ខេត្តប៉ៃលិន ៖ យុវជនម្នាក់បានបើករថយន្តម៉ាកកាមរី ស៊េរី១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2D-0485 ក្នុងល្បឿនលឿន ហើយជាន់ហ្វ្រាំងអូសកង់បណ្តាលឱ្យរថយន្តហក់ក្រឡាប់ចំនួន២ត្រឡប់ នៅមុខវិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិត ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ តុលា វេលាម៉ោង១០និង១២នាទីព្រឹក។ អ្នកបើកបររថយន្តឈ្មោះញឹក សុខា អាយុ២៥ឆ្នាំ រស់នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ជាកសិករ។
យុវជនឈ្មោះញឹក សុធី ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវជាប្អូនប្រុស អ្នកបើកបររថយន្តក្រឡាប់នេះបាននិយាយថា បងប្រុសរបស់ខ្លួនបានសុំលុយម្តាយមួយចំនួន តែម្តាយមិនឱ្យពេលនោះបងប្រុសមួម៉ៅយ៉ាងខ្លាំង រួចដើរចេញបាត់ទៅ។ ប្រភពបានបន្តថា បន្ទាប់មកខ្លួនក៏ចេញទៅសាលារៀនដែរ ហើយពេលចេញមកវិញ នៅម៉ោងប្រហែល១០និង៣០នាទីព្រឹក នៅតាមផ្លូវជាតិមុខសាលារៀន ស្រាប់តែឃើញមានមនុស្សចោមរោមមើល ខ្លួនបានចូលទៅមើលដែរក៏ឃើញរថយន្តរបស់ឪពុក ដោយគេប្រាប់ថា អ្នកបើកបរត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
តាមព័ត៌មានពីលោកយ៉ូវ ឃិន ប្រធានផ្នែកចរាចរណ៍ផ្លូវគោកក្រុងបាននិយាយថា រថយន្តកាមរីនេះបានបើកក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុបានជាន់ហ្វ្រាំងអូសកង់ ធ្វើឱ្យរថយន្តនេះ ហោះក្រឡាប់នៅលើចិញ្ចើមថ្នល់ចំនួន២ត្រឡប់ ហើយធ្លាក់ចូលទៅក្នុងប្រឡាយមាត់លូ បង្កឱ្យបែកមាត់លូអស់មួយចំហៀង និងភ្លើងស៊ីញ៉ូទាំងមុខ ក្រោយរថយន្តបែកខ្ទេច។ ចំណែកតួរថយន្តខូចខាតយ៉ាងដំណំ។ ប្រភពបានបន្តថា ក្រោយហេតុការណ៍អ្នកបើកបរត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងសភាពធ្ងន់ធ្ងរដោយបែកក្បាលនិងមានហូរឈាមតាមត្រចៀក ផង ហើយរថយន្តត្រូវបានយកទៅរក្សាទុកនៅស្នងការខេត្ត។
សាក្សីម្នាក់បាននិយាយថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងបានបើកបោះពួយយ៉ាងលឿនទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវជាតិ ដោយវ៉ាគេឯងហើយក៏ជាន់ហ្វ្រាំងអូសកង់បណ្តាលឱ្យរថយន្តនោះក្រឡាប់២ត្រឡប់ដេកក្បែរចិញ្ចើមថ្នល់។
សាក្សីបានបន្តថា នេះសំណាងហើយ ដែលសិស្សមិនទាន់ចេញមកពីសាលារៀននៅឡើយ ហើយផ្លូវថ្នល់នៅចំណុចនោះក៏មិនមានមនុស្សធ្វើចរាចរណ៍។ លោកស៊ូ វិចិត្រ ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាននិយាយថា អ្នកបើកបរបានរងរបួសធ្ងន់ធ្ងរដេរមុខរបួសស្ទើរតែពេញរាងកាយអស់ជាង១០០ថ្នេរ ជាពិសេសមានការប៉ះទង្គិចខ្លាំងនៅផ្នែកក្បាល។ តាមព័ត៌មានថា អ្នកបើកបរអាចងើបអង្គុយបាន តែនៅមិនទាន់ដឹងថា យ៉ាងណានៅឡើយទេ ព្រោះស្ថិតនៅក្នុងការតាមដាន និងពិនិត្យពីគ្រូពេទ្យនៅឡើយ៕
ចែករំលែកព័តមាននេះ