រើល្បិចធ្វើជារកទិញដីឡូត៍នៅទីនោះ ។ លុះពេលទៅដល់ពួកគេបានមើលដីឡូត៍ និងធ្វើជាទូរស័ព្ទតថ្លៃដីជាមួយម្ចាស់ដីទៀតផង ហើយក្រោយពីនិយាយទូរស័ព្ទចប់ពួកគេបានឱ្យជនរងគ្រោះឌុបទៅហាងបាយខាងលើ ដើម្បីរកហូបបាយ ។
ប្រភពដដែលបានបន្តថា ពេលទៅដល់ហាងបាយ ជនទាំងពីរនាក់ប្តីប្រពន្ធនោះបាននាំគ្នាចូលទៅអង្គុយហូបបាយ ឯជនរងគ្រោះមិនបានចូលទៅហូបជាមួយនោះទេ គឺអង្គុយនៅលើម៉ូតូខាងក្រៅហាង ។ ខណៈនោះជនសង្ស័យបានហៅឱ្យចូលទៅអង្គុយជាមួយ ទើបជនរងគ្រោះចូលទៅអង្គុយ ហើយជននោះបានហៅបាយព្រមទាំងស្រាបៀរអង្គរចំនួន៥ដបមកផឹកផងដែរ ។ លុះពេលផឹកអស់ពីរដបជនរងគ្រោះខ្វះការប្រុងប្រយ័ត្នរវល់តែងាកឆ្វេងងាកស្តាំមិនបានចាប់អារម្មណ៍ ពីរនាក់ប្តីប្រពន្ធនោះបានលួចដាក់ថ្នាំងងុយដេកចំនួន១០គ្រាប់ចូលទៅក្នុងកែវស្រាឱ្យជនរងគ្រោះផឹក ។ លុះមួយសន្ទុះក្រោយមកជនរងគ្រោះបានដួលសន្លប់ក្រាបនៅលើតុបាយ ភ្លាមនោះជនសង្ស័យពីរនាក់ប្តីប្រពន្ធបម្រុងចេញយកម៉ូតូជិះគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ហាងសង្ស័យ ព្រោះអីពួកគេផឹកជល់កែវពីរនាក់ បែរជាស្រវឹងតែម្នាក់ និងផឹកស្រាបៀរអស់តិចមិនគួរស្រវឹងខ្លាំងបែបនេះឡើយ ។
ប្រភពដដែលបានបន្តទៀតថា ដោយសារមានការសង្ស័យ ម្ចាស់ហាងបានទូរស័ព្ទប្តឹងប៉ូលិសព្រហ្មទណ្ឌខណ្ឌដង្កោ ឱ្យចុះទៅពិនិត្យមើល និងឃាត់ខ្លួនចោរជើងឆើតទាំងពីរនាក់ប្តីប្រពន្ធនោះតែម្តង ។ ក្រោយពីឃាត់ខ្លួន ប៉ូលិសបានដកហូតយកម៉ូតូបានមកវិញ រួចបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ចំណែកឯជនសង្ស័យ២នាក់ប្តី-ប្រពន្ធត្រូវបាននាំទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
មន្ត្រីប៉ូលិសនិយាយថា ក្រុមជនសង្ស័យដាក់ថ្នាំយកម៉ូតូនេះកន្លងមកធ្លាប់ធ្វើសកម្មភាពបានសម្រេចជាញឹកញាប់ និងមានវាសនាបានគេចខ្លួនរួចរហូត ទើបតែពេលនេះត្រូវអស់លក្ខណ៍ជាប់អន្ទាក់បែបនេះតែម្តង៕
ចែករំលែកព័តមាននេះ