ខេត្តបន្ទាយមានជ័យ ៖ ស្រូវរាប់សិបតោនកំពុងត្រូវបានឈ្មួញខ្មែរសម្រុកនាំទៅលក់ឱ្យឈ្មួញសៀមយា៉ងគគ្រឹកគគ្រេងតាមច្រករបៀងទាំងយប់ទាំងថ្ងៃ ។ បើតាមការឱ្យដឹងពីលោកសួង មឿន មេឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា បច្ចុប្បន្នស្រូវនៅតែត្រូវឈ្មួញខ្មែរសម្រុកដឹកទៅលក់ឱ្យសៀមទាំងយប់ទាំងថ្ងៃ ហើយដោយសាររថយន្តដឹកស្រូវនេះបានធ្វើខូចផ្លូវស្ទើរតែទាំងស្រុង បង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ជុំវិញការនាំស្រូវទៅលក់ឱ្យឈ្មួញសៀមនេះស្ត្រីជាឈ្មួញកណ្តាលម្នាក់បានអះអាងថា គាត់បានប្រមូលទិញស្រូវពីខេត្តមួយចំនួនក្នុងប្រទេសទៅលក់ឱ្យឈ្មួញសៀមចាប់ពីខែសីហា ដល់ខែតុលា នេះ ព្រោះតែតម្លៃស្រូវឡើងថ្លៃរហូតគឺស្រូវសុម៉ាលី១តោនលក់បាន១២.៨០០បាត ស្រូវសែនក្រអូប ជាង១១.០០០បាត ឯស្រូវផ្សេងៗបានតម្លៃត្រឹមតែ១០.៥០០បាត ។ ស្ត្រីដដែលនេះបានប្រាប់បន្តថា កាលពីមុនខែសីហា ស្រូវមានតម្លៃថោកទេ ប៉ុន្តែគាត់មិនបានលំអិតពីតម្លៃឡើយ ។ គាត់ប្រាប់ថា មួយរយៈនេះឈ្មួញថៃបានកុំម៉ង់ទិញស្រូវច្រើន ប៉ុន្តែគាត់ពិបាករកទិញម្យ៉ាងផ្លូវដែលត្រូវដឹកជញ្ជូនបច្ចុប្បន្នក៏ពិបាកខ្លាំងណាស់ដែរ ។
អ្នកតាមដានពីសភាពការណ៍សេដ្ឋកិច្ចបាននិយាយថា រដ្ឋាភិបាលថ្មីរបស់ថៃបានអនុវត្តនយោបាយដំឡើងថ្លៃស្រូវក្នុងគោលបំណងលើកស្ទួយជីវភាពប្រជាកសិករ ដែលពីមុននេះស្រូវ១គីឡូក្រាមតម្លៃ១៣បាត តែពេលនេះមានតម្លៃ១៨បាត ដូច្នេះហើយទើបក្រុមឈ្មួញថៃបានសម្រុកទិញស្រូវពីប្រទេសជិតខាង ៕
ចែករំលែកព័តមាននេះ