ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវគេអះអាងថា ស្លាប់ ខណៈពេលចុះទៅមើលមងដែលដាក់នៅចំងាយពីភូមិ១.០០០ម៉ែត្រ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងែទី០៤ តុលា នៅភូមិរោលជ្រូក ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះឲ្យដឹងថាជនរងគ្រោះឈ្មោះ សន ទង អាយុ៥២ឆ្នាំនៅភូមិរោលជ្រូក មានកូនប្រុស ស្រីចំនួន៨នាក់ ។
លោកអធិការឲ្យដឹងទៀតថា ជនរងគ្រោះក្រោកពីព្រលឹមទៅមើលមងដែលដាក់នៅ ចំងាយពីភូមិ១.០០០ម៉ែត្រ។ នៅពេលនោះស្រាប់តែគេឃើញជនរងគ្រោះប្រកាច់ក្នុងទឹក ក៏រត់ទៅប្រាប់ប្រពន្ធ។ ពេលប្រពន្ធទៅដល់អូសឡើងលើគោកបុរសជាប្តីស្លាប់បាត់ទៅហើយ ។ បើតាមការសន្និដ្ឋានជនរងគ្រោះខ្យល់គរ ទើបឈ្លក់ទឹកស្លាប់ ។ សាកសពក្រោយពីត្រួតពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
តាមព័ត៌មានទទួលបាននៅវេលាម៉ោង៣រសៀល ថ្ងៃទី៤ តុលា គណៈកម្មការគ្រោះមហន្តរាយបាននាំយកថវិកាចំនួន២លានរៀល, អង្ករ៥០គីឡូក្រាម រួមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតយកទៅប្រគល់ជូនក្រុមគ្រួសារសព អនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជារាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ